រដ្ឋមន្រ្តីក្រសួងអប់រំ អះអាងពីការប្រឡងដើម្បីឱ្យសិស្សខិតខំរៀនសូត្រ ខណៈការប្រឡងបាក់ឌុបចាប់ផ្តើមទូទាំងប្រទេស
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អង្គភាពប្រឆាំង អំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងអ្នកពាក់ព័ន្ធ បានចូលរួម ដើម្បីពិនិត្យភាពបិទជិត មានបិទស្កុត និងត្រាស្រោមប្រធានវិញ្ញាសា នៅចំពោះមុខបេក្ខជន ក្នុងដំណើរការសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុប។
ថ្លែងក្នុងការបើកហឹបវិញ្ញាសានៅតាមបន្ទប់ប្រឡងសម្រាប់ព្រឹកថ្ងៃទី១ ដែលបានធ្វើឡើងនៅតាមមណ្ឌលប្រឡងវិទ្យាល័យព្រះស៊ីសុវត្ថិ ក្នុងរាជធានីភ្នំពេញ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា៖”ការប្រឡងនេះមិនមែនប្រឡងដើម្បីប្រឡងនោះទេពោលគឺការប្រឡងដើម្បីលើកទឹកចិត្តឱ្យសិស្សរៀនសូត្រដែលជាគោលនយោបាយថ្មីលើវិស័យអប់រំ ហើយប្រមុខរាជរដ្ឋាភិបាលកម្ពុជាគឺសម្តេចធិបតី ហ៊ុនម៉ាណែតក៏បានដាក់ចេញនូវយុទ្ធសាស្រ្តលើវិស័យអប់រំនេះផងដែរ”។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំបានបញ្ជាក់បន្ថែមថា៖ការប្រឡងនេះដើម្បីវាយតម្លៃការសិក្សារយៈពេល១២ឆ្នាំដែលសិស្សានុសិស្សបានខិតខំរៀនសូត្រកន្លងមក។ក្រៅពីនេះការប្រឡងក៏ដើម្បីលើកទឹកចិត្តដល់សិស្សានុសិស្សខិតខំរៀនសូត្រ និងក៏ដូចជាកសាងសមត្ថភាពទាំងចំណេះដឹងទូទៅក៏ដូចជាក្នុងថ្នាក់ឧត្តមសិក្សាខាងមុខ។
គួរបញ្ជាក់ថាការប្រឡងយកសញ្ញាបត្រ បាក់ឌុប នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ដោយមានបេក្ខជន ចុះឈ្មោះប្រឡងសរុប ១៣៧ ៤១២នាក់ ស្រី៧៣ ២៧៨នាក់ មណ្ឌលប្រឡងសរុប ២២៧មណ្ឌល ត្រូវជា ៥ ៥៤៣បន្ទប់។
វិញ្ញាសាប្រឡងត្រូវបានកំណត់សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម។ ទម្រង់វិញ្ញាសា ត្រូវបានរៀបចំជាពីរ គឺទម្រង់វិញ្ញាសាចម្លងដាក់លើក្តារខៀន និងទម្រង់វិញ្ញាសាដា សន្លឹកក្រដាសចែកជូនបេក្ខជន។
ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់ខេត្តផ្សេងទៀត ព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា ៕
អត្ថបទ ៖ ជិន ម៉ាដេប៉ូ
រូបភាព ៖ អ៊ិត រ៉ាវុធ