ក្រុមបាតុករស្តីបន្ទោស លោក Biden អំឡុងការហែក្បួនគាំទ្រប៉ាឡេស្ទីន ក្នុងរដ្ឋធានីរបស់អាមេរិក
វ៉ាស៊ីនតោន ឌីស៊ី៖ បាតុកររាប់ពាន់នាក់នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន របស់អាមេរិក កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ បានអំពាវនាវឱ្យមានបទឈប់បាញ់ នៅតំបន់ហ្គាហ្សា ចំពេលមានយុទ្ធនាការទម្លាក់គ្រាប់បែកឥតឈប់ឈររបស់អ៊ីស្រាអែល ដោយពួកគេបានរិះគន់ លើការគាំទ្ររបស់លោកប្រធានាធិបតី Joe Biden សម្រាប់អ៊ីស្រាអែល នៅមជ្ឈិមបូព៌ា។
ក្រុមបាតុករដែលបានគ្រវីទង់ជាតិប៉ាឡេស្ទីន និងពាក់ក្រមាប្រពៃណី keffiyeh ត្រូវបានគេដឹងថា ជាក្រុមអ្នកធ្វើការតវ៉ាក្នុងទ្រង់ទ្រាយដ៏ធំបំផុត នៅទីក្រុងវ៉ាស៊ីនតោន ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស កាលពីថ្ងៃទី ៧ ខែតុលា។

ក្រុមបាតុករបានស្រែកថា «ដោះលែងប៉ាឡេស្ទីន» និង «បញ្ចប់ការឡោមព័ទ្ធនៅហ្គាហ្សាឥឡូវនេះ»។ ពាក្យស្លោកផ្សេងទៀត វាយប្រហារទៅលើប្រធានាធិបតីអាមេរិកថា «Biden! អ្នកមិនអាចលាក់បាំងបានទេ អ្នកបានចុះហត្ថលេខាលើអំពើប្រល័យពូជសាសន៍» និងពាក្យថា «យើងនិយាយថា ទេ! ចំពោះការប្រល័យពូជសាសន៍ Biden!»។
បាតុករ ឈ្មោះថា Amanda Eisenhour អាយុ ២៤ ឆ្នាំ មកពីរដ្ឋ Virginia បាននិយាយថា «វាមិនអាចទទួលយកបានទេ ក្នុងការអនុញ្ញាតឱ្យមានការបាត់បង់ជីវិតមនុស្សស្លូតត្រង់ជាច្រើននាក់បែបនេះ..នេះគឺជាការសម្លាប់រង្គាល ការប្រល័យពូជសាសន៍ ជាស្នាមប្រឡាក់លើប្រវត្តិសាស្ត្ររបស់យើង» ។

បាតុករម្នាក់ទៀត ឈ្មោះថា Jasmine Iman អាយុ ២៥ ឆ្នាំ មកពីក្រុងញូវយ៉ក បាននិយាយថា នាងនឹងមិនបោះឆ្នោតឱ្យលោក Biden ក្នុងការបោះឆ្នោតប្រធានាធិបតី នៅឆ្នាំក្រោយ ដោយសារតែការគាំទ្រយ៉ាងខ្លាំងក្លា របស់លោក Biden ចំពោះអ៊ីស្រាអែល។
នាងបាននិយាយថា «យើងនឹងមិនបោះឆ្នោតឱ្យគណបក្សប្រជាធិបតេយ្យទេ ដោយសារតែបញ្ហាហ្គាហ្សា៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
