អ្នកវិភាគសង្គម និងសហជីពថា ក្រៅពីការពារសិទ្ធិឱ្យកម្មករ សហជីពគួរតែជាអ្នកទាក់ទាញវិនិយោគិន
ភ្នំពេញ៖ អ្នកវិភាគសង្គម និងសហជីពនៅកម្ពុជាមួយចំនួនបានមើលឃើញថា សហជីពមិនត្រឹមតែជាអ្នកការពារសិទ្ធិនិងផលប្រយោជន៍ជូនកម្មករប៉ុណ្ណោះទេ ប៉ុន្តែសហជីពគួរមានតួនាទី ជំរុញឱ្យមានសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ និងរួមចំណែកក្នុងការអភិវឌ្ឍការងារសមរម្យ បង្កើនផលិតភាព និងការវិនិយោគនៅកម្ពុជា។
អ្នកវិភាគសង្គម បណ្ឌិត យង់ ពៅ បានលើកឡើងថា សហជីពនៅកម្ពុជាមិនទាន់អនុវត្តតាមច្បាប់ដែលមានចែង១០០ភាគរយនៅឡើយទេ ដែលការនេះលោកបានជំរុញឱ្យសហជីពទាំងជាង៦ ០០០នៅកម្ពុជាពិចារណាពីថែរក្សាការវិនិយោគ និងការពារវិនិយោគដែលមានស្រាប់ក្នុងប្រទេសដើម្បីរក្សាការងារជូនប្រជាពលរដ្ឋប្រមាណជាង៨០ម៉ឺននាក់។
លោកបានសង្កត់ធ្ងន់ថា៖«ជាពិសេសនៅក្នុងស្ថានការសេដ្ឋកិច្ចកំពុងមានបញ្ហាដូចពេលបច្ចុប្បន្ននេះ ការចេញរបាយការណ៍របស់(សហជីព)ទៅខាងក្រៅត្រូវមានការប្រយ័ត្នប្រយែងដែលអាចធ្វើឱ្យប៉ះពាល់ទៅដល់សេដ្ឋកិច្ចជាតិ និងអ្នកវិនិយោគ ។ក្នុងន័យនេះគឺជាតិរបស់យើងខូចខាត ហើយយើងខាតទាំងអស់គ្នា»។
បណ្ឌិត យង់ ពៅ ដែលមានតួនាទីជាអគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាផងនោះ បានកត់សម្គាល់ថា សហជីពគួរតែជាភាគីដែលអាចធ្វើការជាមួយគ្នាដោយចុះសម្រុងគ្រប់ទិដ្ឋភាពជាមួយរដ្ឋាភិបាលបានដោយមិនគួរជះទឹកដាក់គ្នា ឬវាយប្រហារគ្នាដែលធ្វើឱ្យខូចប្រយោជន៍កម្មករដែលជាអ្នកទទួលផលចុងក្រោយនោះទេ ត្បិតអីសហជីពក៏ធ្វើការដើម្បីប្រយោជន៍កម្មករនិងសង្គមជាតិទាំងមូលផងដែរ។ ក្នុងន័យនេះ លោកបានស្នើឱ្យទាំងសហជីព និងរដ្ឋាភិបាលគួរតែមានយន្តការសម្របសម្រួល និងដោះស្រាយបញ្ហាដែលបានកើតឡើងមួយជំហានជាមុនសិន មុននឹងឈានដល់ការប្រើយន្តការសារព័ត៌មាន និងរបាយការណ៍បរិហារដែលមិនចំណេញដល់មុខមាត់កម្ពុជានោះទេ។ ប្រការនេះ នឹងនាំឱ្យកេរ្តិ៍ឈ្មោះកម្ពុជាមិនល្អដែលជះឥទ្ធិពលដល់ការទាក់ទាញការវិនិយោគ។
លោកបញ្ជាក់ថា៖«បើមិនប្រយ័ត្នប្រយែងនោះទេ នោះគឺវាយឆ្នាំងបាយធំហើយ ប៉ះពាល់ការវិនិយោគ ។ ក្នុងលក្ខខណ្ឌនេះបណ្តាប្រទេសខាងក្រៅគេមានសណ្តាប់ធ្នាប់ជាងយើង នោះអ្នករកស៊ីគេរត់ទៅបណ្តាប្រទេសទាំងនោះហើយពីព្រោះប្រទេសទាំងនោះគេមានស្ថារភាពលើការគ្រប់គ្រងកម្មករហើយគេមានសុវត្ថិភាពជាង»។
