អ្នកវិភាគនៅកម្ពុជា គាំទ្រអភិក្រម រៀនឱ្យចប់ ចេះ មានការងារធ្វើ

ភ្នំពេញ៖ អ្នកវិភាគសង្គមនៅកម្ពុជា លោកបណ្ឌិត យ៉ង់ ពៅ បានបង្ហាញការគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះអភិក្រម “រៀនឱ្យចប់ ចេះ មានការងារធ្វើ” របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថាជាប្រទីបយ៉ាងសំខាន់ ដើម្បីការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈដល់គ្រួសារក្រីក្រ និងងាយរងគ្រោះឱ្យសម្រេចបានជោគជ័យនិងផ្លែផ្កា។

លោកបណ្ឌិតបានគូសបញ្ជាក់ថា៖ ដូចអ្វីដែលយើងដឹងហើយថា បើការបណ្តុះបណ្តាលមានគុណភាពនោះ គឺផ្តល់សារសំខាន់ណាស់ដល់សង្គមជាតិ និងជួយស្រោចស្រង់ និងលើកកម្ពស់ជីវភាពពលរដ្ឋក្នុងគោលដៅនាពេលអនាគត ។

លោកបណ្ឌិតរូបនេះបន្តថា អភិក្រមសម្រាប់ការបណ្តុះបណ្តាលដែលគូសបញ្ជាក់ដោយសម្តេចប្រមុខរាជរដ្ឋាភិបាលនាពេលនេះ នឹងនាំឱ្យកម្ពុជាប្រែក្លាយពីកម្លាំងអតិពលកម្មក្នុងទីផ្សារទៅជាទីផ្សារដែលពោពេញដោយជំនាញដែលកំពុងមានតម្រូវការខ្ពស់ពីវិស័យឯកជន។

លោកថា៖ ប្រសិនបើយើងជោគជ័យ នោះវាជាការប្រសើរខ្លាំងមែនទែន។ ដើម្បីឱ្យគោលនយោបាយនេះជោគជ័យ ត្រូវមានការចូលរួមពីវិស័យឯកជនជាចាំបាច់ ដើម្បីឲ្យកូនសិស្សដែលបញ្ចប់ការសិក្សាហើយ អាចទទួលបានឱកាសការងារនៅតាមបណ្តាក្រុមហ៊ុនឯកជនទាំងនោះស្រាប់ ។

យ៉ាងណាក៏ដោយ លោកបណ្ឌិត យ៉ង់ ពៅ បានបញ្ជាក់ថា អភិក្រមនេះ មានតម្លៃលុះត្រាណាតែសិក្ខាកាមមានសមត្ថភាព មានការងារធ្វើ ដែលវិស័យឯកជនសរសើរទើបជាជោគជ័យ

សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២ ខែវិច្ឆិកា បានណែនាំឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជា ត្រូវអនុវត្តឱ្យបាននៅអភិក្រមចំនួន៣ “រៀនឱ្យចប់ ចេះ មានការងារធ្វើ” លើការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់ក្រុមគោលដៅមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះដែលប្រមុខរដ្ឋាភិបាល នឹងប្រកាសដាក់ចេញនៅពាក់កណ្តាលខែវិច្ឆិកាខាងមុខ។

ទន្ទឹមនឹងការណែនាំអភិក្រមលើការបណ្តុះបណ្តាលនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាក្រសួងសមីក្នុងការធានាបណ្តុះបណ្តាល បានត្រៀមខ្លួនរួចជាស្រេចដើម្បីអនុវត្តឱ្យបានជោគជ័យនៅការណែនាំរបស់ប្រមុខរដ្ឋាភិបាល។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានត្រៀមខ្លួនរួចជាស្រេចក្នុងការបណ្តុះបណ្តាលយុវជនក្រុមគោលដៅតាមការណែនាំរបស់ប្រមុខរដ្ឋាភិបាល ក្នុងនោះក្រសួងបានត្រៀមវិស័យចំនួន១០ និងមុខជំនាញជាង៣០ដើម្បីបណ្តុះបណ្តាល។

បើតាមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីធានាពីប្រសិទ្ធភាពនៃការបណ្តុះបណ្តាល ក្រសួងបានបណ្តុះបណ្តាលវិក្រឹត្យការជំនាន់ទី១ ជូនគ្រូឧទ្ទេសចំនួន២៤៥នាក់ មកពីទូទាំងប្រទេស ដើម្បីត្រៀមគាំទ្រការបណ្តុះបណ្តាលយុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះលើជំនាញបច្ចេកទេសវិជ្ជាជីវៈឱ្យជោគជ័យ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner