កម្ពុជាប្តេជ្ញាចូលរួមដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ (Video Inside)

កម្ពុជាបានប្តេជ្ញាចូលរួមការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ផ្អែកតាមផែនការយុទ្ធសាស្រ្ត និងការអនុវត្តសកម្មភាពប្រកបដោយការតាំងចិត្តខ្ពស់។

ការប្តេជ្ញាចិត្តនេះ បានលើកឡើងដោយរដ្ឋមន្ត្រីក្រសួងបរិស្ថានលោក អ៊ាង សុផល្លែត ក្នុងឱកាសបើកកិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុកម្ពុជាឆ្នាំ២០២៣ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ខេត្តសៀមរាប។

ក្រុមអ្នកជំនាញបានរាយការណ៍ថា ភាពប្រែប្រួលអាកាសធាតុបង្កឡើងដោយមនុស្សលោក បានធ្វើឱ្យពិភពលោករងនឹងការកើនឡើងកម្តៅបង្កការឆេះព្រៃ, ការជួបប្រទះគ្រោះទុរ្ភិក្ស, គ្រោះទឹកជំនន់ និងបង្កគ្រោះមហន្តរាយធ្ងន់ធ្ងរចំពោះពិភពលោក។

រដ្ឋមន្រ្តីបរិស្ថានកម្ពុជាបានថ្លែងថា ថ្វីបើកម្ពុជាមិនបានចូលរួមបង្កឱ្យមានការប្រែប្រួលអាកាសធាតុក្តី តែកម្ពុជាបានប្តេជ្ញាចិត្តខ្ពស់ ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងបានកំពុងដាក់ចេញនូវសកម្មភាពជាបន្តបន្ទាប់ ដើម្បីដោះស្រាយវិបត្តិអាកាសធាតុនេះ ទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ តាមរយៈការដាក់ចេញផែនការយុទ្ធសាស្រ្តរបស់ខ្លួន។

លោករដ្ឋមន្ត្រីបានថ្លែងបញ្ជាក់ថា យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ មុំទី៤ របស់រាជរដ្ឋាភិបាល អាណ្ណត្តិទី៧ បានផ្តោតលើការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមផ្សេងៗ និងភាពមិនប្រាកដប្រជា នៃសកលភាវូបនីយកម្ម និរន្តរ ភាពបរិស្ថាន និងការប្រែប្រួលអាកាសធាតុ។

ads banner