អូស្ត្រាលី បង្ហាញការគាំទ្រវេទិការវាងរាជរដ្ឋាភិបាល និងវិស័យឯកជននៅកម្ពុជា ដែលជាផ្នែកមួយជួយកែលម្អផ្នែកធុរកិច្ច

ភ្នំពេញ៖មន្រ្តីជាន់ខ្ពស់ប្រទេសអូស្ត្រាលីបង្ហាញការគាំទ្រវេទិការវាងរាជរដ្ឋាភិបាល និងវិស័យឯកជននៅកម្ពុជា(G-PSF)ដោយទទួលស្គាល់ថាកិច្ចសន្ទនារវាងវិស័យសាធារណៈ និងវិស័យឯកជនពិតជាមានសារសំខាន់ណាស់ក្នុងការធានាឱ្យមានបរិយាកាសអំណោយផល និងភាពរឹងមាំនៃវិស័យផ្នែកធុរកិច្ចនៅកម្ពុជា។

គួរជម្រាបថា កិច្ចប្រជុំពេញអង្គនៃវេទិការវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយវិស័យឯកជនលើកទី១៩ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនៅវិមានសន្តិភាព ក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

ការបញ្ជាក់នូវការគាំទ្ររបស់អូស្រ្តាលី បានធ្វើឡើងនៅក្នុងកិច្ចប្រជុំរវាងតំណាងស្ថានទូតអូស្ត្រាលីជា​មួយតំណាងមកពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងសភាពាណិជ្ជកម្មកម្ពុជា (CCC) ដែលស្ថាប័ន​ទាំងពីរមានតួនាទីជា លេខាធិការដ្ឋាននៃវេទិកាមួយនេះ។ នេះបើតាមការចុះផ្សាយរបស់ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា។

ប្រភពដដែលបញ្ជាក់ថា៖«តាមរយៈកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ចដ៏ធំរបស់យើងគឺ កម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) អូស្ត្រាលីកំពុងផ្តល់ការគាំទ្រផ្នែកបច្ចេកទេសក្នុងន័យជួយដល់វេទិកានេះ ក្នុងការបង្កើតវិធីសាស្រ្តអនុវត្តន៍ល្អប្រសើរមួយ និងធានាបាននូវការចូលរួមប្រកបដោយបរិយាបន្ន និង បម្រើប្រយោជន៍រួមសម្រាប់ប្រជាជនកម្ពុជាទាំងអស់»។

សេចក្តីប្រកាសព័ត៌មានស្តីពីជំនួបនោះបានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំនេះអូស្ត្រាលីបានទទួលស្គាល់ពីសារសំខាន់នៃការសន្ទនាបើកចំហររវាងវិស័យសាធារណៈ និងឯកជន ហើយបានរំឭកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគាំទ្រ G-PSF ជាវេទិកាចម្បងសម្រាប់ការសម្របសម្រួលកិច្ចសន្ទនានេះ។

សេចក្តីប្រកាសដដែលបន្តថា G-PSF ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៩ ហើយបានទទួលការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលីពីឆ្នាំ ២០០២ ដល់ឆ្នាំ ២០០៩ ក្នុងអំឡុងពេលនោះវាត្រូវបានទទួលស្គាល់ថាជាអ្នកដឹកនាំសកលលោកក្នុងការអនុវត្តន៍ល្អបំផុតនៃការសន្ទនាសាធារណៈ និងឯកជន។ ចាប់តាំងពីពេលនោះមក G-PSF បានពង្រីកពី ៦ ទៅ ១៤ ក្រុមការងារ ដោយបង្ហាញពីសារៈសំខាន់នៃការសន្ទនារបស់វិស័យឯកជន ដើម្បីកែលម្អបរិយាកាសបើកដំណើរការអាជីវកម្ម។

លោក Justin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា «វិស័យឯកជនរបស់កម្ពុជាមានសក្តានុពលខ្លាំងក្នុងការជួយដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា ហើយG-PSF គឺជាឧបករណ៍ដ៏មានតម្លៃសម្រាប់ដោះសោសមត្ថភាព និងសក្តានុពលនេះ ដោយជំរុញកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងរាជរដ្ឋាភិបាលកម្ពុជានិងក្រុមការងារដើម្បីដោះស្រាយ​បញ្ហា​ប្រឈម​របស់​វិស័យ​ឯកជន»៕

ដោយ៖ សុខ រក្សា

ads banner