សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ថ្នាក់ជាតិត្រូវបន្តជួយបីចំណុច ដើម្បីជំរុញកំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការ
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា ថ្នាក់ជាតិត្រូវបន្តជួយ បីចំណុច ដើម្បីជំរុញ កំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការ ក្នុងនោះគឺទី១-ការប្រគល់សិទ្ធិ, ទី២-ការផ្ដល់លទ្ធភាព និងទី៣-ការជួយគាំទ្របង្កើនសមត្ថភាព។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងបែបនេះ នាឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារថ្មី នៃទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
សម្តេចធិបតី បានលើកឡើងថា ការជំរុញកំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការ គឺត្រូវតែបន្ត ហើយត្រូវតែសម្រួច ខណៈអ្វីដែលនៅសេសសល់ ត្រូវខិតខំដុសខាត់វា។
សម្តេចបន្តថា ពិតណាស់ អ្វីដែលថ្មី គឺយើងមិនប្រាកដថា វាល្អអត់ខ្ចោះនោះទេ ហើយយើងមិនអាចកាត់ ផ្ដាច់សេវា ថ្នាក់ជាតិភ្លាម ទម្លាក់ទៅដល់ថ្នាក់ក្រោមនោះទេ វាត្រូវមានដំណាក់កាលនៃការផ្ទេរ ដែល វាត្រូវការពេលវេលា និងនីតិវិធីច្បាស់លាស់ ដើម្បីកុំឱ្យដាច់នូវសេវា ។ គិតគូរបង្កើនសមត្ថភាពនៅមូលដ្ឋាន គឺយើងបង្កើនសិទ្ធិ បង្កើនការទទួលខុសត្រូវ គឺត្រូវបង្កើនសមត្ថភាពមន្រ្តីនៅក្នុងការបំពេញភារកិច្ច។
សម្តេចនាយករដ្ឋមន្ត្រី បានបន្ថែមថា បើសិនជាការផ្ទេរកិច្ចការទៅលឿនពេក ហើយមន្ត្រីរបស់យើង មិនទាន់មានសមត្ថភាព វានឹងនាំឲ្យមានភាពចន្លោះប្រហោង ប៉ុន្តែវិមជ្ឈការ និងសហវិមជ្ឈការ វាមិន មែនជាបញ្ហាថ្មីទេ គឺយើងបានអនុវត្តនៃច្រើនអាណត្តិ នៃរាជរដ្ឋាភិបាល រួចមកហើយ ។
សម្តេចធិបតី ថា ពាក់ព័ន្ធទៅនឹងកិច្ចការងារនេះ អាជ្ញាធរមូលដ្ឋាន ត្រូវការការជួយបី ទី១-ការប្រគល់សិទ្ធិ, ទី២-ការផ្ដល់លទ្ធភាព និងទី៣-ការជួយគាំទ្របង្កើនសមត្ថភាព។ កិច្ចការទាំងអស់នេះ រាជរដ្ឋាភិបាលថ្នាក់ជាតិ និងបន្តជួយក្នុងកិច្ចការងារនេះ ។
សម្ដេចថា ជាមួយការផ្ដល់សិទ្ធិ គឺយើងបានផ្ដល់រួចហើយ គឺបានប្រគល់ដាវទៅដល់រដ្ឋបាលរាជធានី ខេត្ត និងរដ្ឋបាលក្រុង ស្រុក ខណ្ឌ។ ទៅមុខទៀត យើងនឹងខិតខំបង្កើនសិទ្ធិ ដល់ថ្នាក់ឃុំ-សង្កាត់ ដើម្បីខិតជិតប្រជាពលរដ្ឋ បម្រើប្រជាពលរដ្ឋ ព្រោះវាត្រូវការភាពបត់បែន យើងមិនត្រូវការរូបមន្តមួយរឹងកំព្រឹស ដែលថា ត្រូវតែអនុវត្តតាមនោះទេ ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ

