ពលរដ្ឋថៃ២នាក់ទៀតបានស្លាប់ក្នុងជម្លោះអ៊ីស្រាអែល-ហាម៉ាស់ សរុបកើនដល់ ៣៤នាក់
បាងកក៖ ក្រសួងការបរទេសថៃបានឲ្យថា ចំនួនពលរដ្ឋរបស់ខ្លួនដែលបានស្លាប់ ក្នុងជម្លោះអ៊ីស្រាអែល-ហាម៉ាស់ កើនដល់៣៤នាក់ហើយ បន្ទាប់ពីរកឃើញអ្នកស្លាប់ ២នាក់បន្ថែមទៀត។ រីឯចំនួនពលរដ្ឋថៃចាកចេញពីប្រទេសអ៊ីស្រាអែល មកដល់មាតុប្រទេសវិញ កើនដល់ ជាង៨៦០០នាក់។
ក្រសួងការបរទេសថៃបានធ្វើបច្ចុប្បន្នភាព កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍នេះថា ជនជាតិថៃពីរនាក់ទៀតត្រូវបានគេរាយការណ៍ថា បានស្លាប់ នៅក្នុងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលធ្វើឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ចំនួន៣៤នាក់។
ជាមួយគ្នានេះ អគ្គនាយកដ្ឋានទំនាក់ទំនងសាធារណៈរបស់ថៃបានរាយការណ៍ថា ជនជាតិថៃជាង៨៦០០នាក់ហើយ ដែលបានវិលត្រឡប់មកពីប្រទេសអ៊ីស្រាអែល ទៅដល់ប្រទេសថៃវិញ គិតត្រឹមថ្ងៃពុធ សប្តាហ៍នេះ។
ក្រសួងការបរទេសថៃក៏បានបញ្ជាក់ដែរថា ជនជាតិថៃម្នាក់ទៀត ត្រូវបានក្រុមសកម្មប្រយុទ្ធហាម៉ាស់ចាប់ធ្វើជាចំណាប់ខ្មាំង ដែលធ្វើឱ្យចំនួនចំណាប់ខ្មាំងជាជនជាតិថៃនៅទីនោះ សរុបកើនដល់ ចំនួន២៤នាក់៕ ប្រភពពី The Nation ប្រែសម្រួល៖ សារ៉ាត