នាយករដ្ឋមន្ត្រី អាណត្តិទី៧ នៃរដ្ឋសភា ចាត់ទុកអគារថ្មីនៃទីស្តីការក្រសួងមហាផ្ទៃ គឺជាមរតកមិនអាចកាត់ថ្លៃបាន របស់រាជរដ្ឋាភិបាល អាណត្តិចាស់
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា បានថ្លែងចាត់ទុកអគារថ្មីនៃទីស្តីការក្រសួងមហាផ្ទៃ គឺជាមរតកមិនអាចកាត់ថ្លៃបាន របស់រាជរដ្ឋាភិបាល អាណត្តិចាស់ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងបែបនេះ នាឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារថ្មី នៃទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
សម្តេចធិបតី បានមានប្រសាសន៍ថា អគារថ្មីនៃទីស្តីការក្រសួងមហាផ្ទៃ គឺជាមរតកមិនអាចកាត់ថ្លៃបានរបស់រាជរដ្ឋាភិបាលអាណត្តិចាស់ ដែលផ្តួចផ្តើមសាងសង់ដោយសម្តេចក្រឡាហោម ស ខេង អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បច្ចុប្បន្នជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងការគាំទ្ររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្នជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំពឹងថា មន្ត្រីរាជការក្រសួងមហាផ្ទៃ នឹងដឹងគុណចំពោះគុណូបការៈដ៏ធំធេងរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលអាណត្តិចាស់ តាំងចិត្តបម្រើប្រជាពលរដ្ឋឱ្យអស់លទ្ធភាព និងប្រកបដោយប្រសិទ្ធភាពខ្ពស់។
សម្តេច បានបន្តថា គោលនយោបាយនឹងស្ថិតតែនៅក្នុងក្រដាស់ បើគ្មានអ្នកយកទៅអនុវត្តន៍ទេនោះ។ សម្តេច ក៏បានកោតសរសើរមន្ត្រីក្រសួងមហាផ្ទៃ ដែលបានប្រឹងប្រែងអនុវត្តន៍កិច្ចការទាំងឡាយ ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាល។
សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏មានក្តីរំពឹងខ្ពស់ចំពោះមន្ត្រី ក្រសួងមហាផ្ទៃ ក្នុងការបំពេញរាល់កិច្ចការជាគោលនយោបាយ របស់រាជរដ្ឋាភិបាល ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ







