មេដឹកនាំតួកគី និងអ៊ីស្រាអែលផ្តាច់ទំនាក់ទំនងគ្នា ក្រោយអ៊ីស្រាអែលបដិសេធបទឈប់បាញ់នៅហ្គាហ្សា
អង់ការ៉ា៖ ប្រទេសតួកគីបានដកឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំប្រទេសអ៊ីស្រាអែល ដោយលើកឡើងពីការបដិសេធរបស់ទីក្រុងហ៊្សេរុយសាឡឹម ក្នុងការពិចារណាលើបទឈប់បាញ់នៅតំបន់ហ្គាហ្សា។
ប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្កាន់ បានកាត់ផ្តាច់ទំនាក់ទំនងជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ ដោយសារតែការទម្លាក់គ្រាប់បែកឥតឈប់ឈររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា។ លោក អឺដូហ្កាន់ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយតួកគីថា លោក ណឺតាន់យ៉ាហ៊ូ លែងជាមនុស្សដែលយើងអាចនិយាយជាមួយបានទៀតហើយ… យើងបានបោះបង់គាត់ចោលហើយ។

លោក អឺដូហ្កាន់ បន្តថា ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់តួកគី លោក អ៊ីប្រាហ៊ីម ខាលីន កំពុងដឹកនាំការចរចាជាមួយអ៊ីស្រាអែល និងក្រុមហាម៉ាស។ បន្ថែមលើនេះ លោក អឺដូហ្កាន់ ចង់ឱ្យប្រទេសរបស់គាត់ដើរតួជាអ្នកធានា ប្រសិនបើកិច្ចព្រមព្រៀងសន្តិភាពអាចដំណើរការបានរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដោយប្តេជ្ញាថា នឹងធ្វើអ្វីគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន ដើម្បីបញ្ឈប់ការបង្ហូរឈាម។ លោកបានបញ្ជាក់ទៀតថា អង្គការសហប្រតិបត្តិការអ៊ីស្លាម នឹងត្រូវជួបប្រជុំនៅចុងខែនេះ ក្នុងទីក្រុងរីយ៉ាដ ដើម្បីពិភាក្សាអំពីបទឈប់បាញ់។

គួរបញ្ជាក់ថា យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនប្រមាណ ៩,៤៨៨នាក់ត្រូវបានសម្លាប់ ក្នុងនោះជាងមួយភាគបីនៃពួកគេ គឺជាកុមារ ចាប់តាំងពីអ៊ីស្រាអែលបានចាប់ផ្តើមទម្លាក់គ្រាប់បែក ជាការឆ្លើយតបទៅនឹងការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ក្រុមហាម៉ាសនៅថ្ងៃទី០៧ ខែតុលា នេះបើយោងតាមក្រសួងសុខាភិបាលរបស់តំបន់ហ្គាហ្សា៕


ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា