ក្រសួងកសិកម្ម និងអ្នកជំនាញ ជំរុញឱ្យមានការប្រើពូជសុទ្ធផ្ការំដួល ជាពូជអង្ករប្រណីត ដែលមានតម្លៃ និងទីផ្សារខ្ពស់

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ឯកឧត្តម យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឱ្យនិស្សិតស្ម័គ្រចិត្តផ្តល់យោបល់ និងជួយដល់កសិករក្នុងការជ្រើសរើសកួរស្រូវសុទ្ធល្អ សម្រាប់ដាំដុះ ខណៈអ្នកជំនាញផ្នែកវិស័យដំណាំស្រូវ យល់ឃើញថា ការប្រើប្រាស់ពូជសុទ្ធកត្តាចាំបាច់ សម្រាប់បំពេញតម្រូវការនាំចេញទៅទីផ្សារក្រៅប្រទេស។

បណ្ឌិត យ៉ង សាំងកុមារ បានណែនាំដូចនេះ ក្នុងពេលលោកចុះទៅជួបជាមួយនឹងនិស្សិតស្ម័គ្រចិត្ត និងកសិករនៅឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដើម្បីពិនិត្យស្រែដែលប្រើពូជសុទ្ធផ្ការំដួលមុនពេលប្រមូលផលកាលពីថ្ងៃទី៥ ខែវិច្ឆិកា កន្លងទៅនេះ។

ឯកឧត្តមបានប្រាប់ឱ្យដឹងបន្ថែមនៅថ្ងៃទី៦ ខែវិច្ឆិកា ថា ៖ «នៅក្នុងពេលចុះទៅជួបជាមួយប្អូនៗនិស្សិត និងកសិករនាពេលនោះ ខ្ញុំបានបញ្ជាក់ប្រាប់ពួកគាត់ពីសារៈសំខាន់នៃការប្រើពូជសុទ្ធដូចជា កសិករនឹងទទួលបានស្រូវមានគុណភាពល្អ ងាយស្រួលលក់ និងបានតម្លៃខ្ពស់ ស្រូវលូតលាស់បានល្អផ្តល់ផលច្រើន និងតម្រូវការពូជតិចជាដើម»។

ឯកឧត្តមបានបន្តថា ៖ «ខ្ញុំក៏បានណែនាំឱ្យនិស្សិតស្ម័គ្រចិត្តផ្តល់យោបល់ និងជួយដល់កសិករធ្វើការជ្រើសរើសកួរស្រូវសុទ្ធល្អ និងមានកួរវែងទុកធ្វើជាពូជ ហើយយកល្អកាត់ស្មែងខាងលើចេញដោយទុកតែស្មែងវែងៗទុកជាពូជ។ យើងត្រូវការការចូលរួមពីកសិករក្នុងការសាងប្រព័ន្ធពូជសុទ្ធដើម្បីផលប្រយោជន៍កសិករ និងវិស័យស្រូវអង្កររបស់ជាតិយើងទាំងមូល»។

ជាមួយគ្នានេះដែរ លោក ឡោ ប៊ុណ្ណា នាយកវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្ម (CARDI) បានប្រាប់ឱ្យដឹងបន្ថែមដែរថា ការជំរុញឱ្យមានការប្រើប្រាស់ពូជសុទ្ធនេះ ជាគម្រោងរបស់រដ្ឋមន្រ្តីក្រសួងកសិកម្មឯកឧត្តម ឌិត ទីណា ដោយគម្រោងប្រើប្រាស់ពូជសុទ្ធនេះដែរគិតត្រឹមឆ្នាំ២០២៣នេះ ខាងវិទ្យាស្ថានរបស់លោកក៏បានបញ្ចេញពូជសុទ្ធផ្ការំដួលក្នុងបរិមាណប្រមាណជាង២០តោន។ការបញ្ចេញពូជសុទ្ធនេះ គឺដើម្បីឱ្យសហគមន៍យកប្រើប្រាស់ដាំដុះ និងផលិតបន្ត ដើម្បីចែកជូនដល់កសិករ។

លោក ឡោ ប៊ុណ្ណា បានបញ្ជាក់ថា ៖ «កន្លងមកយើងមានបញ្ហាមួយគឺ ក្រោយពីកសិករផលិតបានជាស្រូវមក តម្លៃធ្លាក់ចុះ ដោយខាងរោងម៉ាស៊ីនបញ្ជាក់ថាការទម្លាក់តម្លៃស្រូវនេះដោយាសារស្រូវគ្មានគុណភាព។ ដូច្នេះ កាត់បន្ថយបញ្ហានេះ ឯកឧត្តមរដ្ឋមន្រ្តីបានចេញជាគោលនយោបាយមួយ ដែលជំរុញឱ្យកសិករប្រើប្រាស់ពូជសុទ្ធ ដើម្បីផលិតជាស្រូវចំណីសុទ្ធលក់ឱ្យរោងម៉ាស៊ីន តាមរយៈការចុះកិច្ចសន្យាជាមួយគ្នា ក្នុងតម្លៃមួយសមរម្យ»។

