កម្ពុជានិងសិង្ហបុរីចុះហត្ថលេខាលើពិធីសារ (Video Inside)

តំណាងរដ្ឋាភិបាល នៃប្រទេសកម្ពុជា និងសិង្ហបុរី បានចុះហត្ថលេខាលើពិធីសារមួយដើម្បីធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ស្តីពី «ការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេង បន្លំពន្ធ ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូលDTA»។

ពិធីចុះហត្ថលេខាលើ «ពិធីសារទី២» ត្រូវបានចុះហត្ថលេខាដោយលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកអគ្គរដ្ឋទូតសិង្ហបុរី លោកស្រី តេអូ ឡាយឆេង Teo Lay Cheng នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

«កិច្ចព្រមព្រៀង DTA កម្ពុជា-សិង្ហបុរី» ត្រូវបានចុះហត្ថលេខានៅថ្ងៃទី ២០ ខែមេសា ឆ្នាំ២០១៦ ហើយបានចូលជាធរមាន និងមានប្រសិទ្ធភាពអនុវត្តចាប់តាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨។

គោលបំណងនៃការចុះហត្ថលេខានេះ គឺដើម្បីធ្វើវិសោធនកម្មទៅលើកិច្ចព្រមព្រៀង DTA កម្ពុជា-សិង្ហបុរី ឱ្យមានសង្គតិភាពជាមួយបទដ្ឋានអន្តរជាតិ ដែលត្រូវបានវិវត្តចុងក្រោយ ជាពិសេសនៅក្រោមក្របខ័ណ្ឌបរិយាប័ន្នរបស់អង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច OECD សម្រាប់ប្រឈមនឹងការបន្ថយមូលដ្ឋានគិតពន្ធ និងការបង្វែរប្រាក់ចំណេញ។

ads banner