នាយករដ្ឋមន្ត្រីថៃបដិសេធការចុះផ្សាយព័ត៌មានដែលថា «លោកជាអាយ៉ងរបស់យោធា»

បាងកក៖ នាយករដ្ឋមន្ត្រីថៃ លោក ស្រេថា ថាវីស៊ីន ថ្មីៗនេះ បានច្រានចោលការអះអាងរបស់ប្រព័ន្ធផ្សព្វផ្សាយមួយដែលចោទថា លោកជាអាយ៉ងរបស់យោធាថៃ ក្នុងការដែលរដ្ឋាភិបាល មិនរំលាយបញ្ជាដ្ឋានប្រតិបត្តិការសន្តិសុខផ្ទៃក្នុង ហៅកាត់ថា ISOC ។

តាមរយៈបណ្តាញសង្គម X កាលពីយប់ថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ លោកនាយករដ្ឋមន្ត្រីថៃ បាននិយាយថា ការរិះគន់ដូច្នេះ គឺជាការបំភាន់ ហើយលោកចង់ឲ្យមានការចុះផ្សាយកែតម្រូវជាថ្មី ចំពោះសេចក្តីរាយការណ៍ មិនត្រឹមត្រូវបែបនេះ។

លោកថា «ការរំលាយ ISOC មិនមែនជាផ្នែកមួយនៃគោលនយោបាយរបស់គណបក្សភឿថៃនោះទេ មិនថា ពីមុន អំឡុងពេលនេះ ឬក្រោយការបោះឆ្នោត។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលដែលដឹកនាំដោយបក្សភឿថៃ និងសម្ព័ន្ធភាព មានបំណងចង់ធ្វើទំនើបកម្មកងទ័ព និងបញ្ចូល ISOC ទៅក្នុងដំណើរការប្រជាធិបតេយ្យ»។

គួររម្លឹកថា បញ្ជាការដ្ឋានប្រតិបត្តិការសន្តិសុខផ្ទៃក្នុង ឬ ISOC ត្រូវបានគេដឹងថា ជាផ្នែកមួយរបស់យោធាថៃ ទទួលខុសត្រូវចំពោះការបង្ក្រាបក្រុមឆ្វេងនិយម ចាប់ពីទសវត្សរ៍ឆ្នាំ ១៩៦០ ដល់ ១៩៨០។ ក្នុងពេលនោះ ISOC បានជាប់ពាក់ព័ន្ធក្នុងអំពើឃោរឃៅប្រឆាំងនឹងសកម្មជន និងជនស៊ីវិល។

ជុំវិញពាក្យថា «អាយ៉ង» លោក ស្រេថា បានលើកឡើងថា គណបក្សរបស់លោកត្រូវបានប្រជាពលរដ្ឋបោះឆ្នោតគាំទ្រ ហើយលោកបានស្នើដោយទទូចដល់អ្នករិះគន់លោក កុំធ្វើឲ្យខូចសម្លេងគាំទ្ររបស់ប្រជាពលរដ្ឋ។ លោកថា បើលោកជាអាយ៉ង លោកនឹងជ្រើសរើសធ្វើជាអាយ៉ង របស់ប្រជាជន។

ការលើកឡើងរបស់នាយករដ្ឋមន្ត្រីទាំងនេះ បានធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Thai Enquirer ដែលដាក់ចំណងជើងថា «លោក ស្រេតថា បង្ហាញពណ៌ពិតប្រាកដដែលថា លោកជាអាយ៉ង ដែលគាំទ្រដោយយោធា»។

ប្រព័ន្ធផ្សព្វផ្សាយនេះបានរិះគន់លោកនាយករដ្ឋមន្ត្រី ចំពោះការមិនគាំទ្រសំណើរបស់គណបក្ស Move Forward ដែលចង់រំលាយ ISOC ដោយកត់សម្គាល់ថា ការសម្រេចចិត្តរបស់លោក គឺលើសពីការឈរលើគោលការណ៍តែមួយ ដោយគេដឹងថា បក្ស Move Forward ក៏ជាសម្ព័ន្ធភាពរបស់រដ្ឋាភិបាលចម្រុះដែរ៕ ប្រភពពី Thai PBS ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner