ស្ថានភាពចំណាប់ខ្មាំងនៅអាកាសយានដ្ឋានហេមប៊ឺក បានបញ្ចប់ខណៈជនបង្កត្រូវបានចាប់ខ្លួន
តួកគី៖ស្ថានភាពចំណាប់ខ្មាំងនៅអាកាសយានដ្ឋាន ហេមប៊ឺក(Hamburg) ត្រូវបានបញ្ចប់នៅត្រឹមរសៀលថ្ងៃទី៥ ខែវិច្ឆិកា ប្រហែល ១៨ ម៉ោងបន្ទាប់ពីបុរសម្នាក់បានបើករថយន្តទម្លុះច្រកទ្វារអាកាសយានដ្ឋានជាមួយកូនស្រីអាយុ ៤ ឆ្នាំរបស់ខ្លួន ចូលទៅខាងក្នុងបរិវេណចំណតរបស់យន្ដហោះ។
ហេតុការណ៍បើករថយន្ដទម្លុះច្រកទ្វាព្រលានយន្ដហោះនេះ ធ្វើឡើងក្រោយបុរសជនជាតិតួកគីម្នាក់ចង់ធ្វើដំណើរទៅប្រទេសតួកគីជាមួយកូនស្រីរបស់ខ្លួន ដោយគ្មានឯកសារគ្រប់គ្រាន់។ បុរសនោះបានបាញ់កាំភ្លើងពីរគ្រាប់ទៅលើអាកាស និងបានបើកឡានទៅសំងំនៅក្រោមយន្ដហោះ។
ក្រោយដោះស្រាយស្ថានការណ៍នេះបាន បុរសរូបនោះត្រូវបានចាប់ខ្លួន ។រីឯក្មេងស្រីក៏ទំនងជាមិនមានរងរបួសអ្វីឡើយ។
ទាក់ទងនឹងហេតុការណ៍នេះ អាជ្ញាធរទីក្រុង Hamburg បានបង្ហោះនៅលើបណ្ដាញសង្គម X ដែលពីមុនត្រូវបានគេស្គាល់ថាជា Twitter ថា ៖ «ស្ថានភាពចំណាប់ខ្មាំងបានបញ្ចប់ហើយ ជនសង្ស័យបានទុកកូនស្រីនៅក្នុងរថយន្ដ ហើយក្មេងស្រីនោះហាក់ដូចជាគ្មានគ្រោះថ្នាក់អ្វីឡើយ»។
មុននឹងឈានដល់ការបញ្ចប់ករណីនេះ អ្នកចិត្តសាស្រ្តបានចរចាជាមួយបុរសនោះអស់ជាច្រើនម៉ោង ហើយប៉ូលិសបាននិយាយថា មិនមាននរណាម្នាក់រងរបួសក្នុងអំឡុងពេលប្រឈមមុខគ្នានោះទេ ព្រោះអ្នកដំណើរទាំងអស់ត្រូវបានជម្លៀសចេញពីព្រលានយន្តហោះរួចរាល់។
ដោយឡែក កាលពីល្ងាចថ្ងៃអាទិត្យ ប៉ូលិសបានចេញផ្សាយព័ត៌មានលម្អិតអំពីអត្តសញ្ញាណរបស់អ្នកចាប់ចំណាប់ខ្មាំងដោយនិយាយថា គាត់ជាពលរដ្ឋតួកគីដែលស្ថិតនៅក្រោមការស៊ើបអង្កេតម្ដងរួចទៅហើយ សម្រាប់ការចោទប្រកាន់ថាបានចាប់ពង្រត់កូនស្រីរបស់ខ្លួនកាលពី ខែមីនាឆ្នាំ ២០២២។
នៅពេលនោះ រូបគេបានធ្វើដំណើរទៅប្រទេសតួកគីជាមួយកូនស្រីរបស់ខ្លួនដោយគ្មានការអនុញ្ញាត ពីមន្ត្រីអាកាសចរណ៍ ប៉ុន្តែក្រោយមកភាគីម្តាយក៏អាចនាំកូនត្រឡប់ទៅប្រទេសអាល្លឺម៉ង់វិញ។
បើទោះជាយ៉ាងនេះក្ដី ប៉ូលិសមិនបានបញ្ចេញឈ្មោះជនសង្ស័យនោះទេ ដោយអនុវត្តស្របតាមច្បាប់ឯកជនភាពរបស់អាល្លឺម៉ង់។
តាមរយៈហេតុការណ៍នេះ នៅល្ងាចថ្ងៃសៅរ៍ ទី៣ ខែវិច្ឆិកា ជើងហោះហើរចំនួន ១៧ ដែលគ្រោងនឹងចុះចតនៅទីក្រុង Hamburg ត្រូវបានបង្វែរទិសដៅ ហើយជើងហោះហើរចំនួន ២៨៦ជើង ផ្សេងទៀតត្រូវបានកំណត់ពេលសម្រាប់ថ្ងៃអាទិត្យដោយដឹកអ្នកដំណើរប្រហែល ៣៤,៥០០នាក់។ ក្រោយមក នៅព្រឹកថ្ងៃអាទិត្យ អ្នកគ្រប់គ្រងព្រលានយន្ដហោះ បានប្រកាសពីការផ្អាកចរាចរណ៍ផ្លូវអាកាសជាបណ្ដោះអាសន្នសិន រហូតដល់មានការជូនដំណឹងបន្ថែម៕
ប្រែសម្រួល៖កែវ បុស្បា
ប្រភព៖ Abducted girl safe and father arrested after hostage situation paralyzed Hamburg Airport