មេដឹកនាំអារ៉ាប់ជំរុញឱ្យមានបទឈប់បាញ់បន្ទាន់ខណៈរដ្ឋមន្ត្រីការបរទេសអាមេរិកថាទង្វើនេះធ្វើឱ្យអំពើហិង្សាបន្តកើតឡើង
អារ៉ាប់៖ មេដឹកនាំអារ៉ាប់ បានបង្ហាញពីការមិនពេញចិត្តយ៉ាងខ្លាំងឡើងលើសង្គ្រាមដែលបានឆក់យកជីវិតជនស៊ីវិលប៉ាឡេស្ទីនរាប់ពាន់នាក់ក្នុងសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដោយបានជំរុញឱ្យមានបទឈប់បាញ់ភ្លាមៗកាលពីថ្ងៃទី៤ ខែវិច្ឆិកាថ្មីៗនេះ។
ចំណែករដ្ឋមន្ត្រីការបរទេសអាមេរិក លោក អេនតូនី ប្លីនកេន(Antony Blinken) បានព្រមានថាទង្វើបែបនេះ ឬបទឈប់បាញ់នឹងបន្តផលប៉ះពាល់ ថែមទាំងអាចជំរុញឱ្យកើតមានអំពើហិង្សាកាន់តែខ្លាំងឡើងដោយក្រុមសកម្មប្រយុទ្ធ។
ក្នុងកិច្ចពិភាក្សាអស់មួយរសៀលជាមួយមន្ត្រីការទូតអេហ្ស៊ីប ហ្សកដានី អារ៉ាប៊ីសាអូឌីត កាតា និងអេមីរ៉ាទី និងមន្ត្រីជាន់ខ្ពស់ប៉ាឡេស្ទីន លោក Blinken បានត្រឹមនិយាយបង្ហាញពីគោលបំណងរួមមួយក្នុងការការពារជនស៊ីវិល និងពិចារណាលំហូរជំនួយទៅកាន់ទឹកដីដែលត្រូវបានឡោមព័ទ្ធដោយកងទ័ពអ៊ីស្រាអែលគឺតំបន់ហ្គាហ្សា។
សន្និសីទសារព័ត៌មានរួមជាមួយមន្ត្រីជាន់ខ្ពស់មកពីពិភពអារ៉ាប់ គេសង្កេតឃើញថាមានភាពមិនស៊ីសង្វាក់គ្នាស្តែងឱ្យឃើញច្បាស់ ពោលគឺកិច្ចពិភាក្សានេះពួកគេមានពេលពេលវេលា ឬឱកាសថតរូបថតច្រើនដែលខុសផ្ទុយពីពេលដែលលោក Blinken ជួបប្រជុំពិភាក្សាបិទទ្វារជាមួយនាយករដ្ឋមន្រ្តី បេនចាមីន ណេតានយ៉ាហ៊ូ( Benjamin Netanyahu) នៅទីក្រុង តែល អាវី(Tel Aviv)។
មកទល់ពេលនេះ រដ្ឋមន្ត្រីអារ៉ាប់បានអំពាវនាវម្តងហើយម្តងទៀតឱ្យបញ្ឈប់ការប្រយុទ្ធនៅពេលនេះ និងថ្កោលទោសយុទ្ធសាស្ត្រសង្គ្រាមរបស់អ៊ីស្រាអែលផងដែរ។
ដោយឡែក រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Blinken នៅតែប្រកាន់ជំហររបស់សហរដ្ឋអាមេរិកយ៉ាងម៉ឺងម៉ាត់ថា បទឈប់បាញ់នឹងធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងកាតព្វកិច្ចរបស់អ៊ីស្រាអែល ក្នុងការការពារពលរដ្ឋរបស់ខ្លួន បន្ទាប់ពីការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលដោយក្រុមហាម៉ាស់កាលពីថ្ងៃទី៧ ខែតុលា នៅទូទាំងភាគខាងត្បូងអ៊ីស្រាអែល។ លោកបាននិយាយថា ការប្តេជ្ញាចិត្តរបស់រដ្ឋបាល Biden ចំពោះសិទ្ធិការពារខ្លួនរបស់អ៊ីស្រាអែល នៅតែមិនផ្លាស់ប្តូរឡើយ។
លោក Blinken បាននិយាយថា ៖ «វាជាទស្សនៈរបស់យើងនៅពេលនេះ។ បទឈប់បាញ់ដែលទុកឱ្យក្រុមហាម៉ាស់នៅនឹងកន្លែង ធ្វើឱ្យពួកគេអាចប្រមូលផ្តុំឡើងវិញ និងធ្វើរឿងដដែលម្តងទៀត»។
ផ្ទុយពីសហរដ្ឋអាមេរិក ក្រុមមន្ត្រីជាន់ខ្ពស់ពីប្រទេសអារ៉ាប់ លើកឡើងថាវាលឿនពេកក្នុងការគិតគូរដល់អនាគតតំបន់ហ្គាហ្សាក្រោយចប់សង្គ្រាមរបស់លោក Blinken។ ផ្ទុយទៅវិញ ក្រុមមន្ត្រីប្រទេសអារ៉ាប់ថា ការបញ្ឈប់ការសម្លាប់ និងការស្ដារឡើងវិញនូវជំនួយមនុស្សធម៌ដែលមានស្ថិរភាព គឺជារឿងបន្ទាន់ដែលត្រូវតែដោះស្រាយជាមុន។
ស្របពេលជាមួយគ្នានេះដែរ ពីទីក្រុង Beirut មន្ត្រីជាន់ខ្ពស់របស់អង្គការ Hamas លោក Osama Hamdan បានប្រាប់អ្នកយកព័ត៌មានថា Blinken គួរតែបញ្ឈប់ការឈ្លានពាន ហើយមិនគួរបង្កើតគំនិតដែលមិនអាចអនុវត្តបាន។ លោក Hamdan បញ្ជាក់ដែរថា អនាគតនៃតំបន់ហ្គាហ្សានឹងត្រូវសម្រេចដោយជនជាតិប៉ាឡេស្ទីន៕
ប្រែសម្រួល៖ស្រ៊ុន សិរីវឌ្ឍនៈ
ប្រភព៖ Arab leaders push for an Israel-Hamas cease-fire now https://apnews.com/article/blinken-mideast-diplomacy-gaza-israel-hamas-war-9d9ada872b84699424f17f13df1c3560