ព្រឹកនេះ ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមព្រះរាជអធិបតីភាពព្រះមហាក្សត្រ
(សៀមរាប)៖ ក្រោយជួសជុលរួចរាល់ ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រឹកថ្ងៃសៅរ៍ ៦រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ខណៈស្ពានបណ្ដែតទឹក ក៏នៅបន្តប្រើប្រាស់ជាច្រកចេញ សម្រាប់ការទស្សនា ប្រាសាទអង្គរ ។
ក្នុងពិធីនេះ ក៏មានការអញ្ជើញដង្ហែព្រះរាជដំណើរ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ពីសំណាក់ថ្នាក់ដឹកនាំស្ថាប័នកំពូលរបស់ជាតិ រួមមាន៖ ប្រធានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ, នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រមទាំងសម្តេចជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ថ្នាក់ដឹកនាំ មន្ត្រីរាជការ តាមក្រសួង ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិជាច្រើនរូបផ្សេងទៀត។
សូមជម្រាបថា ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត បានចាប់ផ្តើមជួសជុលឡើងវិញ កាលពីអំឡុងឆ្នាំ២០១៦ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា នៃប្រទេសជប៉ុន។
បន្ទាប់ពីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយនោះ ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ប្រើជាច្រកចូល សម្រាប់ការទស្សនាប្រាសាទអង្គរវត្ត ហើយស្ពានបណ្តែតទឹកប្រាសាទអង្គរវត្ត ត្រូវប្រើសម្រាប់ជាច្រកចេញ។
លោក ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ត្រូវបានជួសជុលចំនួន៥ដងរួចមកហើយ រាប់ចាប់តាំងពីសតវត្សរ៍ទី១៦។
លោក ថា ការជួសជុលស្ពានហាល ចូលទស្សនាប្រាសាទអង្គរ ក៏ដូចជាការជួសជុលប្រាង្គប្រាសាទដទៃទៀត បានស្តែងឱ្យឃើញពីស្មារតីយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ទាំងក្នុងនីតិកាលចាស់ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាល នីតិកាលថ្មី ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏ដូចជាកូនខ្មែរជំនាន់ក្រោយ ក្នុងការថែរក្សាការពារនូវមរតកដូនតាខ្មែរ ដែលជារតនសម្បត្តិមិនអាចកាត់ថ្លៃបាន ។
អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ការជួសជុល ស្ពានហាលចូលប្រាសាទអង្គរ និងការថែទាំប្រាង្គប្រាសាទរបស់ខ្មែរ ក៏បានរំលេចឱ្យឃើញពីគុណតម្លៃដ៏សំខាន់នៃសុខសន្តិភាព។ កំលុងពេលខ្មែរជួបវិបត្តិនៃសង្គ្រាម ខ្មែរគ្មានពេលថែទាំប្រាង្គប្រាសាទ ដែលជាព្រលឹងវប្បធម៌ជាតិនោះឡើយ ហើយបើខ្មែរ គ្មានសុខសន្តិភាពទេ សម្បត្តិវប្បធម៌មរតកដូនតាខ្មែរអាចនឹងត្រូវរងវិនាសកម្មគ្មានសេសសល់នោះឡើយ។ ដូច្នេះសុខសន្តិភាព បានផ្តល់នូវគុណតម្លៃដល់រតនសម្បត្តិ ដែលជាមរតករបស់ដូនតាខ្មែរផងដែរ ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ















