ប្រមុខរាជរដ្ឋាភិបាល ផ្ដល់អនុសាសន៍មួយចំនួនដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងមហាផ្ទៃ សម្រាប់ក្រសួងមហាផ្ទៃអនុវត្ត ដើម្បីបម្រើប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់

(ភ្នំពេញ)៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារថ្មី នៃទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់អនុសាសន៍ណែនាំការងារសំខាន់ៗចំនួន ៦ចំណុច ដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងមហាផ្ទៃ យកទៅអនុវត្តន៍ ដើម្បីបម្រើប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

អនុសាសន៍ណែនាំការងារសំខាន់ៗចំនួន ៦ចំណុចរបស់សម្តេចនាយករដ្ឋមន្ត្រី រួមមាន ៖

-ត្រូវពង្រឹងសមត្ថភាពមន្ត្រី ជាពិសេសមន្ត្រីដែលនៅកៀកជិតប្រជាពលរដ្ឋ ឱ្យមាននូវមនសិការ ក្រមសីលធម៌ និងវិជ្ជាជីវៈ ព្រមទាំងសមត្ថភាព ស័ក្តិសមជាទីពឹងរបស់ប្រជាពរដ្ឋ, ពង្រឹងការវាយតម្លៃការតែងតាំងទាំងមន្ត្រីស៉ីវិល និងនគរបាលឱ្យបានច្បាស់លាស់។

-ត្រូវពង្រឹងនូវភាពស្អាតស្អំ ជាពិសេសត្រូវពង្រឹងនូវយន្តការត្រួតពិនិត្យផ្ទៃក្នុងរបស់ខ្លួន ដើម្បីទប់ស្កាត់ភាពអសកម្មនានា ជាពិសេសការប្រើប្រាស់អំណាចខុសច្បាប់ និងត្រូវចាត់វិធានការតឹងរ៉ឹង ប្រសិនបើមានករណីនេះកើតឡើង។ ត្រូវធ្វើវិចារណកម្មនូវប្រសិទ្ធភាព និងភាពងាយស្រួលនៃការផ្តល់សេវាសាធារណៈរបស់ខ្លួន ដើម្បីធានាថាគ្មាននីតិវិធីណាមួយ ដែលបង្កការលំបាក និងដែលមិនមានការចាំបាច់ ដល់ប្រជាពលរដ្ឋឡើយ។

-ត្រូវពង្រឹងយន្តការច្រកចេញចូលតែមួយ និងយកចិត្តទុកដាក់រៀបចំសេវាសាធារណៈ ទៅក្នុងប្រព័ន្ធបច្ចេកវិទ្យាដូចជាថ្នាល CamDX ដោយត្រូវផ្តល់អាទិភាព ផ្តល់សេវាសាធារណៈណា ដែលប្រជាពលរដ្ឋត្រូវការចាំបាច់ ឬជាញឹកញាប់ ដូចជាសេវាអត្រានុគោលដ្ឋាន ការស្នើសុំលិខិតអញ្ញាតធ្វើអាជីវកម្ម និងសេវាពាណិជ្ជកម្មជាដើម។

-ត្រូវធ្វើការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីធានាប្រសិទ្ធភាព នៃការវិភាជធនធានទៅកាន់ថ្នាក់ក្រោមជាតិ ដើម្បីធានាថាថ្នាក់ក្រោមជាតិ អាចបំពេញមុខងារ និងភារកិច្ច ដែលត្រូវបានធ្វើប្រតិភូកម្ម ដោយជោគជ័យ។

-ត្រូវពង្រឹងការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ រាល់គោលនយោបាយទាំងអស់ ដែលថ្នាក់ជាតិបានដាក់ចេញឱ្យថ្នាក់ក្រោមជាតិអនុវត្តន៍ ដើម្បីពង្រឹងការផ្សាភ្ជាប់គោលនយោបាយ ទៅនឹងការអនុវត្តជាក់ស្តែង ដើម្បីធានាបាននូវការបម្រើបងប្អូនប្រជាពលរដ្ឋ ឱ្យអស់លទ្ធភាព ប្រកបដោយប្រសិទ្ធភាព និងវិជ្ជាជីវៈខ្ពស់ ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner