ចិនជំរុញឱ្យមីយ៉ាន់ម៉ាសហការជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិច ដើម្បីថែរក្សាស្ថិរភាពព្រំដែន
ប៉េកាំង៖ មន្ដ្រីជាន់ខ្ពស់ចិន នៅថ្ងៃចន្ទនេះ បានអំពាវនាវឱ្យមីយ៉ាន់ម៉ាចូលរួមសហការក្នុងការថែរក្សាស្ថិរភាពនៅតំបន់ព្រំដែនជាមួយចិន ក្រោយក្រុមប្រដាប់អាវុធជនជាតិភាគតិចដណ្ដើមបានទីក្រុងយុទ្ធសាស្ដ្រមួយ ក្នុងការប្រយុទ្ធជាមួយយោធាមីយ៉ាន់ម៉ាដែលកាន់តែក្ដៅគគុក។
ក្នុងជំនួបរវាងឧបការីរដ្ឋមន្ដ្រីការបរទេសចិន លោក Nong Rong និងនាយករដ្ឋមន្ដ្រីស្ដីទី និងរដ្ឋមន្ដ្រីការបរទេស លោក Than Shwe លោក Nong Rong បានលើកឡើងថា មីយ៉ាន់ម៉ា គួរតែចូលរួមសហការក្នុងការថែរក្សាស្ថិរភាពតាមបណ្ដោយព្រំដែនមីយ៉ាន់ម៉ា និងចិន។
លោកក៏បានបន្ថែមថា យោធាមីយ៉ាន់ម៉ាគួរថែរក្សានូវសុខសុវត្ថិភាពរបស់ប្រជាជនដែលរស់នៅតាមបណ្ដោយព្រំដែន ក៏ដូចជាទ្រព្យសម្បត្តិរបស់ពួកគេ ព្រមទាំងដាក់ចេញនូវវិធានការការពារសន្ដិសុខសម្រាប់កងកម្លាំងចិន ស្ថាប័ន និងគម្រោងនានាដែលស្ថិតនៅក្នុងតំបន់ជម្លោះផងដែរ។
ក្រុមអ្នកវិភាគបានគូសបញ្ជាក់ថា ការវាយប្រហាររបស់ក្រុមប្រដាប់អាវុធជនជាតិភាគតិចនៅភាគខាងត្បូងរដ្ឋ Shan ដែលកើតឡើងថ្មីៗនេះ គឺជាការវាយប្រហារដ៏ធំមួយដែលមិនធ្លាប់មាន ចាប់តាំងពីរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាឡើងកាន់អំណាចក្នុងឆ្នាំ ២០២១មក។
គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន ចិនក៏បានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ នៅក្នុងតំបន់ដែលមានខ្សែរថភ្លើងកំពុងសាងសង់ ដោយនេះជាផ្នែកមួយនៃគម្រោងខ្សែក្រវ៉ាត់ និងផ្លូវ (BRI)៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ សាន ស្រីលក្ខណ៍