នាវាទេសចរណ៍ខ្នាតធំមួយគ្រឿង នាំអ្នកទេសចរចម្រុះជាតិជាងមួយពាន់នាក់ មកទស្សនាកម្ពុជាពីរថ្ងៃ
ភ្នំពេញ៖ មន្រ្តីនៃមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឱ្យដឹងថា នាវាទេសចរណ៍ខ្នាតធំមួយគ្រឿងបានចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍ និងនាវិកប្រមាណមួយពាន់នាក់ មកទស្សនាប្រទេសកម្ពុជារយៈពេលពីរថ្ងៃ។
លោក តាំង សុចិត្រគ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានប្រាប់ឱ្យដឹងនៅថ្ងៃទី៥ ខែវិច្ឆកាថា បន្ទាប់ពីបានចូលចត ក្រុមការងារបដិសណ្ឋារកិច្ច នៃមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ រួមទាំងអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ផ្នែក បានទទួលភ្ញៀវទេសចរទាំងនោះ និងបានរៀបចំរក្សាសន្តិសុខសុវត្ថិភាពជូនភ្ញៀវ គ្រប់កន្លែងដែលពួកគេបានទៅទស្សនាយ៉ាងយកចិត្តទុកដាក់បំផុត។
លោកបានបន្ថែមថា នាវានេះ មានឈ្មោះថា «VIKING ORION»របស់ប្រទេស NORWAY ដែលមានចំនួននាវិកចម្រុះជាតិសាសន៍ (៥០សញ្ជាតិ) ចំនួន ៤៦៩នាក់ (ស្រី៩៤) ,មានផ្ទុកភ្ញៀវទេសចរចំនួន ៨៦៨នាក់ (ស្រី៤៥០នាក់) ក្នុងនោះមានជាតិសាសន៍សរុបចំនួន ១៨សញ្ជាតិផងដែរ។
លោកប្រធានមន្ទីរបានបន្តថា នាវានេះមុនមកដល់ប្រទេសកម្ពុជា បានឆ្លងកាត់ប្រទេសវៀតណាមហើយ បន្ទាប់ពីដើរកម្សាន្ដតាមតំបន់ទេសចរណ៍មួយចំនួននៅប្រទេសកម្ពុជារួចហើយនៅរសៀលថ្ងៃទី៥ ខែវិច្ឆិកា នឹងបន្តដំណើរទៅកាន់ប្រទេសថៃផងដែរ។
លោកបានបញ្ជាក់ថា ៖ «ក្នុងនាមមន្ទីរទេសចរណ៍ ខ្ញុំសូមអំពាវនាវឱ្យអាជីវករចូលរួមរៀបចំសណ្ដាប់ធ្នាប់ អនាម័យបរិស្ថាន តុបតែងលម្អទីតាំងរបស់ខ្លួនផ្ដល់សេវាកម្មឱ្យបានល្អ និងតម្លៃសមរម្យ ហើយត្រូវមានដាក់តារាងតម្លៃមុខម្ហូប ទំនិញ សេវាផ្សេងៗ ដើម្បីឱ្យភ្ញៀវទេសចរមកកម្សាន្ដទទួលបាននូវទំនុកចិត្ត និងភាពរីករាយ ហើយនឹងអាចមានការត្រឡប់មកលេងកម្សាន្ដនៅប្រទេសយើង នៅពេលក្រោយទៀត»។
ចំណែក លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានប្រាប់ឱ្យដឹងដែរថា ភ្ញៀវទេសចរ ដែលបានមកដល់ទឹកដីខេត្តព្រះសីហនុជាង១ពាន់នាក់នោះ បានធ្វើដំណើរកម្សាន្តទៅកាន់តំបន់រមណីយដ្ឋាននានាដូចជា តាមតំបន់ឆ្នេរ តំបន់កោះមួយចំនួន និងតាមវត្តអារាមបុរាណផងដែរ។
លោកបានបន្ថែមថា ក្រុមការងារអាជ្ញាធរ បានរៀបចំសណ្តាប់ធ្នាប់ ដើម្បីរក្សាសន្តិសុខ ជូនអ្នកទេសចរ ជាពិសេសការណែនាំដល់អាជីវករជាអ្នកលក់ដូរចំណីអាហារ នៅតាមហាង និងផ្សារនានា ឱ្យលក់នៅក្នុងតម្លៃសមរម្យ ចៀសវាងការលក់ថ្លៃជ្រុលហួសហេតុពេក ដែលធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ភ្ញៀវ។
«យើងបានណែនាំដល់អាជីវករ ឱ្យគាត់លក់ដូរ មានអនាម័យ និងលក់ក្នុងតម្លៃមួយសមរម្យ ដើម្បីទាក់ទាញអ្នកទេសចរដែលមកកម្សាន្តក្នុងឱកាសនេះ អាចផ្សព្វផ្សាយបន្តដល់ជនជាតិ ឬប្រទេសរបស់គាត់ ពីកេរ្ត៍ឈ្មោះដ៏ល្អរបស់កម្ពុជា ជាពិសេសខេត្តព្រះសីហនុ ដែលវាក៏ជាកត្តាមួយដ៏សំខាន់ក្នុងការជំរុញកំណើនទេសចរនៅរដូវHigh Seasonនេះដែរ»។ លោក ឡុង ឌីម៉ង់បានបញ្ជាក់បន្ថែមថា។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បានប្រាប់ដែរថា ការចូលចតនៃនាវាទេសចរណ៍ខ្នាតយក្សនេះ បានបង្ហាញពីសញ្ញាវិជ្ជមានមួយ សម្រាប់វិស័យទេសចរណ៍របស់កម្ពុជា ជាពិសេសក្នុងខេត្តព្រះសីហនុផ្ទាល់។
លោកស្រីបានបន្ថែមថា វាក៏ជាគោលការណ៍ក្នុងការទាក់ទាញទេសចរណ៍ ដោយរាជរដ្ឋាភិបាល បាននិងកំពុងពិចារណា ទៅលើទេសចរណ៍រយៈពេលខ្លី ដែលមានន័យថា អ្នកទេសចរដែលមកកំសាន្តមិនស្នាក់នៅទេ ប៉ុន្តែចូលក្នុងចំនួនរាប់ពាន់នាក់ ឬឈានដល់រាប់ម៉ឺននាក់ ក្នុងនាវាយក្សនីមួយៗ។
លោកស្រី ឆាយ ស៊ីវលីន បាននិយាយថា ៖ «នៅក្នុងករណី ដែលមានការលើកលែងណាមួយ ឬការលើកទឹកចិត្ត នោះនឹងទទួលបានកំណើនភ្ញៀវទេសចរច្រើនដែរ ដើម្បីឱ្យទេសចរទាំងនោះមានឱកាសបានមកស្គាល់ពីកម្ពុជាកាន់តែច្រើន ជាពិសេសខេត្តព្រះសីហនុ តាមរយៈការចុះកំសាន្តតាមរមណីដ្ឋាននានា ការភ្លក់អាហារដ៏ឈ្ងុយឆ្ងាញ់ ខណៈដែលរដ្ឋាភិបាល នឹងទទួលបានប្រាក់ចំណូលផ្សេងៗខ្លះដែរ ពីការចូលចតរបស់នាវាទាំងនោះ»៕
ដោយ៖វណ្ណ សុជាតា
