កម្ពុជា-ចិន ចុះអនុស្សរណៈយោគយល់គ្នា ដើម្បីជួយផ្សព្វផ្សាយទេសចរណ៍វប្បធម៌ទៅវិញទៅមក

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ កម្ពុជា-ចិន បានចុះអនុស្សរណៈយោគយល់គ្នាក្នុងការជួយផ្សព្វផ្សាយទេសចរណ៍វប្បធម៌ទៅវិញទៅមករវាងខេត្តសៀមរាប និងទីក្រុងឆាងសារ ដើម្បីជាការជំរុញឱ្យវិស័យទេសចរណ៍នៃប្រទេសទាំងពីរមានការកើ នឡើង។

ការចុះអនុស្សរណៈយោគយល់គ្នារវាងមន្ទីរទេសចរណ៍ វិទ្យុ ភាពយន្ត និងទូរទស្សន៍ក្រុងឆាងសារ នៃប្រទេសចិនជាមួយសមាគមទេសចរណ៍កម្ពុជា ក្នុងគោលបំណងដើម្បីជួយផ្សព្វផ្សាយទេសចរណ៍វប្បធម៌ទៅវិញទៅមក រវាងខេត្តសៀមរាប និងទីក្រុងឆាងសារ ធ្វើឡើងកាលពីចុងសប្តាហ៍កន្លងទៅនេះ។ នេះបើយោងតាមហ្វេសប៊ុករបស់មន្ទីរព័ត៌មានខេត្តសៀមរាប ដែលបានផ្សព្វផ្សាយឱ្យដឹងនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

តាមរយៈមន្ទីរព័ត៌មានខេត្តសៀមរាប ឯកឧត្តម ប្រាក់ ផាន់ណារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងថា លោកបានស្នើឱ្យភាគីចិនជួយផ្សព្វផ្សាយទេសចរណ៍កម្ពុជាឱ្យកាន់ទូលំទូលាយ ជាពិសេសជំរុញទេសចរណ៍ក្នុងខេត្តហ៊ូណាន មកកម្ពុជាឱ្យបានកាន់តែច្រើនជាងមុន តាមរយៈការលើកទឹកចិត្តដល់ក្រុមហ៊ុនទេសចរណ៍ខេត្តហ៊ូណាន សហការជាមួយក្រុមហ៊ុនទេសចរណ៍កម្ពុជា រៀបចំដំណើរទេសចរណ៍ប្រកបដោយផាសុខភាព និងភាពទាក់ទាញ។

ឯកឧត្តមបានបញ្ជាក់ថា ៖ «យើងបានស្នើឱ្យរដ្ឋបាលទីក្រុងឆាងសារ ក៏ដូចជាខេត្តហ៊ូណានទាំងមូល គាំទ្រក្នុងការផ្សព្វផ្សាយពីកម្ពុជាឱ្យបានទូលំទូលាយ ជាពិសេសតំបន់ទេសចរណ៍វប្បធម៌ និងធម្មជាតិ តំបន់ឆ្នេរសមុទ្រជាដើមទៅកាន់ប្រជាជនខេត្តហ៊ូណាន»។

ជាមួយគ្នានេះ លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប ក៏ថ្លែងឱ្យដឹងនាឱកាសនោះដែរថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងប្រទេសដៃគូសម្ព័ន្ធមេត្រីភាព ពិសេសប្រទេសចិន ត្រូវបានលើកកម្ពស់មួយកម្រិតដ៏ធំថែមទៀតរហូតប្រសិទ្ធនាមថា «ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ» ជាមិត្តដែកថែប ហើយកម្ពុជាតែងប្រកាន់ជំហគាំទ្រគោលនយោបាយការបរទេសចិន ជាពិសេសគោលនយោបាយចិនតែមួយ និងគំនិតផ្តួចផ្តើមស្តីពី ខ្សែក្រវាត់មួយ និងផ្លូវមួយ។

លោកបានបញ្ជាក់ថា ៖ «ជាការពិតណាស់ ទិវាផ្សព្វផ្សាយ និងដោះដូរទេសចរណ៍វប្បធម៌ រវាងក្រុងឆាងសារ និងខេត្តសៀមរាបនាពេលនេះ គឺជាការចូលរួមចំណែកជំរុញឱ្យមានការរីកចម្រើននូវវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ក៏ដូចជាវិស័យទេសចរណ៍ទូទាំងកម្ពុជាផងដែរ»។

ដោយឡែក លោកស្រី វូ ហ្កីយីង (Wu Guiying) ជាសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តហ៊ូណាន និងជាលេខាធិការគណៈកម្មាធិការបក្សក្រុងឆាងសារ បានលើកឡើងថា វេទិកាផ្សព្វផ្សាយនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងកិច្ចសហប្រតិបត្តិការក្រៅស្រុកនