ឯកឧត្តម នេត្រ ភក្ត្រា៖ មន្ទីរព័ត៌មានខេត្តសៀមរាប ជាគោលដៅចាប់អារម្មណ៍សម្រាប់គំរូដល់បណ្តាមន្ទីរព័ត៌មាន រាជធានី-ខេត្តផ្សេងទៀត

(សៀមរាប)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចាប់អារម្មណ៍និងវាយតម្លៃខ្ពស់ចំពោះមន្ទីរព័ត៌មានខេត្តសៀមរាប ថាអាចយកជាគំរូដល់បណ្តាមន្ទីរព័ត៌មាន រាជធានី ខេត្ត ក្នុងការដឹកនាំគ្រប់គ្រង អនុវត្តការងារភារកិច្ចប្រកបដោយភាពច្នៃប្រឌិត សាមគ្គី សហការល្អ ជាពិសេសលើការងាររៀបចំនិងគ្រប់គ្រងការងារបច្ចេកទេស ដែលមានលក្ខណៈស្តង់ដារសម្រាប់ធ្វើជាគំរូដល់បណ្តាមន្ទីរដទៃទៀត។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្រ្តា បានលើកឡើងបែបនេះ ក្នុងពិធី សំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរព័ត៌មានខេត្តសៀមរាប និងក្រោយពីបានទៅមើលបច្ចេកទេសការងារនិងកម្មវិធីផ្សាយនានា ក្នុងបន្ទប់កាត់ត ចាក់ផ្សាយ បញ្ចូលសម្លេង នៃវិទ្យុនិងទូរទស្សន៍ខេត្ត នារសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

ឯកឧត្តម នេត្រ ភក្ត្រា បានវាយតំលៃខ្ពស់ចំពោះលទ្ធផលការងារ ដែលថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្ត្រីកិច្ចសន្យា នៃមន្ទីរព័ត៌មានខេត្តសៀមរាបសម្រេចបានក្នុងរយៈពេលកន្លងមក និងជំរុញលើកទឹកចិត្តឲ្យបន្តប្រឹងប្រែងរួមសហការគ្នា ដើម្បីធ្វើឲ្យវិស័យព័ត៌មាន និងសោតទស្សន៍ក្នុងខេត្តកាន់តែមានភាពរីកចម្រើនបន្ថែមទៀត ស្របតាមចក្ខុចិស័យដែលក្រសួងព័ត៌មាន និងរាជរដ្ឋាភិបាលបានដាក់ចេញក្នុងអាណត្តិទី៧ នេះ។

ឯកឧត្តម រដ្ឋមន្ត្រី មានប្រសាសន៍ថា ទោះបីជាមានការលំបាកខ្លះក្នុងការងារតែនៅតែតស៊ូពុះពារដោយមិនបណ្តែតបណ្តោយទៅលើអ្វីដែលជួបប្រទះនោះទេ ផ្ទុយទៅវិញអាស្រ័យលើភាពជាអ្នដឹកនាំនិងភាពច្នៃប្រឌិតនេះហើយ ដែលអាចធ្វើឱ្យអ្វីដែលយើងខ្វះ និងអ្វីដែលយើងមានអាចកែច្នៃដើម្បីបំរើការងាររបស់យើងបាន។ ថ្វីត្បិតតែជាលើកដំបូង និងទើបតែចុះបេសកកម្មបានពីរខេត្តគឺខេត្តកំពង់ធំ និងខេត្តសៀមរាប ក្នុងតំណែងជារដ្ឋមន្ត្រីក្រសួងព័ត៌មាននៃអាណត្តិទី៧ តែឯកឧត្តមរដ្ឋមន្ត្រី បានមើលឃើញ នឹងបានវាយតម្លៃខ្ពស់ចំពោះមន្ទីរព័ត៌មានខេត្តសៀមរាប ដែលអាចយកធ្វើជាគំរូសម្រាប់មន្ទីរព័ត៌មានរាជធានី-ខេត្តដទៃទៀតនោះ ដោយការពិនិត្យឃើញអំពីទម្រង់ និងលក្ខណៈបច្ចេកទេសបម្រើឱ្យប្រព័ន្ឋផ្សព្វផ្សាយ មានស្តង់ដារអាចទទួលយកបានសម្រាប់ជាគំរូដល់ខេត្តផ្សេងៗទៀត។

ឯកឧត្តម បានលើកទឹកចិត្តនិងជំរុញឱ្យថ្នាក់ដឹកនាំមន្ទីរសិក្សានិងរៀបចំនូវទម្រង់បែបបទស្តង់ដារប្រតិបត្តិមួយដើម្បីយកទៅអនុវត្តនៅតាមបណ្តាមន្ទីរព័ត៌មាននានា ជាពិសេសគឺសម្ភារឧបករណ៍និងការរៀបចំស្ទីឌីយោទាំងវិទ្យុនិងទូរទស្សន៍និងការរៀបចំមួយចំនួនទៀតដែលគាំទ្រដល់ប្រព័ន្ធផ្សព្វផ្សាយ។ សមិទ្ធផលការងារដែលសម្រេចបាននេះ វាមិនអាចកាត់ផ្តាច់បានពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំមន្ត្រីរាជការនិងមន្ត្រីកិច្ចសន្យារបស់មន្ទីរព័ត៌មានខេត្តសៀមរាបនោះទេ។

បច្ចុប្បន្ន មន្ទីរព័ត៌មានខេត្តសៀមរាប ជួបនូវបញ្ហាប្រឈមមួយចំនួន រួមមាន៖ កង្វះមន្ត្រីដឹកនាំមន្ទីរ និងការិយាល័យ កង្វះមន្ត្រីក្របខ័ណ្ឌសម្រាប់បម្រើការងារ ខ្វះម៉ាស៊ីនភ្លើង និងគ្រឿងឧបករណ៍បច្ចេកទេសបម្រើឲ្យស្ថានីយវិទ្យុ និងទូរទស្សន៍ កង្វះថវិកាគាំទ្រដំណើរការផ្សាយវិទ្យុ និងទូរទស្សន៍ ខ្វះមធ្យោបាយធ្វើដំណើរយកព័ត៌មាន ខ្វះទីតាំង(ដី)សម្រាប់សាងសង់ស្ថានីយវិទ្យុ និងទូរទស្សន៍។ល។ នេះបើតាមសេក្តីរាយការណ៍របស់ ឯកឧត្តម លីវ សុខុន ទីប្រឹក្សាក្រសួង និងជាប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប៕

ដោយ ស៊ាន សុផាត

ads banner