ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ៖ ពុំមានការបែកធ្លាយវិញ្ញាសា និងការមិនឱ្យប្រើប្រាស់ទូរស័ព្ទដៃ ក៏ដើម្បីការពារមិនឱ្យបែកធ្លាយវិញ្ញាសាដែរ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានថ្លែងបដិសេធថា៖ពុំមានការបែកធ្លាយវិញ្ញាសាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុបនោះទេ ហើយការបំភ្លៃការពិតនេះអាចជាចេតនាអាក្រក់តាមរូបភាពនយោបាយពីជនមួយក្តាប់តូចណាមួយប៉ុណ្ណោះ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ បានថ្លែងបែបនេះ ក្នុងពេលអញ្ជើញ បើកហឹបវិញ្ញាសានៅតាមបន្ទប់ប្រឡងនៅព្រឹកថ្ងៃទី១ នៃការប្រឡងបាក់ឌុប ដែលបានធ្វើឡើងនៅតាមមណ្ឌលប្រឡងវិទ្យាល័យព្រះស៊ីសុវត្ថិ ក្នុងរាជធានីភ្នំពេញ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុនបានថ្លែងថា៖” ឆ្នាំនេះគឺជាលើកទី១០ហើយដែលក្រសួងបានធ្វើកំណែទម្រង់នៃការប្រឡងដើម្បីសំដៅធ្វើយ៉ាងណាកុំឱ្យមានបែកធ្លាយវិញ្ញាសា។ក្នុងនេះក្រសួងបានរៀបចំវិធានការ ដែលក្នុងនោះរួមទាំងអ្នកដែលតាក់តែងវិញ្ញាសា ក្រុមអ្នកថតចម្លង វេចខ្ចប់ និងក្រុមអ្នកដឹកជញ្ជូន ក្រុមអ្នកទុកដាក់ត្រូវបានគេគិតគូយ៉ាងម៉ត់ចត់ និងពិសេសមានការចូលរួមពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយថែមទៀត។អញ្ចឹងមិនត្រឹមតែក្រសួងអប់រំទេដែលបានដាក់ចេញនូវវិធានការការពារនេះ។ គ្រប់ដំណាក់កាល និងក្នុងនេះរួមទាំងការចេញទៅបើកវិញ្ញាសាផងសុទ្ធសឹងមានការសម្ងាត់ទាំងអស់” ។
ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងដោយថ្លែងថា៖ការបង្កើតរឿងបែកធ្លាយវិញ្ញាសាការប្រឡងបាក់ឌុបនាឆ្នាំនេះគឺជាលើកទី១ហើយ។ការបែកធ្លាយនេះដែរអាចជាចេតនានយោបាយអាក្រក់ក៏អាចថាបានដើម្បីបន្តុះបង្អាប់។អ្វីដែលសំខាន់យើងត្រូវគិតថាការបែកធ្លាយនេះអត់ចំណេញដល់យុវជនរបស់យើងទេ។យុវជនគឺត្រូវការសិក្សារៀនសូត្រ គេត្រូវធ្វើយ៉ាងណាលើកទឹកចិត្តឱ្យពួកគាត់ខិតខំរៀនសូត្រ កុំឱ្យពួកគាត់ទៅខំរកវិញ្ញាសាបែកធ្លាយនោះ”។

ឯកឧត្តមបានលើកឡើងដោយបញ្ជាក់បន្ថែមថា៖”ខ្ញុំសុំបញ្ជាក់ថាពុំមានការបែកធ្លាយទេ ព្រោះថាយើងធ្វើនេះម៉ត់ចត់ សូម្បីតែសោរដែលកាន់ខុសគ្នាក៏មានការចួលរួមត្រួតពិនិត្យជាប់ជាប្រចាំពីអង្គភាពប្រឆាំងអំពើពុករលួយផង”។

ជាមួយគ្នានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ បានបញ្ជាក់ឱ្យដឹងដែរថា ៖ប្រការដែលមិនឱ្យប្រើប្រាស់គ្រឿងអេឡិកត្រូនិកនេះគឺមានគោលដៅមិនឱ្យបែកធ្លាយវិញ្ញាសានេះឯង។យើងសួរថាហេតុអ្វីមិនឱ្យយកទូរស័ព្ទដៃចូលគឺដើម្បីចៀសវាងការថតចម្លងហ្នឹងឯង។នៅពេលដែលអ្នកថតចម្លងហើយបង្ហោះទៅក្រៅ រួចធ្វើជាចម្លើយបង្ហោះចូលវិញ ។ ទាំងអស់នេះជាមូលហេតុមិនឱ្យយកទូរស័ព្ទដៃចូលក្នុងពេលប្រឡង។សូម្បីតែអនុរក្ស គ្រូក៏មិនអាចយកទូរស័ព្ទដៃចូលបានដែរ។ សម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទដៃបានមានតែប្រធានមណ្ឌល និងគណៈកម្មការ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយតែក៏មិនឱ្យចេះតែប្រើដែរពោលគឺឱ្យប្រើតែក្នុងការងារប៉ុណ្ណោះ។

គួររំលឹកថាកាលពីថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០២៣ក្រសួងអប់រំបានចេញមកបដិសេធពីការបែកធ្លាយវិញ្ញាសា ប្រវត្តិវិទ្យា(ថ្នាក់វិទ្យាសាស្រ្ត)ខណៈការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) នេះផងដែរ។ក្រសួងអប់រំបានបញ្ជាក់ថា៖ ថ្មីៗនេះ ជនខិលខូចបានបង្ហោះព័ត៌មានអំពីការលេចធ្លាយវិញ្ញាសាប្រវត្តិវិទ្យា(ថ្នាក់វិទ្យាសាស្ត្រ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៦ វិច្ឆិកា ឆ្នាំ២០២៣ នៅតាមគ្រុបតេលេក្រាមនិង បណ្តាញសង្គមមួយចំនួន ដែលធ្វើឱ្យប៉ះពាល់ដល់ស្មារតីត្រៀមប្រឡងរបស់បេក្ខជន និងដំណើរការគ្រប់គ្រង វិញ្ញាសាដ៏គត់មត់របស់ក្រសួងអប់រំ យុវជន និងកីឡានិងភាគីពាក់ព័ន្ធទាំងអស់។

ក្នុងន័យនេះ ក្រសួងអប់រំ យុវជន និងកីឡាសូមបដិសេធនូវការលេចធ្លាយវិញ្ញាសា ដែលជនខិលខូចមាន ចេតនាធ្វើឱ្យប៉ះពាល់ដល់ដំណើរការប្រឡងទាំងមូល និងស្មារតីយកចិត្តទុកដាក់រៀនសូត្ររបស់បេក្ខជន។ ក្រសួង នឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការចំពោះជនខិលខូច ដែលបានផ្សព្វផ្សាយព័ត៌មានគ្មាន មូលដ្ឋានច្បាស់លាស់នេះ។

គួរបញ្ជាក់ថាការប្រឡងយកសញ្ញាបត្រ បាក់ឌុប នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ ដោយមានបេក្ខជន ចុះឈ្មោះប្រឡងសរុប ១៣៧ ៤១២នាក់ ស្រី៧៣ ២៧៨នាក់ មណ្ឌលប្រឡងសរុប ២២៧មណ្ឌល ត្រូវជា ៥ ៥៤៣បន្ទប់៕

អត្ថបទ ៖ លោក ជិន ម៉ាដេប៉ូ
រូបភាព ៖ លោក អ៊ិត រ៉ាវុធ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner