លោក ពូទីន៖ លោកខាងលិចរងការឈឺចាប់ខ្លួនឯង ជាមួយនឹងការដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ី
មូស្គូ៖ មេដឹកនាំរុស្ស៊ីនិយាយថា ការរឹតត្បិតរបស់លោកខាងលិចបានបរាជ័យ ក្នុងការបង្កើនសម្ពាធសេដ្ឋកិច្ចប្រឆាំងនឹងប្រទេសរុស្ស៊ី។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និយាយក្នុងអំឡុងកិច្ចប្រជុំរដ្ឋាភិបាលនៅថ្ងៃពុធសប្តាហ៍នេះថា ការដាក់ទណ្ឌកម្មរបស់លោកខាងលិចលើរុស្ស៊ីបានទទួលផលតបស្នង និងប៉ះពាល់ដល់ប្រទេសពួកគេជំនួសវិញ។
លោក ពូទីន បានគូសបញ្ជាក់យ៉ាងដូច្នេះថា ក្នុងពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដៃគូររបស់យើងបានអនុម័តកញ្ចប់ទណ្ឌកម្មរាប់មិនអស់… ដោយព្យាយាមដាក់ទណ្ឌកម្មលើប្រទេសពួកយើង។ ទោះជាយ៉ាងណាក៏ដោយ នៅទីបញ្ចប់ ស្ថិតិបានបង្ហាញថា ទណ្ឌកម្មនោះបានប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសរបស់ពួកគេ និងការងារផ្ទាល់ខ្លួនរបស់ពួកគេជំនួសវិញ។ បន្ថែមលើនេះ លោក ពូទីន បានអំពាវនាវឱ្យមន្រ្តីរដ្ឋាភិបាលរបស់គាត់ ចាត់វិធានការទប់ស្កាត់អតិផរណាខ្ពស់ ខណៈលោកព្រមានថា សេដ្ឋកិច្ចរុស្ស៊ីបានប្រឈមនឹងការកើនឡើងសម្ពាធទណ្ឌកម្មពីលោកខាងលិច។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនជាច្រើន បានដាក់ការរឹតត្បិតយ៉ាងទូលំទូលាយលើរុស្ស៊ី ដើម្បីឆ្លើយតបទៅនឹងប្រតិបត្តិការយោធាដែលកំពុងបន្តនៅអ៊ុយក្រែន ដោយផ្តោតលើវិស័យហិរញ្ញវត្ថុ និងថាមពលរបស់រុស្ស៊ី ក្នុងចំណោមវិស័យផ្សេងៗទៀត។ ទន្ទឹមគ្នា បណ្តាប្រទេសនៅអឺរ៉ុបកំពុងប្រឈមមុខនឹងអតិផរណា ដែលបង្កឱ្យមានកូដកម្ម និងការតវ៉ាប្រឆាំងនឹងតម្លៃខ្ពស់នៃការរស់នៅក្នុងរដ្ឋមួយចំនួន រួមទាំងអង់គ្លេស បារាំង និងអាល្លឺម៉ង់។
នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បាននិយាយកាលពីដើមឆ្នាំនេះថា គោលនយោបាយដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបមិនដំណើរការទេ ដោយលើកហេតុផលថា ប្លុកអឺរ៉ុបកំពុងធ្វើឱ្យខូចខាតដល់ខ្លួនឯងទៅវិញទេ៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា