ចិនជំរុញមីយ៉ាន់ម៉ាឱ្យសហការលើការរក្សាស្ថិរភាពនៅតាមព្រំដែន
ប៉េកាំង៖មន្រ្តីការទូតចិននិយាយថ្ងៃចន្ទទី៦ ខែវិច្ឆិកាថា មីយ៉ាន់ម៉ាគួរតែសហការជាមួយចិន ដើម្បីរក្សាស្ថិរភាពនៅតាមព្រំដែនរួមរបស់ប្រទេសទាំងពីរ បន្ទាប់ពីយោធាមីយ៉ាន់ម៉ាបាញ់ធ្លោយគ្រាប់ចូលទឹកដីចិនបង្កការស្លាប់ និងរបួស ចំពេលដែលការប្រយុទ្ធគ្នានៅក្នុងប្រទេសមីយ៉ាន់ម៉ាកើនឡើងរវាងកងកម្លាំងយោធា និងក្រុមបះបោរ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ឧបការីរដ្ឋមន្ត្រីការបរទេសចិន លោក Nong Rong បានយ៉ាងដូច្នេះថា៖ «ចិនអំពាវនាវឱ្យមីយ៉ាន់ម៉ាចូលរួមសហការគ្នាដើម្បីរក្សាស្ថិរភាពនៅតាមបណ្តោយព្រំដែនចិន-មីយ៉ាន់ម៉ា ធានាសុវត្ថិភាពជីវិត និងទ្រព្យសម្បត្តិរបស់អ្នករស់នៅតាមព្រំដែនចិនដោយស្មោះ និងចាត់វិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីពង្រឹងសន្តិសុខរបស់កងកម្លាំងចិន»។
អ្នកនាំពាក្យរបបយោធាមីយ៉ាន់ម៉ា មិនទាន់ចេញប្រតិកម្មយ៉ាងណានោះទេ ជុំវិញបញ្ហានេះ។
កាលពីសប្តាហ៍មុន ក្រុមយោធាដែលកំពុងកាន់អំណាចនៅមីយ៉ាន់ម៉ា បាននិយាយថា ខ្លួនកំពុងព្យាយាមស្តារសណ្តាប់ធ្នាប់នៅជិតព្រំដែន បន្ទាប់ពីសម្ព័ន្ធមិត្តនៃកងទ័ពជនជាតិភាគតិច បានបើកការវាយប្រហារជាបន្តបន្ទាប់ទៅលើគោលដៅរបស់រដ្ឋាភិបាលយោធា។
ប៉ុន្តែសារព័ត៌មាន Asia Times បានរាយការណ៍ថា យោធាមីយ៉ាន់ម៉ាបានបាញ់ធ្លោយគ្រាប់ហួសគោលដៅ ចូលទៅក្នុងព្រំដែនចិនកាលពីថ្ងៃសៅរ៍ ដោយបណ្ដាលឱ្យពលរដ្ឋចិនម្នាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀតបានរងរបួស។
លោក Nong ដែលបានទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ាកាលពីថ្ងៃទី ៣-៥ ខែវិច្ឆិកា បាននិយាយថា ប្រទេសចិនសង្ឃឹមថា ប្រទេសមីយ៉ាន់ម៉ានឹងស្តារស្ថិរភាពឡើងវិញ ហើយខ្លួនបានគាំទ្រភាគីទាំងអស់ក្នុងការដោះស្រាយការខ្វែងគំនិតគ្នាឱ្យបានត្រឹមត្រូវ និងសម្រេចបាននូវការផ្សះផ្សាតាមរយៈការសន្ទនាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពចលាចលចាប់តាំងពីរដ្ឋប្រហារយោធាក្នុងខែកុម្ភៈ ឆ្នាំ ២០២១ ដែលផ្ដួលរំលំរដ្ឋាភិបាលជាប់ឆ្នោតបែបប្រជាធិបតេយ្យរបស់លោកស្រី អ៊ុង សានស៊ូជី។ រដ្ឋប្រហារបានបង្កើតក្រុមបះបោរគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលបានរួមសហការគ្នាជាមួយក្រុមទ័ពព្រៃជនជាតិភាគតិច ធ្វើការតស៊ូប្រឆាំងរដ្ឋាភិបាលយោធា។
ខណៈរដ្ឋាភិបាលលោកខាងលិចថ្កោលទោសយោធាមីយ៉ានម៉ា និងដាក់ទណ្ឌកម្មលើប្រទេសនេះ ចិន រួមជាមួយនឹងរុស្ស៊ី បានបង្ហាញការគាំទ្ររបស់ខ្លួនតាមរយៈសកម្មភាពផ្សេងៗ រួមទាំងការផ្គត់ផ្គង់អាវុធ។ ប្រទេសចិននិយាយថា ខ្លួនគាំទ្រមីយ៉ាន់ម៉ាក្នុងការស្វែងរកផ្លូវរបស់ខ្លួន ហើយបានជំរុញសហគមន៍អន្តរជាតិឱ្យគោរពអធិបតេយ្យភាពរបស់ប្រទេសនេះ៕
ប្រែសម្រួល៖ហួន ឌីណា
ប្រភព៖ China urges Myanmar to cooperate on maintaining stability on border