លោកបានបន្ថែមថា សព្វថ្ងៃនេះកសិករភាគច្រើនដាំដុះប្រភេទពូជ IR និងOM សម្រាប់ផ្គត់ផ្គង់ទៅកាន់ទីផ្សារប្រទេសជិតខាង ដែលជាទីផ្សារមួយមិនទៀងទាត់សម្រាប់កសិករឡើយ។ ហេតុដូចនេះ ទើបក្រសួងព្យាយាមជំរុញឱ្យកសិករ ងាកមកដាំដុះប្រភេទពូជស្រូវអង្ករប្រណីតវិញ ជាពិសេសពូជស្រូវចំប៉ី៧០ជាដើម ដែលជាពូជស្រូវស្រាលថ្មី ផលិតចេញពីពូជផ្ការំដួល សម្រាប់បំពេញតម្រូវការទីផ្សារ។

ជាមួយគ្នានេះ លោក យ៉ង ប៉ាក់ អ្នកជំនាញនៅក្នុងវិស័យស្រូវអង្ករ និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុនអ្រាហ្គីប៊ី Agribee (Cambodia) យល់ឃើញថា វាជាការល្អ បើសិនជាក្រសួងកសិកម្មជំរុញឱ្យមានការប្រើប្រាស់ពូជសុទ្ធកាន់តែច្រើន ខណៈដែលកន្លងទៅពូជផ្ការំដួលតែងតែជួបបញ្ហាពូជសុទ្ធ ឬមិនសុទ្ធនៅលើទីផ្សារអន្តរជាតិ។

លោកបានឱ្យដឹងទៀតថា នៅពេលដែលកសិករប្រើប្រាស់ពូជសុទ្ធ អាចនឹងបន្ថែមការចំណាយថែមទៀត ដោយសារតែគាត់ត្រូវទិញពូជស្រូវពីសហគមន៍ ដោយសារការទុកពូជរបស់គាត់នាពេលកន្លងទៅ មិនមែនជាពូជសុទ្ធ។

«ជាដំណោះស្រាយសហគមន៍ ដែលទទួលបានពូជសុទ្ធពីក្រសួងយកទៅផលិតបានជាពូជសុទ្ធសម្រាប់លក់បន្តឱ្យកសិករ គួរដាក់នៅក្នុងតម្លៃទាបសមរម្យជាងបច្ចុប្បន្ននេះ ដើម្បីឱ្យកសិករផលិតស្រូវចំណីបានសុទ្ធល្អ។ ម្យ៉ាងវិញទៀត ខាងរោងម៉ាស៊ីនក៏គួរគិតពិចារណាទិញស្រូវពីកសិករក្នុងតម្លៃខ្ពស់ជាងមុនផងសម្រាប់កសិករដែលផលិតបានស្រូវចំណីសុទ្ធល្អ»។ នេះបើតាម លោក យ៉ង ប៉ាក់ បញ្ជាក់បន្ថែម។

បើតាមឯកឧត្តម យ៉ង សាំងកុមារ បច្ចុប្បន្នកម្ពុជាបានបញ្ចប់ការប្រមូលស្រូវស្រាលរដូវវស្សារលើផ្ទៃដី ៧៥ ម៉ឺនហិកតាដោយទទួលបានផលចំនួនបីលានតោន ខណៈដែលការប្រមូលស្រូវរដូវវស្សាសំខាន់បន្ទាប់ទៀតគឺនៅខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២៣ នេះ នឹងមានការប្រមូលលើផ្ទៃដីសរុបចំនួនប្រមាណ ២.១ លានហិកតា។

កម្ពុជារំពឹងប្រមូលផលស្រូវរដូវវស្សាសរុបបានរហូតដល់ ៩. ៣លានតោន គឺលើសរដូវវស្សាឆ្នាំមុនប្រមាណ ០.៦ លានតោន ខណៈដែលកាលពីឆ្នាំ២០២២ ការប្រមូលផលស្រូវវស្សាបានប្រមាណ៨.៧លានតោន៕ ដោយ៖ វណ្ណ សុជាតា

ads banner