ក្រៅពីអ្នកវិភាគសង្គមប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (ស៊ីខៅឌូ) លោក គង់ អាទិត្យ ក៏បានកត់សម្គាល់ពីតួនាទីស្រដៀងគ្នានេះដែរថា ក្រៅតែពីដើរតួនាទីក្នុងការការពារសិទ្ធិរបស់បងប្អូនកម្មករនិយោជិតតាមរោងចក្រ សហគ្រាស សហជីព ក៏ត្រូវប្រកាន់ខ្ជាប់ផងដែរក្នុងការជួយពង្រឹង និងបង្កឱ្យមាននិរន្តរភាពវិស័យការងារនៅកម្ពុជាដូចដែលមានចែងក្នុងច្បាប់កម្ពុជាស្តីពីសហជីពផងដែរ។
លោកបន្តថា៖ «ពិតណាស់សហជីព ឈរនិងតំណាងកម្មករនិយោជិតនៅតាមបណ្តារោងចក្រនៅក្នុងស្រុកក៏ប៉ុន្តែបើតាមសកម្មភាពកន្លងមកបណ្តាសហជីពទាំងនោះក៏បានបង្កបញ្ហាឈឺក្បាលរវាងនិយោជក និងនិយោជិតដែលអាចប៉ះពាល់ជាប្រយោលដល់ស្ថិរភាពការងាររបស់កម្មកផងដែរ»។
ប្រធានសហជីពរូបនេះ ក៏បានលើកត្រង់ៗថា សហជីពមួយចំនួនទទួលប្រាក់ឧបត្ថមមួយភាគពីបរទេសដែលបង្កបង្កើតបញ្ហាជាមួយបណ្តាថៅកែក្រុមហ៊ុនដោយដឹកនាំបាតុកម្មទាមទារនេះ ទាមទានោះ ឥតឈប់ឈរហើយមានគំនិតខ្វែងជាមួយនិយោជកដែលនាំឱ្យប៉ះពាល់ដល់ការវិនិយោគផងដែរ។
លោកបន្តថា ប្រសិនបើសហជីពប្រកាន់ខ្ជាប់នូវតួរនាទីខុស និងជ្រុល ហើយគិតផលប្រយោជន៍ខ្លួនឯង នឹងនាំឱ្យបាត់ប្រយោជន៍រួមលើវិស័យការងារនៅកម្ពុជា ។
លោកបន្ថែម៖«យើងក៏ត្រូវគិតពីអ្នកវិនិយោគដែរ បើយើងគិតតែពីប្រឆាំងជាមួយគាត់ (និយោជក) បង្កបញ្ហាឈឺក្បាលដល់គាត់ប្រាកដណាស់គេរត់ចេញអស់ហើយ និងគ្មានអ្នកណាចង់មករកស៊ីជាមួយយើងនោះទេ ។ ពិតណាស់ការការពារសិទ្ធិពលរដ្ឋសំខាន់ តែយើងត្រូវគិតគូរអោយបានវែងឆ្ងាយ និងពិភាក្សាគ្នាដោយសន្តិវិធីក្នុងនាមជាអ្នកតំណាងអោយកម្មករនិយោជិត»។
គួរជម្រាបថា ច្បាប់ស្តីពីសហជីពដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី៤ មេសា ២០១៦ ត្រូវបានបង្កើតឡើងដើម្បីធានានូវលំហសិទ្ថិសេរីភាពក្នុងការបង្កើតអង្គការវិជ្ជាជីវៈ និងធានានូវសិទ្ធិសេរីភាពក្នុងការចរចាជាសមូហភាពរវាងកម្មករ និយោជិត និងនិយោជក ហើយច្បាប់ដដែលនេះ បានជំរុញឱ្យមានសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ និងរួមចំណែកក្នុងការអភិវឌ្ឍការងារសមរម្យ បង្កើនផលិតភាព និងការវិនិយោគ៕
ដោយ៖ វង្ស ដារាវ៉ាឌី