វិទ្យាស្ថាន ខេមអេដ ស្វែងរកធនធានបាល់បោះ ដើម្បការពារ មេដាយមាស សម្រាប់ការប្រកួតសាកលវិទ្យាល័យខាងមុខនេះ
(ភ្នំពេញ)៖ ក្រុមម្ចាស់មេដាយមាស វិទ្យាស្ថាន ខេមអេដ លើប្រភេទកីឡាបាល់បោះនារី ៤សម័យកាល ក្នុងព្រឹត្តិការណ៍កីឡាសាកលវិទ្យាល័យថ្នាក់ជាតិ បានចាប់ផ្តើមការប្រកួតដើម្បីស្វែងរកផលិតធនធាន ត្រៀមព្រឹត្តិការណ៍ថ្នាក់ជាតិ នាឆ្នាំ២០២៤ ខាងមុខ។
លោកស្រី សំ សុគន្ធារី នាយិការង វិទ្យាស្ថានខេមអេដគូសបញ្ជាក់ថា ខេមអេដ តែងតែជំរុញសកម្មភាពកីឡាជាច្រើនប្រភេទកីឡា ក្នុងនោះកីឡាបាល់បោះផ្នែកបុរស និងនារី គឺជាប្រភេទកីឡាចម្បងមួយ ក្នុងចំណោមកីឡាផ្សេងៗ ដែលតែងតែរៀបចំការប្រកួតជារៀងរាល់ឆ្នាំ ដើម្បីផ្តល់ឱកាសដល់កីឡាករ កីឡាការិនីជានិស្សិតរបស់ខ្លួនបានចូលរួមប្រកួតប្រជែង ដើម្បីសុខភាព មិត្តភាព សាមគ្គីភាព បណ្តុះស្មាតីស្រឡាញ់កីឡា ធ្វើការជាក្រុមបានល្អ ក៏ដូចជាចម្រាញ់រកកីឡាករ កីឡាការិនីឆ្នើមៗ ប្រចាំវិទ្យាស្ថាន ត្រៀមចូលរួមការប្រកួតថ្នាក់ជាតិនានា នាពេលខាងមុខ។
![](https://asset.ams.com.kh/central/media/2023/11/DSC00968-1024x683.jpg)
លោកស្រីនាយិការងរូបនេះបន្ថែមថា ខេមអេដមិនត្រឹមតែផ្តោតសំខាន់តែលើវិស័យអប់រំប៉ុណ្ណោះទេ ប៉ុន្តែវិស័យកីឡាក៏ត្រូវបានយកចិត្តទុកដាក់ខ្ពស់ដូចគ្នាផងដែរ ដើម្បីអភិវឌ្ឍធនធានកីឡាករ កីឡាការិនីលើប្រភេទកីឡានានា ដើម្បីចូលរួមប្រកួតប្រជែងមេដាយ ក្នុងការប្រកួតថ្នាក់ជាតិ។ ជាមួយគ្នានេះ វិទ្យាស្ថាននេះបានសម្រិតសម្រាំង លើវិញ្ញាសាបាល់បោះ ជាពិសេសគឺក្រុមបាល់បោះនារី ដែលជាម្ចាស់មេដាយមាស៤សម័យកាល។
![](https://asset.ams.com.kh/central/media/2023/11/DSC01251-1024x683.jpg)
លោកស្រីបានដាក់ក្តីសង្ឃឹមថា នៅក្នុងការប្រកួតកីឡាសាកលវិទ្យាល័យថ្នាក់ជាតិ (រៀងរាល់២ឆ្នាំម្តង) ឆ្នាំ២០២៤ ខាងមុខ ក្រុមបាល់បោះនារីខេមអេដ នឹងអាចការពារម្ចាស់មេដាយមាស ជំនាន់ទី៥ជាបន្តទៀតជាក់ជាមិនខាន។
គួរបញ្ជាក់ថា ការប្រកួតកីឡាបាល់បោះបានរង្វាន់ខេមអដេ (CamEd Basketball Tournament) រដូវកាល ២០២៣នេះ មានក្រុមចូលរួមចំនួន២៨ក្រុម ក្នុងនោះក្រុមបុរស ១៤ក្រុម និងក្រុមបាល់បោះនារី១៤ក្រុម ដោយចាប់ដំណើរការប្រកួតពីថ្ងៃទី០៤ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣៕
![](https://asset.ams.com.kh/central/media/2023/11/9-1024x683.jpg)
![](https://asset.ams.com.kh/central/media/2023/11/14-1024x683.jpg)
![](https://asset.ams.com.kh/central/media/2023/11/B56A7617-1024x683.jpg)
ចាន់ វិចិត្រ