បេក្ខជនប្រឡងបាក់ឌុបព្រឹកនេះដែលមានបញ្ហាសុខភាពខ្លះអាចបន្តប្រឡងបាន និង ខ្លះត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ
(ភ្នំពេញ)៖ក្នុងដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យម សិក្សា ទុតិយភូមិ(បាក់ឌុប) សម័យប្រឡង ៦-៧ វិច្ឆិកា ឆ្នាំ២០២៣ ដែលជាព្រឹកថ្ងៃទី១ ត្រូវបានក្រសួងអប់រំឱ្យដឹងថាមាន បេក្ខជន តាមមណ្ឌលមួយចំនួនមានបញ្ហាសុខភាពដោយ ក្នុងនេះក្រោយការសង្រ្គោះពីសំណាក់ក្រុមគ្រូពេទ្យបេក្ខជនអាចបន្តធ្វើការប្រឡងបន្តទៀតបាន និងចំណែកបេក្ខជនមួយចំនួនទៀត ដែលធ្ងន់ធ្ងរក៏ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យផងដែរ។
យោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងអប់រំ និងក៏ដូចជាអង្គភាព ប្រឆាំង អំពើពុករលួយបានឱ្យដឹងនៅព្រឹកថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០២៣នេះថាក្នុងការដំណើរការសំណេរព្រឹកថ្ងៃទី១នេះបេក្ខជនដែលមានបញ្ហាសុខភាពដូចជា៖បេក្ខនារីឈ្មោះសាន ដាលីន នៅមណ្ឌលវិទ្យាល័យហ៊ុនសែន ប៊ុន រ៉ានីច្បារអំពៅ ក្នុងរាជធានីភ្នំពេញ បានសន្លប់ដោយសារសម្ពាធឈាមចុះខ្លាំង។
ក្រោយសង្រ្គោះពីសំណាក់ក្រុមគ្រូពេទ្យបេក្ខនារីរូបនេះអាចបន្តប្រឡងបន្តទៀតបាននៅក្នុងរថយន្តសង្រ្គោះ។

ដោយឡែកបេក្ខជន និងបេក្ខនារី ២ រូប នៅមណ្ឌលបឋម សិក្សា សន្តិភាព ខេត្តកំពង់ស្ពឺ ដែលម្នាក់ទើបជាសះពីជំងឺគ្រុនឈាម និងម្នាក់ទៀតទើបវះកាត់បាន២ថ្ងៃ ដោយសារមានសភាពធ្ងន់ធ្ងរ ត្រូវបានប្រធានមណ្ឌល និងប្រធានអប្បមាទ ធ្វើទំនាក់ទំនងឱ្យ ឪពុកម្តាយដើម្បីមកទទួលទៅផ្ទះវិញ។
សម្រាប់បេក្ខជនម្នាក់ជាព្រះសង្ឃមានបញ្ហាសុខភាពដួលសន្លប់ នៅមណ្ឌលអនុវិទ្យាល័យទឹកថ្លា ខេត្តបន្ទាយមានជ័យ ត្រូវបាន បញ្ជូនទៅសង្រ្គោះទៅកាន់មន្ទីពេទ្យបង្អែកខេត្ត ដោយសារមូល ហេតុព្រះអង្គមិនបានឆាន់ចង្ហាន់ពេលព្រឹក។

ចំណែកបេក្ខនារីនៅវិទ្យាល័យទូលទំពូងក្នុងរាជធានីភ្នំពេញដែលមានជំងឺគ្រុនឈាមមិនទាន់ជាត្រូវបានគេដាក់ឱ្យប្រឡងនៅបន្ទប់ដាច់ដោយឡែកពីគេមួយ។ ដោយឡែកបេក្ខជនដែលទើបវះ កាត់ពោះវៀនដុះខ្នែង និងជំងឺគ្រុនឈាមមួយរូបទៀតក៏ត្រូវ បានដាក់ឱ្យប្រឡងបន្ទប់ដោយឡែកដូចគ្នា។
ក្រសួងអប់រំ យុវជន និងកីឡា ជំរុញលើកចិត្តឱ្យបេក្ខជនប្រឡង ទាំងអស់ ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគ អាហារឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីទទួលបាន លទ្ធផលល្អប្រសើរក្នុងការប្រឡង៕





ដោយ៖ម៉ាដេប៉ូ