មន្ត្រីសុរិយោដី ខេត្តសៀមរាប ទទួលបានចំណេះដឹង អំពីការប្រមូលទិន្នន័យលើ “ទម្រង់បែបបទកត់ត្រាស្ថានភាពអចលនទ្រព្យ ផ្ទេរសិទ្ធិ និងកម្មសិទ្ធិ” និង “ការបញ្ចូលទិន្នន័យតម្លៃដីក្នុងកម្មវិធី ArcMap”

(សៀមរាប)៖ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅខេត្តសៀមរាប មានបើកកិច្ចប្រជុំដើម្បីពន្យល់ណែនាំអំពីការប្រមូលទិន្នន័យលើ “ទម្រង់បែបបទកត់ត្រាស្ថានភាពអចលនទ្រព្យ ផ្ទេរសិទ្ធិ និងកម្មសិទ្ធិ” និង “ការបញ្ចូលទិន្នន័យតម្លៃដីក្នុងកម្មវិធី ArcMap” ជូនដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប និងការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលក្រុង-ស្រុក នៅសាលប្រជុំនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត។

ឯកឧត្តម សរ សុវណ្ណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បានផ្សព្វផ្សារ សារាចរណែនាំ អនុវត្តនិតិវិធី នៃការកសាងប្លង់សុរិយោដី និង សៀវភៅគោលបញ្ជីដីធ្លី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ជូនដល់ មន្ត្រីសុរិយោដី ថ្នាក់មន្ទីរ និងការិយាល័យ ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ទូទាំងខេត្តសៀមរាប សម្រាប់បន្តអនុវត្ត តួនាទី និងភារកិច្ចរបស់ខ្លួន ស្របតាមផែនការសកម្មភាពការងារ ដែលដាក់ចេញដោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល មន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។

ក្នុងសារាចរណែនាំ បានដាក់ចេញនូវចំណុចសំខាន់ៗ រួមមាន ៖ ១. បន្ទាប់ពីបានពិភាក្សាឯកភាព ជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ អំពីការជ្រើសរើសទីតាំងរួចមក អភិបាលខេត្ត ក្រុង ត្រូវចេញសេចក្តីប្រកាសកំណត់តំបន់ និងព្រំប្រទល់នៃទីតាំងធ្វើការវិនិច្ឆ័យ តាមរបៀបបង្ហាញលើផែនទី ឬតាមរបៀបពិពណ៌នា ឬតាមរបៀបទាំងពីរ ។
២.-នៅពេលដែលតំបន់ធ្វើការវិនិច្ឆ័យត្រូវបានកំណត់ហើយ អគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ ត្រូវចាត់តាំងមន្រ្តីគ្រប់គ្រងការងារតំបន់វិនិច្ឆ័យ និងមន្រ្តីចាំបាច់មួយចំនួនទៀត រួមមានមន្រ្តីកំណត់ព្រំដី មន្ត្រីវាស់វែង និងមន្រ្តីវិនិច្ឆ័យ ឱ្យទៅបំពេញភារកិច្ចនៅក្នុងតំបន់វិនិច្ឆ័យនោះ ។
៣.- យោងតាមចំណាត់តាំងខាងលើ អភិបាលខេត្ត ក្រុង ត្រូវបង្កើតគណៈកម្មការ រដ្ឋបាលសំរាប់តំបន់ដែលត្រូវធ្វើការវិនិច្ឆ័យ ទៅតាមសមាសភាពដែលបានកំណត់ក្នុងអនុក្រឹត្យ។
៤ – គណៈកម្មការរដ្ឋបាល ត្រូវរៀបចំប្រជុំណែនាំសមាជិករបស់ខ្លួន ឱ្យយល់អំពីកិច្ចដំណើរការ នៃការវិនិច្ឆ័យដែលមានលក្ខណៈជាប្រព័ន្ធ កំណត់បែងចែកភារកិច្ចដល់សមាជិកម្នាក់ៗ រៀបចំផែនការសំរាប់អនុវត្ត និងលើកសំណើទៅអភិបាលខេត្ត ក្រុង អំពីកាលបរិច្ឆេទ និងទីកន្លែង ដែលត្រូវបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ និងព្រំប្រទល់នៃទីតាំងធ្វើការវិនិច្ឆ័យ និងការចុះបំពេញការងារវាលរបស់មន្រ្តីជំនាញ ។
៥. អភិបាលខេត្ត ក្រុង ត្រូវធ្វើលិខិតផ្លូវការដែលពិពណ៌អនុញ្ញាតឱ្យអនុវត្តនីតិវិធីនៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធទៅអាជ្ញាធរមូលដ្ឋាននៃតំបន់ធ្វើការវិនិច្ឆ័យ យ៉ាងហោចណាស់ ១៥ថ្ងៃ មុនកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណកំតំបន់ និង ព្រំប្រទល់នៃទី តាំងធ្វើការវិនិច្ឆ័យ ។
៦. អភិបាលខេត្ត · ក្រុង ត្រូវជូនដំណឹងជាសាធារណៈអំពីកាលបរិច្ឆេទ និងទីកន្លែងប្រជុំ សេចក្តីជូនដំណឹងត្រូវបិទផ្សាយ និងអាចផ្សព្វផ្សាយតាមឧឃោសនស័ព្ទ ជូនសាធារណៈជនយ៉ាងហោចណាស់ ៧ថ្ងៃមុនកិច្ចប្រជុំផ្សព្វផ្សាយ នៅទីកនែ្លងដែលងាយឃើញក្នុងភូមិ ឬនៅទីតាំងធ្វើការវិនិច្ឆ័យផ្ទាល់ សេចក្តីជូនដំណឹងនេះ មានគោលបំណង ឱ្យកម្មសិទ្ធិករ ឬអ្នកកាន់កាប់ដី ព្រមទាំងជនដែលមានការពាក់ព័ន្ធនឹងក្បាលដីក្នុងតំបន់ធ្វើការវិនិច្ឆ័យ បានយល់ជ្រួតជ្រាបពីសារៈសំខាន់នៃកិច្ចប្រតិបត្តិការរបស់មន្រ្តីជំនាញ ដើម្បីមកចូលរួមផ្ដល់ពត៌មាន ឯកសារ និងភស្តុតាង សំខាន់ៗ ទាក់ទងនឹងអត្តសញ្ញាណនៃក្បាលដឺ និងអត្តសញ្ញាណនៃម្ចាស់ដី ធ្វើឱ្យទិន្នន័យដែលប្រមូលបានមានភាពពិតប្រាកដ និងសុព្រឹកជាដើម ។

ឯកឧត្តម បន្តទៀតថា ទន្ទឹមនឹងនេះ មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្ត ក្រុងពាក់ព័ន្ធនឹងតំបន់វិនិច្ឆ័យ ក៏ត្រូវចាត់តាំងមន្រ្តីម្នាក់ឱ្យទទួលខុសត្រូវការងាររដ្ឋបាលសុរិយោដី ជូនអភិបាលខេត្ត ក្រុង ដើម្បីបញ្ចូលជាសមាជិកនៃគណៈកម្មការរដ្ឋបាលផងដែរ ៕

ដោយ ស៊ាន សុផាត

ads banner