ក្រុមហាម៉ាស់ផ្អាកការបញ្ជូនជនរងគ្រោះ និងជនបរទេសចេញពីតំបន់ហ្គាហ្សាក្នុងរយៈពេល ២ថ្ងៃជាប់គ្នា

រ៉ាហ្វា៖ ក្រុមប្រដាប់អាវុធហាម៉ាសបានផ្អាកការបញ្ជូនប្រជាជន ដែលមានលិខិតឆ្លងដែនបរទេសទៅកាន់ប្រទេសអេហ្ស៊ីបតាមច្រកព្រំដែន Rafah ក្រោយរដ្ឋាភិបាលអ៊ីស្រាអែលបានហាមឃាត់ការបញ្ជូនអ្នករងរបួសមួយចំនួនចេញពីតំបន់ហ្គាហ្សា។ ការផ្អាកនេះបានកើតឡើងក្នុងរយៈពេល ២ថ្ងៃជាប់គ្នាមកហើយ នេះបើយោងតាមការរាយការណ៍របស់មន្ដ្រីទទួលបន្ទុកកិច្ចការព្រំដែនរបស់អេហ្ស៊ីប និងប៉ាឡេស្ទីន។

មន្ដ្រីជាន់ខ្ពស់អាមេរិកបានបញ្ជាក់ថា ការផ្អាកជាបណ្ដោះអាសន្ននេះកើតឡើងដោយសារក្រុមហាម៉ាសបានរារាំងការបញ្ជូនជនរងគ្រោះ ហើយព្យាយាមបញ្ចូលសមាជិកប្រមាណ ១/៣នៃជនរងគ្រោះសរុបដែលរងរបួស ដើម្បីឱ្យចាកចេញពីតំបន់ហ្គាហ្សាដែរ ដែលទង្វើនេះត្រូវបានមើលឃើញថាជាទង្វើមិនអាចទទួលយកបានដោយប្រទេសអេហ្ស៊ីប និងអ៊ីស្រាអែល។

គួរបញ្ជាក់ថា ច្រកព្រំដែន Rafah ត្រូវបានបើកកាលពីថ្ងៃពុធសប្ដាហ៍មុន ដើម្បីអនុញ្ញាតឱ្យប្រជាជនរងគ្រោះ និងប្រជាជនដែលមានសញ្ជាតិពីរ ភៀសខ្លួនចេញពីតំបន់ហ្គាហ្សា។
ប្រជាជនប្រមាណ ៣០០នាក់រួមមានពលរដ្ឋអាមេរិកផងដែរនោះ បានចាកចេញពីតំបន់ហ្កាហ្សា មុនពេលដែលច្រកព្រំដែននេះត្រូវបានបិទ។

បច្ចុប្បន្ន សង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស បានសម្លាប់ប្រជាជនប៉ាឡេស្ទីនប្រមាណ ៩,៨០០នាក់ ហើយ ដោយភាគច្រើនជាស្ដ្រី និងកុមារ ខណៈសហគមន៍អន្ដរជាតិកំពុងស្វះស្វែងបញ្ជូនជំនួយសប្បុរសធម៌បន្ថែម ក៏ដូចជាអំពាវនាវឱ្យមានបទឈប់បាញ់៕

ប្រភព៖ AFP ប្រែសម្រួលដោយ សាន ស្រីលក្ខណ៍

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner