ក្រសួងពាណិជ្ជកម្ម នាំយកផលិតផលសំខាន់ៗរបស់កម្ពុជា ទៅចូលរួមពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី៦
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បាននាំយកផលិតផលសំខាន់ៗរបស់កម្ពុជាមួយចំនួនដូចជា អង្ករ គ្រាប់ស្វាយចន្ទី ម្រេច កាហ្វេ និងវត្ថុអនុស្សាវរីយ៍ជាដើម ទៅចូលរួមតាំងពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី៦ នាទីក្រុងសៀងហៃ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលមានរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី៥ ដលទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣។
ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា សម្រាប់ឆ្នាំ២០២៣នេះកម្ពុជាបានសាងសង់ពន្លាជាតិដែលមានទំហំ១៣៦ម៉ែត្រការ៉េ ដោយសាងសង់តាមលំនាំព្រះបរមរាជវាំង និងការតុបតែងជារចនាបថខ្មែរ។នៅក្នុងពន្លាជាតិកម្ពុជា មានដាក់តាំងបង្ហាញផលិតផលដែលមានសក្តានុពលដូចជា អង្ករ គ្រាប់ស្វាយចន្ទីរ ម្រេច កាហ្វេ និងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀត ព្រមទាំងដាក់តាំងបង្ហាញនូវរូបភាព និងវីដេអូ ដើម្បីផ្សព្វផ្សាយពីបរិយាកាសវិនិយោគ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ជាតិរបស់កម្ពុជាផងដែរ ។
លោក ប៉ែន សុវិជាតិ បានប្រាប់ឱ្យដឹងបន្ថែមនៅថ្ងៃទី៥ ខែវិច្ឆកា ថា បន្ទាប់ពីទទួលបានជោគជ័យជាបន្តបន្ទាប់ចំនួន៥លើក រួចមកហើយ កាលពីពេលកន្លងទៅ ក្រសួងពាណិជ្ជកម្ម បានបន្តដឹកនាំគណៈប្រតិភូពាណិជ្ជកម្មទៅរៀបចំចូលរួម ពិព័រណ៍ពាណិជ្ជកម្មទំនិញនាំចូលអន្តរជាតិចិន លើកទី៦ «The 6th China International Import Expo(CIIE)» ដែរ។
លោកបានបន្ថែមថា ពិព័រណ៍ពាណិជ្ជកម្មទំនិញនាំចូលអន្តរជាតិចិន គឺជាព្រឹត្តិការណ៍ពាណិជ្ជកម្មដ៏ធំមួយរបស់ប្រទេសចិន និងជាវេទិកាធុរកិច្ចដ៏សំខាន់ សម្រាប់កិច្ចសហប្រតិបតិ្តជាអន្តរជាតិលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទំនាក់ទំនងការទូតរវាងបណ្តាប្រទេសចូលរួមទាំងអស់ ជាមួយប្រទេសចិន។
ជាមួយគ្នានេះ លោកស្រី កែវ មុំ ប្រធានសមាគមសហគ្រិនស្រ្តី ក៏បានប្រាប់ឱ្យដឹងដែរថា ព្រឹត្តការណ៍តាំងពិព័រណ៍អន្តរជាតិ ដែលបណ្តាប្រទេសជាដៃគូពាណិជ្ជកម្មកម្ពុជា បានបង្កើតឡើង គឺជាកាលានុវត្តភាពសម្រាប់ធុរជននៅក្នុងស្រុកទាំងអស់ ដែលមានបំណងចង់ពង្រីកទីផ្សារនាំចេញរបស់ខ្លួន។
លោកស្រី បានថ្លែងបញ្ជាក់ថា ៖ «យើងតែងតែចង់ឱ្យសមាជិករបស់យើង មានមហិច្ឆតាពង្រីកអាជីវកម្មរបស់ខ្លួនទៅក្រៅប្រទេសបន្ថែមទៀត តាមរយៈការនាំយកផលិតផលដែលខ្លួនបានផលិតប្រកបដោយគុណភាព ទៅផ្សព្វផ្សាយដល់អ្នកប្រើប្រាស់នៅតាមបណ្តាប្រទេសនានា ដោយដាក់ស្លាកសញ្ញាថា Made in Cambodia»។
សូមជម្រាបថា ពិព័រណ៍នាំចូលអន្ដរជាតិចិន គឺជាថ្នាលបើកច្រកសម្រាប់កិច្ចសហប្រតិបត្តិការជាអន្តរជាតិ រៀបចំឡើងដោយសាធារណរដ្ឋប្រជាមានិតចិន សម្រាប់គ្រប់បណ្តាប្រទេសទាំងអស់នៅជុំវិញពិភពលោកបានចូលរួមដើម្បីដាក់តាំងបង្ហាញពីសមិទ្ធផលនានាដែលសម្រេចបាន និងអនុវត្តសកម្មភាពពាណិជ្ជកម្មជាអន្តរជាតិ ក៏ដូចជាវេទិកាសម្រាប់ការចែកចាយទំនិញរបស់ប្រទេសចិនជាសកលទៅគ្រប់បណ្តាប្រទេសទាំងអស់នៅជុំវិញពិភពលោក។
ព្រឹត្តិការណ៍ពិព័រណ៍នេះ ក៏នឹងនាំឱ្យមានការបើកកិច្ចពិភាក្សា និងចរចាពាណិជ្ជកម្មជាសកលពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងសេដ្ឋកិច្ចពិភពលោក ដើម្បីធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសេដ្ឋកិច្ចជាសកល។ ព្រឹត្តិការណ៍ពិព័រណ៍នេះ មិនត្រឹមតែបានផ្តល់ឱកាសដល់គ្រប់បណ្តាប្រទេសនានាជុំវិញពិភពលោកមានលទ្ធភាពពង្រីកការនាំចេញមកកាន់ប្រទេសចិនប៉ុណ្ណោះទេ តែថែមទាំងជាវេទិកាសម្រាប់ប្រទេសទាំងអស់ចូលរួមសកម្មភាពពាណិជ្ជកម្មអន្តរជាតិ និងចែករំលែកកាលានុវត្តភាពនៃការធ្វើជំនួញជាមួយគ្នាទៅវិញទៅមកផងដែរ៕
ដោយ៖វណ្ណ សុជាតា

