បញ្ហាសមុទ្រចិនខាងត្បូង កំពុងរុញទំនាក់ទំនងយោធាហ្វីលីពីន-ជប៉ុនឱ្យកាន់តែជិតស្និទ្ធមួយកម្រិត
ម៉ានីល៖ ប្រទេសហ្វីលីពីន និងជប៉ុនបានពង្រឹងសមត្ថភាពយោធារបស់ពួកគេកាន់តែខ្លាំងក្លា ប្រឆាំងនឹងឥទ្ធិពលរបស់ចិនទៅលើការឈ្លានពានដែនសមុទ្រចិនខាងត្បូង ខណៈដែលពេលនេះក៏កំពុងរាលដាលដល់សមុទ្រចិន ខាងកើតផងដែរ។
កាលពីយប់ថ្ងៃទី៣ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា(Fumio Kishida )បាននិយាយថា ប្រទេសរបស់លោកនឹងចាប់ផ្តើមបើកកិច្ចពិភាក្សាផ្លូវការ ដើម្បីឈានទៅបង្កើតកិច្ចព្រមព្រៀង RAA ដែលនឹងអនុញ្ញាតឱ្យប្រទេសទាំងពីរធ្វើសមយុទ្ធយោធារួមគ្នាជាលើកដំបូងនៅលើឆ្នេរសមុទ្រហ្វីលីពីន។
លោកបន្តថា ប្រសិនបើកិច្ចព្រមព្រៀង RAA ត្រូវបានបញ្ចប់ពិតមែន វានឹងអនុញ្ញាតឱ្យប្រទេសជប៉ុនដាក់ពង្រាយកងទ័ពចូលទៅក្នុងមូលដ្ឋានយោធា និងនាំយកសព្វាវុធទៅកាន់ប្រទេសហ្វីលីពីន ដែលដូចទៅនឹងការគាំទ្ររបស់អាមេរិក ទៅលើហ្វីលីពីនកន្លងទៅផងដែរ។
បន្ថែមពីនេះ ប្រទេសជប៉ុនក៏កំពុងផ្តល់ជំនួយដល់កងទ័ពជើងទឹកហ្វីលីពីន នូវទឹកប្រាក់ចំនួន ៦០០ លានយ៉េន (ប្រមាណជា ៤ លានដុល្លារអាមេរិក) សម្រាប់បង្កើតប្រព័ន្ធរ៉ាដានៅតាមឆ្នេរសមុទ្រ ដើម្បីពង្រឹងសមត្ថភាពចាប់យកព័ត៌មានផ្សេងៗពីដែនសមុទ្ររបស់ខ្លួន។
ថ្វីត្បិតថា ថ្នាក់ដឹកនាំប្រទេសទាំងពីរមិនបានលើកឡើងចំៗពីចិនក្ដី ប៉ុន្តែសារដែលពួកគេ បានថ្លែង គឺមិនសំដៅចំពោះនរណាក្រៅពីចិននោះឡើយ។
លោក Kishida បានថ្លែងដូច្នេះថា ៖ «យើងចែករំលែកការព្រួយបារម្ភយ៉ាងខ្លាំងពីស្ថានភាពនៅសមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង ហើយការប៉ុនប៉ងដើម្បីផ្លាស់ប្តូរស្ថានភាពជាឯកតោភាគីដោយការប្រើកងទ័ព គឺមិនអាចទទួលយកបានទេ»។
ជាការកត់សម្គាល់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់លោកទៅកាន់ទីក្រុងម៉ានីលបានកើតឡើងបន្ទាប់ពីការជួបគ្នាដ៏តានតឹងជាច្រើនសប្តាហ៍រវាងកងទ័ពហ្វីលីពីន និងចិន និងកងកម្លាំងឆ្មាំសមុទ្រនៅសមុទ្រចិនខាងត្បូង ដែលទីក្រុងម៉ានីល និងទីក្រុងប៉េកាំងមានការទាមទារការប្រជែងគ្នា។
សម្រាប់ជប៉ុនវិញ មិនមានការទាមទារលើដែនទឹកទាំងនេះទេ ប៉ុន្តែខ្លួនមានជម្លោះទឹកដីដាច់ដោយឡែកជាមួយក្រុងប៉េកាំងជុំវិញសមុទ្រចិនខាងកើត។ ម្យ៉ាងទៀត ទាំងហ្វីលីពីន និងជប៉ុន មានទីតាំងនៅជិតកោះតៃវ៉ាន់ ជាកោះឯករាជ្យដែលទីក្រុងប៉េកាំងចាត់ទុកថាជាផ្នែកមួយនៃប្រទេសចិន។
ទីតាំងភូមិសាស្ត្ររបស់ហ្វីលីពីនបានរុញឱ្យប្រទេសនេះ ក្លាយជាសម្ព័ន្ធមិត្តយោធាយុទ្ធសាស្ត្រជាមួយមហាអំណាចជប៉ុន និងអាមេរិក ក្នុងករណីជម្លោះតៃវ៉ាន់-ចិន ឬការវាយប្រហារដោយប្រដាប់អាវុធណាមួយ នៅសមុទ្រចិនខាងកើត និងខាងត្បូង។
មិនត្រឹមតែប៉ុណ្ណោះ ឥទ្ធិពលរបស់ចិននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនាពេលនេះ បាននិងកំពុងជំរុញឱ្យសហរដ្ឋអាមេរិក ជប៉ុន និងហ្វីលីពីនឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការសន្តិសុខត្រីភាគី។
ប៉ុន្តែយ៉ាងណា ប្រទេសទាំងបីបានអំពាវនាវម្តងហើយម្តងទៀតនូវអាកប្បកិរិយាឈ្លានពានរបស់ទីក្រុងប៉េកាំងនៅក្នុងដែនទឹកដែលមានជម្លោះ រហូតដល់កងកម្លាំងឆ្មាំឆ្នេរសមុទ្ររបស់ពួកគេបានធ្វើសមយុទ្ធរួមគ្នាជាលើកដំបូងនៅសមុទ្រចិនខាងត្បូងកាលពីខែមិថុនា៕
ប្រែសម្រួល៖កែវ បុស្បា
ប្រភព៖ China’s South China Sea tactics push Philippines-Japan defence ties to new heights