លោក Zelensky៖ យើងនឹងមិននិយាយជាមួយរុស្ស៊ីទេ

គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បាននិយាយ កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ អំឡុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen នៅរដ្ឋធានីគៀវថា អ៊ុយក្រែនមិនមានឆន្ទៈធ្វើការចរចា ជាមួយរុស្ស៊ីទេ។

លោក Zelensky ក៏បានបដិសេធរបាយការណ៍នៃប្រព័ន្ធផ្សព្វផ្សាយ ថ្មីៗនេះ ដែលថា លោកខាងលិចដែលជាអ្នកគាំទ្រដល់អ៊ុយក្រែន កំពុងជំរុញឱ្យខ្លួន ចូលរួម ក្នុងការចរចា។ លោកបានប្រាប់អ្នកសារព័ត៌មានថា «ឥឡូវនេះ គ្មានមេដឹកនាំសហភាពអឺរ៉ុប សហរដ្ឋអាមេរិក ដៃគូរបស់យើងណាមួយកំពុងដាក់សម្ពាធមកលើយើង ក្នុងលក្ខខណ្ឌនៃការអង្គុយ នៅតុចរចា ជាមួយរុស្ស៊ី ឬ ចុះចាញ់អ្វីមួយ ចំពោះរុស្ស៊ីទេ» ។ លោកបានបន្ថែមថា «នេះនឹងមិនកើតឡើងនោះឡើយ»។

ទោះបីជាយ៉ាងណាក៏ដោយ នៅព្រឹកថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ ទីភ្នាក់ងារសារព័ត៌មាន NBC បានរាយការណ៍ថា មន្ត្រីលោកខាងលិចកំពុងជួបពិភាក្សា នៅពីក្រោយឆាក ជាមួយទីក្រុងគៀវ អំពីលទ្ធភាពនៃការចរចាជាមួយរុស្ស៊ី ហើយថែមទាំងកំពុងស្វែងរកសម្បទានចាំបាច់ណា ដែលអ៊ុយក្រែនអាចយល់ព្រម ដើម្បីបញ្ចប់ជម្លោះ។

ទីភ្នាក់ងារសារព័ត៌មាន NBC ក៏បានឲ្យដឹងដែរថា ប្រទេសលោកខាងលិចមានការព្រួយបារម្ភអំពី «ភាពជាប់គាំង» ដែលអាចកើតមាននៅក្នុងជម្លោះ ហើយអ៊ុយក្រែន «អស់កំលាំងយោធា» នាពេលអនាគត៕ ប្រភពពី RT ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner