លោក លី ស៊ានឡុង ថ្លែងទាំងស្រក់ទឹកភ្នែកថា លោកនឹងចុះចេញពីតំណែង

សិង្ហបុរី៖នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី ស៊ានឡុង (Lee Hsien Loong) បានប្រកាសកាលពីថ្ងៃអាទិត្យថា លោកនឹងចុះចេញពីតំណែង ហើយប្រគល់តំណែងទៅឱ្យអនុប្រធានរបស់គាត់គឺលោក ឡរ៉េន វង់ (Lawrence Wong) ក្នុងពេលណាមួយក្នុងឆ្នាំ២០២៤ខាងមុខនេះ ពោលគឺមុនការបោះឆ្នោតសកលឆ្នាំ២០២៥។​

ដំបូងឡើយ មេដឹកនាំវ័យ ៧១ ឆ្នាំរូបនេះ បានគ្រោងចូលនិវត្តន៍មុនពេលគាត់មានអាយុ៧០ ឆ្នាំ ប៉ុន្តែដោយសារជំងឺរាតត្បាតកូវីដ១៩ លោកក៏សម្រេចចិត្តពន្យារពេល។ លោក លី គឺជាមេដឹកនាំគណបក្សសកម្មភាពប្រជាជន ឬហៅកាត់ថា PAP និងជានាយករដ្ឋមន្ត្រីដែលបានកាន់តំណែងជិត ២០ ឆ្នាំមកហើយរាប់ចាប់តាំងពីឆ្នាំ២០០៤។

គួររំឭកថា កាលពីឆ្នាំមុន លោកធ្លាប់បានតែងតាំងលោក វង់ ជាអ្នកស្នងតំណែងរបស់គាត់ ខណៈដែលលោក វង់ នៅពេលនេះក៏ជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុផងដែរ។​

«ខ្ញុំជឿជាក់លើលោក ឡរ៉េន និងក្រុមការងាររបស់គាត់ទាំងស្រុង ដូច្នេះមិនចាំបាច់ពន្យារពេលការផ្លាស់ប្តូរមេដឹកនាំនយោបាយទៀតនោះទេ។ ខ្ញុំមានបំណងចង់ប្រគល់តំណែងទៅឱ្យឧបនាយករដ្ឋមន្ត្រី ឡរ៉េន មុនពេលការបោះឆ្នោតសកលនាពេលខាងមុខនេះ»។ នេះបើយោងតាមការលើកឡើងរបស់លោក លី នៅក្នុងសន្និសីទមួយរបស់បក្ស។​

លោកបានលើកឡើងបន្ថែមថា ការប្រគល់តំណែងឱ្យលោក វង់ មុនការបោះឆ្នោតជាតិ នឹងផ្តល់ឱកាសឱ្យអ្នកនយោ​បាយវ័យ ៥០ ឆ្នាំរូបនេះអាចប្រកួតប្រជែងយកឈ្នះការបោះឆ្នោតក្នុងអាណត្តិរបស់ខ្លួន ដើម្បីដឹកនាំប្រទេស។ លោក លី បានរំលេចថា ប្រសិនបើអ្វីៗដំណើរការទៅតាមផែនការ លោកគ្រោងនឹងប្រគល់តំណែងមេដឹកនាំទៅឱ្យលោក វង់ នៅអំឡុងខួបលើកទី ៧០ របស់គណបក្ស ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ប៉ុន្តែលោកមិនបានបញ្ជាក់កាលបរិច្ឆេទជាក់លាក់នោះទេ។​

ថ្លែងដោយមានទឹកភ្នែកហូរលាយឡំមកជាមួយ លោក លី បានសម្តែងការដឹងគុណចំពោះពេលវេលាដែលលោកបានបម្រើជាតិអស់រយៈពេលជិត ២០ ឆ្នាំមកនេះ។ លោកបានសន្យាថា លោកនឹងផ្តល់ការគាំទ្រដល់លោក វង់ និងក្រុមការងាររបស់គាត់។​

លោកបានមានប្រសាសន៍ថា ៖ «នៅពេលខ្ញុំលាលែងពីតំណែង ខ្ញុំនៅតែចាំជួយជ្រោមជ្រែងដល់នាយករដ្ឋមន្ត្រីថ្មី។ ខ្ញុំនឹងជួយគ្រប់កាលៈទេសៈដែលគាត់គិតថា ខ្ញុំអាចជួយបាន។ ខ្ញុំនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីជួយគាត់ឱ្យទទួ​លបានជោគជ័យនៅក្នុងការបោះឆ្នោតសកលនាពេលខាងមុខនេះ»។​

លោក វង់ ដែលត្រូវបានគេស្គាល់ថា ជាមេដឹកនាំដែលបានដើរតួយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ របស់ប្រទេសសិង្ហបុរី នឹងក្លាយទៅជាមេដឹកនាំទី៤ នៃប្រទេសដែនកោះដ៏តូចមួយនេះ រាប់ចាប់តាំងពីទទួលបានឯករាជ្យនៅឆ្នាំ១៩៦៥។​

លោក វង់ ត្រូវបានជ្រើសរើសដោយគណបក្សសកម្មភាពប្រជាជន ឱ្យធ្វើជាអ្នកស្នងតំណែងរបស់លោក លី បន្ទាប់ពីអតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក ហេង ស៊ុយគាត (Heng Swee Keat) ដែលដំបូងឡើយត្រូវបានគេរំពឹងថានឹងឡើងកាន់តំណែងពីលោក លី ប៉ុន្តែបានដកខ្លួនចេញពីការពិចារណារបស់បក្សវិញ។​

លោក ហេង បានលាលែងពីដំណែង ដោយសារគណបក្សសកម្មភាពប្រជាជន បានទទួលលទ្ធផលមិនល្អក្នុងការបោះឆ្នោតឆ្នាំ ២០២០ ប៉ុន្តែបក្សនេះនៅតែមានសំឡេងភាគច្រើន ដោយគ្រាន់តែពួកគេបានបាត់បង់កៅអីមួយចំនួន និងកា​រគាំទ្រមួយចំនួនតែប៉ុណ្ណោះ។​

លោក លី គឺជាកូនប្រុសច្បងរបស់លោក លី ក្វាន់យូ (Lee Kuan Yew) ដែលបានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីសិង្ហបុរី និងដែលបានប្រែក្លាយរប្រទេសតូចមួយដែលមានធនធានមានកម្រិតទៅជាប្រទេសដែលមានជាងគេបំផុតនៅលើពិភពលោក។ យ៉ាងណាក៏ដោយ អំឡុងពេលនេះក៏មានការរិះគន់មួយចំនួន ចំពោះវិធានការតឹងរ៉ឹងរបស់រដ្ឋាភិបាលដូចជាការរឹតបន្តឹងប្រព័ន្ធផ្សព្វផ្សាយ និងការប្រើប្រាស់ច្បាប់ដាក់សម្ពាធ ក៏ដូចជាប្រើប្រាស់វិធានការផ្លូវច្បាប់ទៅលើអ្នកដែលប្រឆាំងនឹងរដ្ឋាភិបាល៕​

ប្រែសម្រួល៖ធា សុណា

ប្រភពព័ត៌មាន៖ AP News Singapore’s prime minister plans to step down and hand over to his deputy before the 2025 election

ads banner