ធ្លាក់យន្តហោះធុនតូចនៅអូស្រ្តាលី សម្លាប់មនុស្សបី នាក់
កង់បេរ៉ា៖ ប៉ូលិសអូស្រ្តាលីបានឱ្យដឹងថា យន្តហោះធុនស្រាលមួយគ្រឿងបានធ្លាក់នៅតំបន់ដាច់ស្រយាលនៃរដ្ឋឃ្វីនស្លែន ប្រទេសអូស្រ្តាលីកាលពីថ្ងៃទី៤ ខែវិច្ឆិកា ដោយបានសម្លាប់អ្នកពន្លត់អគ្គិភ័យបីនាក់ដែលជិះនៅលើនោះ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
យន្តហោះដែលជាកម្មសិទ្ធិរបស់សេវាកម្មពន្លត់អគ្គិភ័យ និងសង្គ្រោះបន្ទាន់នៃរដ្ឋឃ្វីនស្លែននោះ បានធ្លាក់ក្នុងប្រតិបត្តិការស្កែនទីតាំងពាក់ព័ន្ធនឹងប្រតិបត្តិការពន្លត់ភ្លើងឆេះព្រៃ និងនៅក្បែរទីក្រុង McKinlay ដែលស្ថិតនៅចម្ងាយប្រហែល ១ ៥០០ គីឡូម៉ែត្រ ភាគខាងជើងក្រុមប្រ៊ីសបេន។
មុនធ្លាក់ យន្តហោះធុនតូចដដែលហោះចេញពីក្រុង Toowoomba ក្បែរក្រុងប្រ៊ីនបេន ឆ្ពោះទៅកាន់ក្រុង Mount Isa City ដែលស្ថិតនៅចម្ងាយជាង ១០០ គីឡូម៉ែត្រពីតំបន់ធ្លាក់។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញព័ត៌មានអូស្រ្តាលី ABC។
ប៉ូលិសបានបញ្ជាក់ការស្លាប់របស់អ្នកទាំងបី ប៉ុន្តែមិនបានប្រាប់ពីព័ត៌មានលម្អិត ស្ដីពីមូលហេតុនៃការធ្លាក់នៅឡើយទេ ខណៈការស៊ើបអង្កេតកំពុងបន្ត។
ក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយថ្ងៃអាទិត្យ នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក អ៊ែនថូនី អាល់បានិស បានសម្ដែងការរំលែកទុក្ខចំពោះក្រុមគ្រួសារជនរងគ្រោះ ហើយហៅអ្នកទាំង៣ពួកគេថាជា «អ្នកពន្លត់អគ្គិភ័យដ៏ក្លាហាន»។
គួរបញ្ជាក់ថា ក្នុងសប្ដាហ៍នេះ ក្រុមអ្នកពន្លត់អគ្គិសភ័យរដ្ឋឃ្វីនស្លែន បានស្វិតស្វាញក្នុងការទប់ស្កាត់ភ្លើងឆេះព្រៃ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ពីរ នាក់ បំផ្លាញផ្ទះរាប់សិបខ្នង ហើយបង្កការជម្លៀសមនុស្សជាច្រើននាក់៕
ប្រែសម្រួល៖ហួន ឌីណា
ប្រភព៖ Light plane crashes in remote Australia, three firefighters killed https://www.reuters.com/world/asia-pacific/light-plane-crashes-remote-australia-three-firefighters-killed-2023-11-05/