សមាគមកាយឫទ្ធិនារីកម្ពុជា បានខិតខំបំពេញកាតព្វកិច្ច របស់ខ្លួនយ៉ាង ខ្ជាប់ខ្ជួន ព្រមទាំងបានជួយអភិវឌ្ឍថាមពលកុមារី យុវតី ដើម្បីក្លាយ ឱ្យទៅជាពលរដ្ឋល្អ

សៀមរាប៖ ក្នុងឱកាសបើកមហាសន្និបាតលើកទី៧ មិត្តកាយឫទ្ធិ នារី តំបន់អាស៊ីប៉ាស៊ីហ្វិក នៅលើទឹកដីអង្គរខេត្តសៀមរាប ក្រោមប្រធានបទ “ស្រមៃមើលឱកាស” ក្នុងខេត្តសៀមរាប នាព្រឹកថ្ងៃទី០៥ ខែវិច្ជិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការ សមាគមមិត្តកាយរិទ្ធនារីកម្ពុជាបានថ្លែងថា សមាគមកាយឫទ្ធិនារី កម្ពុជា បានខិតខំបំពេញកាតព្វកិច្ចរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន ព្រមទាំង សម្រេចបានសមិទ្ធ ផលជាច្រើន ដោយប្រកាន់ខ្ជាប់នូវបេសកកម្ម របស់សមាគម ស្របតាមគោលបំណងរបស់សមាគមកាយឫទ្ធិ នារីពិភពលោក (WAGGGS) គឺការជួយអភិវឌ្ឍថាមពល កុមារី យុវតី ដើម្បីក្លាយទៅជាពលរដ្ឋល្អ ដែលមាន ការទទួលខុសត្រូវចំពោះខ្លួនឯង គ្រួសារ សហគមន៍ និងប្រទេសជាតិ និងស្របតាមចក្ខុវិស័យជាក់លាក់ មួយ គឺការចង់ឃើញកុមារី និងយុវតីកម្ពុជារស់នៅក្នុងសីលធម៌ សេរីភាព សមភាព សេចក្តីថ្លៃថ្នូរ និងមានមោទនភាព ចំពោះវប្បធម៌ និងអត្តសញ្ញាណរបស់ខ្លួន ។

លោកជំទាវ ពេជ ចន្ទមុន្នី បានបន្តថា មហាសន្និបាតមិត្តកាយឫទ្ធិ នារីតំបន់អាស៊ីប៉ាស៊ីហ្វិក លើកទី៧ គឺជាព្រឹត្តិការណ៍មួយដ៏ មាន សារសំខាន់ សម្រាប់សមាគមកាយឫទ្ធិនារីពិភពលោក (WAGGGS) និងជាពិសេសសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកផ្ទាល់ ដែលមានលក្ខណៈជា ការជួបប្រជុំថ្នាក់តំបន់មួយដ៏ធំ ដោយមានការចូលរួមពីគ្រប់ភាគី ពាក់ ព័ន្ធដើម្បីរួមគ្នា ពិនិត្យវឌ្ឍនភាព និងទទួលដឹងលឺពីសមិទ្ធផល ដែល សមាគមមិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិកសម្រេច បានកន្លងមក លើកិច្ចការងារជួយ កុមារី យុវតី ស្រ្តីវ័យក្មេង នៅទូទាំងពិភពលោកឱ្យ ទទួលបានចំណេះដឹង បទពិសោធន៍ និងលទ្ធភាពសមរម្យអាចកសាង អនាគតរបស់ពួកគេទៅថ្ងៃខាងមុខបានកាន់តែប្រសើរឡើង។

លោកជំទាវអគ្គស្នងការសមាគមមិត្តកាយរិទ្ធនារីកម្ពុជា បានបន្ថែមថា គិតត្រឹមឆ្នាំ២០២៣ កម្ពុជា មានសមាជិក FAPW សរុបចំនួន ២៣៩រូប ដោយមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតា ជាតិខ្មែរ ជា សមាជិកគាំទ្រថ្នាក់មាស (Gold Supporter) របស់ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយតែងតែបាន លះបង់ព្រះ រាជ ទ្រព្យ ផ្ទាល់ព្រះកាយទ្រង់ ចូលរួមក្នុងចលនានេះជារៀងរហូតមក ក្នុងព្រះរាជបំណងរួបរួមគ្នា ជួយ សហគមន៍ សង្គមជាតិ និងពិភពលោក ជាពិសេសស្ត្រីវ័យក្មេង កុមារី យុវតី ឱ្យទទួលបានចំណេះដឹង បទពិសោធន៍ និងលទ្ធភាពមួយសមរម្យអាចកសាងអនាគត របស់ ពួកគេ ទៅថ្ងៃខាងមុខបានកាន់តែប្រសើរឡើង។

លោកជំទាវបញ្ជាក់ថា ការជ្រើសរើសកម្ពុជាឱ្យធ្វើជាម្ចាស់ផ្ទះមហា សន្និបាតលើកទី៧ របស់មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក គឺជា ការសម្រេចប្រកបដោយសុភវិនិច្ឆ័យរបស់លោកស្រីបណ្ឌិត Juseon Byun ដែលជាស្ថាបនិក FAPW និង លោកស្រី Chempaka Emalin_Pahamin_ប្រធានកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក លោកស្រី Ching Ching Wee-Ong ប្រធានមិត្តកាយឫទ្ធិនារីប្រចាំ តំបន់អាស៊ីប៉ាស៊ីហ្វិក ដោយសង្កេតឃើញពីការរីកចម្រើន និងការកើនឡើងសមាជិក FAPW នៅកម្ពុជាផ្ទាល់៕អត្ថបទ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner