ជំហររបស់អារ៉ាប់ និងអាមេរិកខុសគ្នា លើដំណោះស្រាយចំពោះជម្លោះហ្គាហ្សា

អាម៉ាន់៖ ជំហររបស់ប្លុកអារ៉ាប់ និងសហរដ្ឋអាមេរិកមានភាពខុសគ្នា លើដំណោះស្រាយចំពោះបញ្ហា នៅហ្គាហ្សា នេះបើតាមរដ្ឋមន្ត្រីការបរទេស នៃប្រទេសហ្ស៊កដានី ជាការលើកឡើង បន្ទាប់ពីភាគីទាំងពីរបានជួបប្រជុំគ្នា នៅរដ្ឋធានីអាម៉ាន់ របស់ហ្ស៊កដានី កាលពីថ្ងៃទី៤ ខែវិច្ឆិកា។

រដ្ឋមន្ត្រីការបរទេសប្រទេសហ្ស៊កដានី លោក អាយមែន សាហ្វាឌី (Ayman Safadi) បាននិយាយ អំឡុងសន្និសីទសារព័ត៌មាន ជាមួយនឹងរដ្ឋមន្ត្រីការបរទេសអាមេរិក សមភាគីហ្ស៊កដានី និងសមភាគីអេហ្ស៊ីប ថា ជំហររបស់សហរដ្ឋអាមេរិក និងអារ៉ាប់មានភាពខុសគ្នា ទាក់ទងនឹងកិច្ចខិតខំប្រឹងប្រែងបញ្ចប់ជម្លោះមហន្តរាយ នៅតំបន់ហ្គាហ្សា។

លោករដ្ឋមន្ត្រីការបរទេសហ្ស៊កដានីរូបនេះបាននិយាយទៀតថា លោកបានអំពាវនាវឱ្យភាគីទាំងអស់ធ្វើការរួមគ្នា ដើម្បីបញ្ឈប់មហន្តរាយដែលនឹងលងបន្លាចតំបន់នេះ ជាច្រើនជំនាន់ទៀត។ ជាការកត់សម្គាល់ លោក អេនតូនី ប្លីនឃិន (Antony Blinken) រដ្ឋមន្ត្រីការបរទេសអាមេរិក ត្រូវបានព្រះមហាក្សត្រហ្ស៊កដានី ដាក់សំពាធឲ្យបញ្ឈប់សង្រ្គាម នៅលើតំបន់ហ្គាហ្សា និងការដាក់ចេញបទឈប់បាញ់ ដើម្បីមនុស្សធម៌ ផ្តល់ជំនួយ» ។ ព្រះមហាក្សត្រ ហ្ស៊កដានី បានប្រាប់រដ្ឋមន្ត្រីការបរទេសអាមេរិកថា មធ្យោបាយតែមួយគត់ដើម្បីបញ្ចប់ជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល គឺត្រូវធ្វើការឆ្ពោះទៅរកគោលដៅនយោបាយ ដើម្បីសម្រេចបាននូវសន្តិភាពដ៏ត្រឹមត្រូវ និងទូលំទូលាយ ដោយផ្អែកលើដំណោះស្រាយរដ្ឋទាំងពីរ គឺរដ្ឋប៉ាឡេស្ទីន រួមរស់ជាមួយ អ៊ីស្រាអែល។

អំឡុងសន្និសីទសារព័ត៌មាននោះដែរ រដ្ឋមន្ត្រីការបរទេសប្រទេសអេហ្ស៊ីប លោក សាម៉េដ ស៊ូគ្រី (Sameh Shoukry) បានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ និងទូលំទូលាយ ដោយគេដឹងថា អេហ្ស៊ីបជាប្រទេសជាច្រកតែមួយគត់ សម្រាប់ជនបរទេសដើម្បីគេច ចេញពីតំបន់ហ្គាហ្សា និងសម្រាប់ជំនួយ ចូលទៅទីនោះ។

លោក អេនតូនី ប្លីនឃិន (Antony Blinken) រដ្ឋមន្ត្រីការបរទេសអាមេរិកបាននិយាយថា អាមេរិកគាំទ្រឲ្យមានបទឈប់បាញ់ ដើម្បីបើកច្រកមនុស្សធម៌ ដល់ប្រជាជនស៊ីវិល នៅហ្គាហ្សា ប៉ុន្តែ លោកថា អ៊ីស្រាអែលក៏ត្រូវសម្រេចគោលបំណងរបស់ខ្លួន ក្នុងការកម្ចាត់ក្រុមហាម៉ាស់ដែរ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner