គណៈកម្មាធិការជាតិសម្រាប់ការត្រៀមចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច បានបើកកិច្ចប្រជុំលើកដំបូង

ភ្នំពេញ៖ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការត្រៀមចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច បានអញ្ជើញបើកកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មាធិការជាតិសម្រាប់ការត្រៀមចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ទីនៅស្តីការក្រសួងផែនការ នារសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

កិច្ចប្រជុំនេះ មានគោលបំណងដើម្បីប្រកាសនូវសមាសភាពគណៈកម្មាធិការជាតិសម្រាប់ការត្រៀមចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ដែលទើបទទួលបានការតែងតាំងពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈសេចក្តីសម្រេចលេខ ១៣៦ សសរ ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ដើម្បីធានាភាពរលូន ភាពធន់ និងចីរភាពនៃដំណើរការចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច។

កិច្ចប្រជុំក៏បានពិភាក្សាគ្នាផងដែរ ក្នុងការបង្កើតក្រុមការងារបច្ចេកទេសអន្តរក្រសួង ដើម្បីជួយការងារដល់គណៈកម្មាធិការជាតិសម្រាប់ការត្រៀមចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ក៏ដូចជាការត្រៀមខ្លួនផងដែរសម្រាប់ការចូលរួមកិច្ចប្រជុំពិភាក្សាទេ្វភាគីជាមួយប្រព័ន្ធអង្គការសហប្រជាជាតិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ។

ជាមួយគ្នានេះ ឯកឧត្តមប្រធានគណៈកម្មាធិការបានបញ្ជាក់ជូនអង្គប្រជុំថា កាលពីឆ្នាំ២០២១ ការិយាល័យអ្នកសម្របសម្រួលនៃអង្គការសហប្រជាជាតិប្រចាំនៅប្រទេសកម្ពុជា បានជូនព័ត៌មានថា កម្ពុជាបំពេញបាននូវលក្ខណៈវិនិច្ឆ័យទាំង៣ លើកទីមួយ ដើម្បីត្រៀមខ្លួនចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច។ លក្ខណៈវិនិច្ឆ័យទាំង៣ ដែលវាយតម្លៃដោយ គណៈកម្មាធិការគោលនយោបាយអភិវឌ្ឍន៍ របស់អង្គការសហប្រជាជាតិ (UN Committee for Development Policy, CDP) រួមមាន៖
១.ប្រាក់ចំណូលជាតិសរុបសម្រាប់មនុស្សម្នាក់ (Gross National Income, GNI, per capita) ត្រូវធំជាង១.២២២ដុល្លារ។ កម្ពុជាមានប្រាក់ចំណូលជាតិសរុបសម្រាប់មនុស្សម្នាក់ ស្មើនឹង ១.៣៧៧ដុល្លារ នៅឆ្នាំ២០២១។
២.សន្ទស្សន៍ធនធានមនុស្ស (Human Assets Index, HAI) ត្រូវមានតម្លៃស្មើឬធំជាង៦៦។ កម្ពុជាទទួលបានពិន្ទុ ៧៤,៣។
៣.សន្ទស្សន៍ភាពងាយរងគ្រោះសេដ្ឋកិច្ចនិងបរិស្ថាន (Economic and Environmental Vulnerability Index, EVI) ត្រូវមានតម្លៃស្មើឬតូចជាង៣២។ កម្ពុជាទទួលបានពិន្ទុ ៣០,៦។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ជាមួយនឹងការវាយតម្លៃខាងលើ ស្ថាប័នអង្គការសហប្រជាជាតិ នឹងវាយតម្លៃប្រទេសកម្ពុជាជាថ្មីម្តងទៀតនៅឆ្នាំ២០២៤ គឺគណៈកម្មាធិការគោលនយោបាយអភិវឌ្ឍន៍ នឹងវាយតម្លៃអំពីលក្ខណៈវិនិច្ឆ័យទាំង៣ ជាលើកទីពីរ និងសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ ( Conference on Trade and Development, UNCTAD) នឹងវាយតម្លៃអំពីស្ថានភាពនៃភាពងាយរងគ្រោះរបស់កម្ពុជា (Vulnerability Profile of Cambodia)។ ក្នុងករណីដែលប្រទេសកម្ពុជាទទួលបានជោគជ័យនៅក្នុងការវាយតម្លៃលើកទីពីរនេះ ប្រទេសកម្ពុជានឹងមានពេល៣ឆ្នាំ ឬ ៥ឆ្នាំ សម្រាប់ត្រៀមខ្លួនចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ពោលគឺនៅឆ្នាំ២០២៧ ឬ២០២៩ កម្ពុជានឹងចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងផែនការ

ads banner