រដ្ឋមន្ត្រីអប់រំ និងប្រធាន ACU ដឹកនាំកិច្ចប្រជុំណែនាំបច្ចេកទេស ដល់គណៈមេប្រយោគ សម្រាប់ការប្រឡងបាក់ឌុប ថ្ងៃទី៦ វិច្ឆិកា ២០២៣
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានដឹកនាំកិច្ចប្រជុំណែនាំបច្ចេកទេស ដល់គណៈមេប្រយោគ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ នៅសាលសន្និសីទនៃវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
កិច្ចប្រជុំនេះរៀបចំឡើងដើម្បីណែនាំគណៈមេប្រយោគទូទាំងប្រទេស ប្រធានគណៈកម្មការអប្បមាទទូទាំងប្រទេស និងប្រធានមណ្ឌលសំណេរ អំពីបច្ចេកទេសសម្រាប់ដំណើរការសំណេរ តួនាទីភារកិច្ច គណៈមេប្រយោគទាំងអស់ ដែលត្រូវអនុវត្តក្នុងការប្រឡងសម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ក៏ដូចជាមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយទាំងអស់ ដែលតែងជួយគាំទ្រដល់ដំណើរការប្រឡងមធ្យមសិក្សាទុតិយភូមិ និងបានរួមចំណែកជំរុញឲ្យដំណើរការនៃកំណែទម្រង់ក្នុងវិស័យអប់រំទទួលបានជោគជ័យ។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានកោតសរសើរ និងថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា គ្រប់ជាន់ថ្នាក់ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងចូលរួមក្នុងការអនុវត្ត កំណែទម្រង់ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដែលជាផ្នែកមួយដ៏សំខាន់ ជំរុញឱ្យការប្រឡងដំណើរការទៅបាន ដោយរលូនតាមការគ្រោងទុក។
គួរបញ្ជាក់ដែរថាសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិរយៈពេល២ថ្ងៃ គឺថ្ងៃទី៦និងថ្ងៃទី៧ខែវិច្ឆិកា ឆ្នាំ២០២៣ មានមណ្ឌលប្រឡងសរុប ២២៧មណ្ឌល ត្រូវជា៥.៥៤៣បន្ទប់ បេក្ខជនចុះឈ្មោះប្រឡងសរុប ១៣៧.៤១២នាក់ ស្រី៧៣.២៧៨នាក់។ គណៈមេប្រយោគ និងគណៈកម្មការផ្សេងៗដែលត្រូវចូលរួមក្នុងដំណើរការប្រឡងគ្រប់ដំណាក់កាលសរុប២៩.៥២៥នាក់ក្នុងនោះ ថ្នាក់ក្រសួង៤.១២៦នាក់ និងថ្នាក់រាជធានីខេត្ត ២៥.៣៩៩នាក់។
ដើម្បីធានាបានថា ការប្រឡងប្រព្រឹត្តទៅដោយរលូនក្រសួង បានពង្រឹងកិច្ចសហការយ៉ាងស្អិតរមួតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួន៦គឺ៖ ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ អគ្គិសនីកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា៕
ដោយ-រ៉ាវុធ