មនុស្ស ១៥៧ នាក់បានស្លាប់និងរាប់ពាន់នាក់បាត់បង់ផ្ទះសម្បែងនៅក្នុងគ្រោះរញ្ជួយដីនៅប្រទេសនេប៉ាល់
កដ្ឋមណ្ឌូ៖ អ្នកភូមិរាប់ពាន់នាក់នៅលើភ្នំនៃភាគពាយ័ព្យនៃប្រទេសនេប៉ាល់បានសម្រាកនៅទីវាលក្រោមសីតុណ្ហភាពដ៏ត្រជាក់ កាលពីយប់ថ្ងៃសៅរ៍ទី៤ ខែវិច្ឆិកា បន្ទាប់ពីគ្រោះរញ្ជួយដីបានបំផ្លាញផ្ទះសម្បែងភាគច្រើន និងសម្លាប់មនុស្សយ៉ាងហោចណាស់ ១៥៧ នាក់។
ផ្ទះស្ទើរទាំងអស់នៅក្នុងភូមិនានាក្នុងសង្កាត់ Jajarkot បានដួលរលំ ឬរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយការរញ្ជួយដីភ្លាមៗ ហើយសូម្បីតែផ្ទះបេតុងជាច្រើនខ្នងក៏រងការខូចខាតដូចគ្នាផងដែរ។ ប្រជាជនក្នុងតំបន់បានប្រើប្រាស់អ្វីៗគ្រប់យ៉ាងដែលពួកគេអាចរកបាន ដើម្បីរៀបចំជាជម្រកសម្រាប់ពេលយប់ ដោយប្រើប្រាស់ក្រដាសជ័រ និងសម្លៀកបំពាក់ចាស់ៗដើម្បីរក្សាភាពកក់ក្តៅ។
ស្ថិតក្នុងសភាពទុក្ខសោក និងចង្អុលទៅសាកសពចំនួន ១៣ ដែលរុំដោយក្រណាត់ស លោក Lal Bahadur Bika ជាអ្នកស្រុកនៅក្នុងភូមិ Chiuri បាននិយាយថា ៖ «យើងកំពុងរង់ចាំបូជាសពអ្នកភូមិរបស់យើងនៅថ្ងៃអាទិត្យ និងព្យាយាមមើលថែអ្នកដែលរងរបួសពីការរញ្ជួយដីនេះ»។
បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៃប្រទេសនេប៉ាល់បានរាយការណ៍ថា អ្នកស្លាប់ភាគច្រើនត្រូវកប់ក្រោមកំទេចកំទី នៅពេលដែលផ្ទះរបស់ពួកគេបានបាក់ស្រុតចុះភ្លាមៗខណៈពេលកំពុងសម្រាកលង់លក់។
ស្របពេលជាមួយគ្នានេះ ក្រុមអ្នកជួយសង្គ្រោះក៏បានប្រញាប់ប្រញាល់ទៅរកជំនួយ ដ្បិតអីប្រតិបត្តិការមានឧបសគ្គខ្លាំងដោយគេអាចធ្វើដំណើរទៅកាន់តំបន់រងគ្រោះតាមរយៈថ្មើរជើងប៉ុណ្ណោះ។ ផ្លូវថ្នល់មិនអាចធ្វើដំណើរការដោយសារការបាក់ដីដែលបង្កឡើងដោយការរញ្ជួយដី។
ឧបនាយករដ្ឋមន្ត្រីនេប៉ាល់លោក Narayan Kaji Shrestha បាននិយាយកាលពីថ្ងៃសៅរ៍ថា រដ្ឋាភិបាលកំពុងព្យាយាមស្វែងរកវិធី និងជំនួយបន្ថែមដល់តំបន់រងគ្រោះ។ តង់ អាហារ និងថ្នាំពេទ្យ ត្រូវនាំចូលទៅដល់ទីតាំងតាមរយៈផ្លូវអាកាសឱ្យបានលឿន ព្រោះមនុស្សរាប់ពាន់នាក់ក្លាយជាមនុស្សគ្មានផ្ទះសម្បែងពេញមួយយប់មកហើយ។
លោក Bimal Kumar Karki ជាមនុស្សដំបូងគេម្នាក់ដែលត្រូវបានគេនាំទៅមន្ទីរពេទ្យក្នុងតំបន់នោះ បាននិយាយថា ៖ «ខ្ញុំបានស្រែក ប៉ុន្តែអ្នកជិតខាងរបស់ខ្ញុំម្នាក់ៗស្ថិតក្នុងស្ថានភាពដូចគ្នាដោយស្រែកឱ្យគេជួយ។ ខ្ញុំកប់ក្នុងគំនរផ្ទះប្រហែលកន្លះម៉ោងទៅមួយម៉ោងមុនពេលមានអ្នកជួយសង្គ្រោះខ្ញុំ»។
បើតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិកបានឱ្យដឹងថា ការរញ្ជួយដីនេះមានកម្រិតបឋម ៥.៦ រ៉ិចទ័រ កើតឡើងនៅជម្រៅ ១១ ម៉ាយ ឬ១៨ គីឡូម៉ែត្រ។ ចំណែកមជ្ឈមណ្ឌលតាមដាន និងស្រាវជ្រាវគ្រោះរញ្ជួយដីជាតិរបស់ប្រទេសនេប៉ាល់ បាននិយាយថា ចំណុចកណ្តាលរបស់វាស្ថិតនៅក្នុងទីក្រុង Jajarkot ដែលមានចម្ងាយប្រហែល ៤០០គីឡូម៉ែត្រពីរដ្ឋធានី កដ្ឋមណ្ឌូ(Kathmandu)។
គួរជម្រាបថា ការរញ្ជួយដីកើតឡើងញឹកញាប់ក្នុងប្រទេសនេប៉ាល់។ ក្នុងឆ្នាំ ២០១៥ ការរញ្ជួយដីដែលមានកម្រិតដល់ ៧.៨ រិចទ័រ បានសម្លាប់មនុស្សប្រហែល ១ពាន់នាក់ និងបង្កការខូចខាតរចនាសម្ព័ន្ធចំនួន ១ លានកន្លែង៕
ប្រែសម្រួល៖ស្រ៊ុន សិរីវឌ្ឍនៈ
ប្រភព៖ Thousands sleep outside in Nepal after earthquake kills at least 157 people and destroys most houses