ឃាត់ខ្លួនមនុស្សជាង ១០០នាក់ពាក់ព័ន្ធគ្រឿងញៀន នៅទីតាំង ក្លឹបកម្សាន្តយីហោ NUMBER9 BASSAC LIVE DJS – DANCE FLOOR
(ភ្នំពេញ)៖ មនុស្សប្រុសស្រីជាង ១០០នាក់ ត្រូវបានកម្លាំង មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាន នគរបាល ជាតិ ធ្វេីការឆ្មក់បង្ក្រាប បានទីតាំងក្លឹបកម្សាន្តមួយកន្លែងស្ថិត នៅក្លឹប ១កន្លែង ដែលមានស្លាកយីហោ NUMBER9 BASSAC LIVE DJS – DANCE FLOOR ស្ថិតនៅផ្លូវលេខ៣០៨ មូលដ្ឋាន សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន កាលពីវេលាម៉ោង២ និង ១០នាទី អធ្រាត្រ ឈាចូលថ្ងៃ៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
បេីតាមប្រភពព័ត៌មាន បានឲ្យដឹងថា ដោយឃើញមានវត្តមាន របស់នគរបាល មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នង ការដ្ឋាននគរបាលជាតិ សហកាជាមួយសមត្ថកិច្ចមូលដ្ឋានសង្កាត់ ទន្លេបាសាក់ ចុះធ្វើការឡោមព័ទ្ធទីតាំងក្លឹបកម្សាន្តខាងលើ ព្រមទាំងបានធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ ក្នុងនោះមានជនបរទេសផងដែរ ក្នុងនោះសមត្ថកិច្ចបានដកហូត គ្រឿងសម្ភារៈដូចជា៖ ប៉ោងប៉ោងរីករាយទំហំធំចំនួន០៤ និងតូចៗ ផ្សេងជាច្រើន និងបំពង់ខ្យល់សម្រាប់បញ្ចូលទៅក្នុង HAPPY BALLONS ចំនួន ១២បំពង់ រួមទាំងបំពង់ឧស្ម័ន សប្បាយ ចំនួន០៤ បំពង់ធំផងដែរ ។
ក្រោយពីការឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនមនុស្សទាំង ១០៣ នាក់ ឡើងទៅលើរថយន្តចំនួន ២គ្រឿង ព្រមទាំងបញ្ជូនទៅកាន់ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាន នគរបាល ជាតិ ដើម្បីធ្វើការសាកសួរ និងចាត់វិធានការតាមនីតិ វិធីច្បាប់ ផងដែរ ៕
ដោយ ៖ ភារ៉ា និង ប៊ុនធី








