ឯកឧត្តម លី កុសល៖ ការប្រកួតវាយសីជើងឯកយុវជនអាស៊ីគ្នេយ៍ បញ្ចប់ដោយមោទនភាពទទួលបានការកោតសសើរពីបណ្តាប្រទេសអាស៊ាន
(ភ្នំពេញ)៖ ថ្លែងប្រាប់អ្នកព័ត៌មានក្រោយបញ្ចប់ការប្រកួត កីឡាវាយសីជើងឯកយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម១៥ និង១៧ឆ្នាំ ប្រចាំឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ឯកឧត្តម លី កុសល រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានថ្លែង បញ្ជាក់ថា តាមរយៈការប្រកួត៥ថ្ងៃនេះ កីឡាករកីឡាការិនីកម្ពុជាបានបង្ហាញសមត្ថភាពលេចធ្លោខ្លាំង បើទោះបីការហ្វឹកហាត់ត្រៀមខ្លួនក្នុងរយៈពេលខ្លីនិងមិនគ្រប់ជ្រុងជ្រោយទៅតាមការកំណត់យ៉ាងណាក្តី។
លោកថា ប្រតិភូបរទេសដែលដឹកនាំកីឡាករមកចូលរួមប្រកួត បានលើកសសើរអំពីសមត្ថភាពរីកចំរើនរបស់កីឡាករកីឡាការិនីយ៉ាងខ្លាំង បើប្រៀបធៀបពីមុនកម្ពុជាគឺនៅបាតតាង ប៉ុន្តែឥឡូវឲ្យតែលឺឈ្មោះថាកម្ពុជាគឺល្បី ។នេះជាមោទនភាពមួយដ៏ខ្លាំងដែលយើងត្រូវបានទទួលស្គាល់ដោយបរទេសអំពីការរីកចំរើនរបស់កម្ពុជា។ទាំងអស់នេះ គឺដោយសារតែប្រទេសយើងទទួលបាននូវសុខសន្តិភាព មានឱកាសរៀបចំកីឡាស៊ីហ្គេម និងកីឡាវាយសីជើងឯកយុវជនអាស៊ីអាគ្នេយ៍ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះបញ្ចប់ដោយមោទនភាព ទទួលបាននូវពាក្យកោតសសើរពីបណ្តាប្រទេសចូលរួម។
កីឡាការិនីប្រទេសមីយ៉ាន់ម៉ា Eaint Chit phoo បានថ្លែង លើកឡើងថា ការទទួលធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា ពិតជាល្អ ខ្លាំងណាស់ ពិសេសម្ហូបអាហារគឺរស់ជាតិឆ្ងាញ ហើយ ប្រសិន បើកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះទៀត នាងនឹងមកប្រកួតទៀត ពីព្រោះកម្ពុជាមានភាពទាក់ទាញខ្លាំង ពិសេសគឺប្រាសាទ អង្គរវត្តតែម្តង ។
សូមបញ្ជាក់ថា ការប្រកួតកីឡាវាយសីជើងឯកយុវជន អាស៊ីអាគ្នេយ៍ អាយុក្រោម១៥ និង១៧ឆ្នាំ ប្រចាំឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ប្រទេសដែលដណ្តើម បាន ចំណាត់លេខ១ គឺប្រទេសមីយ៉ាន់ម៉ា ឈ្នះមេដាយសរុប ១៧គ្រឿង មេដាយមាស១១ មេដាយប្រាក់៤ និងសំរិទ្ធ២គ្រឿង។ ប្រទេសដែលឈរនៅចំណាត់លេខ២កម្ពុជា ឈ្នះមេដាយសរុប ចំនួន ១៤គ្រឿង មាស១ ប្រាក់៦ និងសំរិទ្ធ៧គ្រឿង។ ប្រទេសឈរនៅចំណាត់លេខ៣ ទីម័រលេស ឈ្នះមេដាយសរុប ១០គ្រឿង មេដាយប្រាក់១ និងសំរិទ្ធ៩គ្រឿង ។ ប្រទេសឈរនៅចំណាត់លេខ៤ប្រទេសឡាវ ឈ្នះមេដាយសរុប ៣គ្រឿង ប្រាក់ សំរិទ្ធ២ ៕
រូបភាព និង អត្ថបទ ៖ ជាវ ចន្ធូ





