ឥណ្ឌូណេស៊ីបញ្ជូនជំនួយមនុស្សធម៌ទៅតំបន់ហ្គាហ្សា បង្ហាញសាមគ្គីភាព
ហ្សាកាតា៖ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានប្រកាសពីការបញ្ជូនជំនួយចំនួន ៥១.៥ តោន ទៅកាន់តំបន់ Gaza ដោយបញ្ជាក់ថា ប្រទេសនេះឈរនៅក្បែរការតស៊ូរបស់ប្រជាជនប៉ាឡេស្ទីន។
លោកប្រធានាធិបតី ចូកូ វីដូដូ (Joko Widodo) បាននិយាយ នៅឯអាកាសយានដ្ឋាន ហាលីម ភឺដាណា គូស៊ូម៉ា (Halim Perdana Kusuma) ក្នុងទីក្រុងហ្សាកាតាថា «វាគឺជាការបង្ហាញសាមគ្គីភាពរបស់ប្រទេសឥណ្ឌូនេស៊ី និងការព្រួយបារម្ភរបស់យើង ចំពោះមនុស្សជាតិ។ វិបត្តិមនុស្សធម៌នៅហ្គាហ្សា មិនអាចទទួលយកបានទេ ហើយត្រូវតែបញ្ឈប់ឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន» ។
ក្រសួងសុខាភិបាលហ្គាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស់បាននិយាយថា មនុស្សជាង ២៣៥០០ នាក់បានរងរបួស នៅទូទាំងតំបន់ហ្គាហ្សា ខណៈដែលចំនួនអ្នកស្លាប់បានកើនឡើងលើសពី៩២០០នាក់ ចាប់តាំងពីអ៊ីស្រាអែលទម្លាក់គ្រាប់បែក ពីលើអាកាស ទៅលើតំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីពួកសកម្មប្រយុទ្ធហាម៉ាស់បានបើកការវាយប្រហារឆ្លងព្រំដែន កាលពីថ្ងៃទី ៧ ខែតុលា ដែលបានសម្លាប់មនុស្សជាង ១៤០០នាក់ នេះបើយោងតាមអាជ្ញាធរអ៊ីស្រាអែល។
អង្គការសហប្រជាជាតិបានឲ្យដឹង នាពេលថ្មីៗនេះថា ស្ថានភាពមនុស្សធម៌នៅតំបន់ហ្គាហ្សា គឺជារឿងគួរឲ្យរន្ធត់ ដោយព្រមានថា អាហារ ទឹក និងថ្នាំ គឺមិនគ្រប់គ្រាន់ ខណៈប្រេង ដែលប្រើប្រាស់ សម្រាប់មន្ទីរពេទ្យ អគ្គិសនី និងរោងចក្រទឹក សម្រាប់អ្នកភៀសខ្លួន កំពុងខ្វះខាតខ្លាំង។ ប្រភពបន្តថា សូម្បីជម្រករបស់អង្គការសហប្រជាជាតិនៅហ្គាហ្សា កំពុងរងការវាយប្រហារ ដោយការទម្លាក់គ្រាប់បែកដែរ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត