កីឡាវាយសីកម្ពុជាទទួលមេដាយមាស (Video Inside)

ក្រុមអត្តពលិកកីឡាវាយសីកម្ពុជា បានដណ្ដើមមេដាយមាសដំបូង ក្នុងព្រឹត្តិការណ៍វាយសី ជើងឯកយុវជនអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ។

ព្រឹត្តិការណ៍វាយសីជើងឯកយុវជនអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ ដែលបានធ្វើតាំងពីថ្ងៃចន្ទរហូត ដល់ថ្ងៃសុក្រសប្តាហ៍នេះ បានចូលរួមពីកីឡាវ័យក្មេង មកពីប្រទេសទីម័រខាងកើត, កម្ពុជា, ឡាវ និងមីយ៉ាន់ម៉ា ដែលមានការបែងចែកជា២ក្រុម គឺក្រុមមួយសម្រាប់វ័យក្រោម១៥ឆ្នាំ និងមួយក្រុមទៀតវ័យក្រោម១៧ឆ្នាំ។ ប្រទេសប្រុយណេបានមកចូលរួមផងដែរ ប៉ុន្តែបានរបូតចេញពីការប្រកួតតាំងពីពេលចាប់ផ្តើមប្រកួតនោះមក។

នៅថ្ងៃទី៣ ខែវិច្ឆិកានេះ កីឡាការីនីកម្ពុជា បានឈ្នះ កីឡាការីនីប្រទេសទីម័រខាងកើត លើវិញ្ញាសាវាយគូនារីអាយុក្រោម ១៧ឆ្នាំក្នុងវគ្គផ្តាច់ព្រ័ត។

កីឡាការិនី លឿង ម៉ាលីនិច្ច និង សុខ សុម៉ាលីតា របស់កម្ពុជា បានឈ្នះលើក្រុមកីឡាការិនីទីម័រខាងកើត ដែលមានឈ្មោះ រីហាណា ដាកូស្តា និងកីឡាការិនី ម៉ារៀ ហ្វាទីម៉ា ពីនតូ ដាកូស្តា ក្នុងលទ្ធផល ២ទល់នឹងសូន្យ នាពហុកីឡដ្ឋានជាតិមរតកតេជោ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអបអរសាទរចំពោះកីឡាការីនីកម្ពុជា ដែលបានឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍ប្រកួតជាអន្តរជាតិនេះ។

គិតចាប់តាំងពីថ្ងៃបើករហូតដល់ថ្ងៃចុងក្រោយបញ្ចប់នៅថ្ងៃសុក្រនេះ កម្ពុជាបានឈ្នះមេដាយ សរុប ១៤គ្រឿង ក្នុងនោះរួមមានមេដាយមាស១, មេដាយប្រាក់៦ និងមេដាយសំរិទ្ធ៧គ្រឿង។

ads banner