ចិនថ្កោលទោសជប៉ុនសាជាថ្មី ចំពោះការបង្ហូរទឹកសំណល់ចេញពីរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ាជាលើកទី៣

ប៉េកាំង៖ ប្រទេសចិននៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានថ្កោលទោសប្រទេសជប៉ុនសាជាថ្មីម្ដងទៀត ចំពោះការបង្ហូរទឹកសំណល់ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ដែលចិនបានអះអាងថា ជាការគំរាមកំហែងយ៉ាងខ្លាំងដល់ប្រព័ន្ធអេកូឡូស៊ី និងអាយុជីវិតរបស់មនុស្ស។

ថ្លែងក្នុងសន្និសីទកាសែតមួយ អ្នកនាំពាក្យការបរទេសចិន លោក វ៉ាង វិនពីន ថ្លែងថា ទង្វើរបស់ជប៉ុននេះជាទង្វើមិនមានទំនួលខុសត្រូវ និងធ្វើឱ្យមានហានិភ័យក្នុងការបំពុលទឹកទូទាំងសកលលោក។ លោកបន្ថែមថា ចំពោះឧបទ្ទវហេតុដែលមានការខ្ទាតទឹកសំណល់វិទ្យុសកម្មទៅលើបុគ្គលិកក្នុងរោងចក្រ បានសបញ្ជាក់ឱ្យឃើញពីបញ្ហាក្នុងការគ្រប់គ្រងប្រតិបត្តិការរបស់រោងចក្រ។ កត្តានេះក៏បានជះឥទ្ធិពលដល់ការនាំចូលគ្រឿងសមុទ្រពីជប៉ុនចូលទៅកាន់ចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ជប៉ុនផងដែរ។

ចិនបានប្រកាសហាមឃាត់ការនាំចូលគ្រឿងសមុទ្រកាលពីខែសីហាម្ដងរួចមកហើយ។ យ៉ាងណាមិញ រដ្ឋាភិបាលជប៉ុននៅតែអះអាងថា កាកសំណល់ទឹកនេះពុំបានចោទជាបញ្ហាណាមួយដល់ប្រព័ន្ធអេកូឡូស៊ី ឬជីវិតមនុស្សឡើយ។
គួរបញ្ជាក់ថា ចាប់តាំងពីចុងខែសីហាមក ជប៉ុនចាប់ផ្ដើមបង្ហូរកាកសំណល់ទឹកចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ។

កាកសំណល់ទឹកនេះ ជាទឹកវិទ្យុសកម្មដែលត្រូវបានប្រើប្រាស់ក្នុងការបន្ថយសីតុណ្ហភាពរបស់ម៉ាស៊ីនរ៉េអាក់ទ័រ ដែលខូចក្នុងកំឡុងពេលមានគ្រោះរញ្ជួយដីឆ្នាំ២០១១។ នេះជាលើកទី៣ ហើយដែលជប៉ុនបង្ហូរកាកសំណល់ទឹកនេះទៅក្នុងសមុទ្រ បើទោះបីជាមានប្រតិកម្មពីសំណាក់ប្រទេសផ្សេងៗ ដូចជាមហាអំណាចចិន ក៏ដោយ៕

ប្រភព៖ RT ប្រែសម្រួលដោយ សាន ស្រីលក្ខណ៍

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner