ឡាវ ចង់សិក្សាស្វែងយល់ពីរចនាសម្ព័ន្ធ និងដំណើរការប្រតិបត្តិការក្នុងវិស័យសកម្មភាពមីនកម្ពុជា
ភ្នំពេញ៖ នៅក្នុងជំនួបទ្វេភាគីរវាងអង្គភាពកំចាត់មីនកម្ពុជា(CMAC) និងអាជ្ញាធរសកម្មភាពមីនប្រទេសឡាវ(NRA)ភាគីឡាវ បានបង្ហាញចំណាប់អារម្មណ៍ ចង់សិក្សាស្វែងយល់ពីរចនាសម្ព័ន្ធ និងដំណើរការប្រតិបត្តិការក្នុងវិស័យសកម្មភាពមីននៅកម្ពុជាដែលបានអនុវត្តទទួលបានជោគជ័យនាពេលកន្លងទៅ។
ការលើកឡើងនេះនៅក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC)និងឯកឧត្តម Chomyaeng Phengthongsawat អគ្គនាយកអាជ្ញាធរសកម្មភាពមីនប្រទេសឡាវ(NRA) និងគណៈប្រតិភូនាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣។
ប្រភពCMAC បានបញ្ជាក់ថា តាមរយៈនៃជំនួបពិភាក្សានេះ ភាគីឡាវមានបំណងសិក្សាស្វែងយល់ពីរចនាសម្ព័ន្ធ នីតិវិធី និងគោលការណ៍នៃដំណើរការប្រតិបត្តិការក្នុងវិស័យសកម្មភាពរបស់អង្គភាពស៊ីម៉ាក់ដែលជាស្ថាប័នជាតិ ឈានមុខគេនៅក្នុងប្រទេសកម្ពុជា ។ លោក Chomyaeng Phengthongsawat ក៏បានស្នើសុំឱ្យមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមករវាងអង្គភាពទាំងពីរនៅពេលអនាគត និងបានអញ្ជើញប្រតិភូនិងមន្រ្តីជំនាញអង្គភាពCMACទៅបំពេញទស្សនកិច្ចនៅអាជ្ញាធរសកម្មភាពមីនប្រទេសឡាវក្នុងពេលឆាប់ៗនេះផងដែរ។
ទាក់ទងនឹងជំនួបនេះ ឯកឧត្តម ហេង រតនា បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃដដែលនោះថា ប្រតិភូនៃអាជ្ញាធរសកម្មភាពមីនប្រទេសឡាវ(NRA)បានជួបពិភាក្សា និងចែករំលែកបទពិសោធគ្នា ជាពិសេសភាគីឡាវមានបំណងចង់រៀនសូត្រពីCMAC ក្នុងការជំរុញ ការគ្រប់គ្រងការងារ និងការធានាគុណភាពនៃកិច្ចសហប្រតិបត្តិការជាដើម។
លោកមានប្រសាសន៍ថា ៖ «កន្លងមកនេះ យើងបានផ្តល់ការហ្វឹកហ្វឺនជាពិសេសដល់ភាគីឡាវ ហើយនៅក្នុងការងារហ្វឹកហ្វឺននេះដែរនៅចុងឆ្នាំ ២០២៣នេះ យើងនឹងឈានដល់ដំណាក់កាលទី៣ហើយ ហើយគាត់បានសំណូមពរឱ្យយើងបន្តជួយពង្រឹងសមត្ថភាពធនធានរបស់NRA របស់គាត់បន្តទៀតដែរ»។
បើតាមការបញ្ជាក់របស់ឯកឧត្តម ហេង រតនា បានឱ្យដឹងដែរថា កម្ពុជាបានបញ្ជូនកម្លាំងរបស់CMAC ទៅហ្វឹកហ្វឺនជាហូរហែនៅប្រទេសឡាវ ហើយខាងភាគីឡាវក៏បានបញ្ជូនមន្រ្តីជំនាញរបស់គាត់មកហ្វឹកហ្វឺននៅប្រទេសកម្ពុជា ផ្ទាល់ដែរ។
បើតាមCMAC ប្រតិភូនៃNRA នឹងមានដំណើរទស្សនកិច្ចនៅការដ្ឋានបោសសម្អាតមីននៅខេត្តបាត់ដំបង ដើម្បីស្វែងយល់បន្ថែមពីកិច្ចប្រតិបត្តិការបោសសម្អាតមីនរបស់អង្គភាពស៊ីម៉ាក់ផងដែរ៕
ដោយ៖ នាង សុគន្ធា