សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មតួកគី ចិន និងអេមីរ៉ាត់អារ៉ាប់រួម ដោយចោទថា ជួយដល់សង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រកាសដាក់ទណ្ឌកម្មលើបុគ្គល និងក្រុមហ៊ុនជាច្រើននៅក្នុងប្រទេសតួកគី ចិន និងអេមីរ៉ាត់អារ៉ាប់រួម ដោយចោទប្រកាន់ពីបទជួយដល់សង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ដើម្បីបិទខ្ទប់ខ្សែសង្វាក់ផ្គត់ផ្គង់យោធារបស់រុស្ស៊ី។

ក្រសួងរតនាគារអាមេរិកបញ្ជាក់ថា ការដាក់ទណ្ឌកម្មចុងក្រោយបំផុតនេះ កំណត់គោលដៅថ្មីលើបុគ្គល និងក្រុមហ៊ុនចំនួន ១៣០។ ចំណាត់ការនេះធ្វើឡើងចំពេលដែលរុស្ស៊ីជួបកង្វះបច្ចេកវិទ្យាផលិត, ឧបករណ៍ និងទំនិញផ្សេងទៀតដែលខ្លួនត្រូវការសម្រាប់យោធា ដោយពឹងផ្អែកលើអ្នកផ្គត់ផ្គង់នៅប្រទេសផ្សេងទៀត ដើម្បីទទួលបានវត្ថុទាំងនេះ។

ទន្ទឹមគ្នា រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោកស្រី Janet Yellen បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រុស្ស៊ីពឹងផ្អែកលើបុគ្គល និងអង្គភាពរបស់ប្រទេសទីបី ដែលមានឆន្ទៈក្នុងការផ្គត់ផ្គង់ឧបករណ៍យោធារបស់ខ្លួនឡើងវិញ ដើម្បីបន្តសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន ហើយយើងនឹងមិនស្ទាក់ស្ទើរក្នុងការធ្វើឱ្យពួកគេទទួលខុសត្រូវឡើយ។

បើតាមក្រសួតរតនាគារអាមេរិក រុស្ស៊ីកំពុងកេងប្រវ័ញ្ច “ទំនាក់ទំនងសេដ្ឋកិច្ចស្របច្បាប់” ជាមួយប្រទេសដទៃទៀត និងថា អង្គភាពនៅក្នុងប្រទេសចិន តួកគី និងអេមីរ៉ាត់អារ៉ាប់រួម កំពុងបញ្ជូនទំនិញដែលរុស្ស៊ីត្រូវការ មានដូចជាសមាសធាតុសំខាន់ៗ ដែលទីក្រុងម៉ូស្គូពឹងផ្អែកសម្រាប់ប្រព័ន្ធសព្វាវុធរបស់ខ្លួន។
គួរបញ្ជាក់ថា រុស្ស៊ីបានលុកលុយប្រទេសជិតខាងខ្លួន (អ៊ុយក្រែន) ក្នុងខែកុម្ភៈ ឆ្នាំ២០២២ ដែលបង្កឱ្យមានជម្លោះដ៏ធំបំផុតនៅអឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទីពីរ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner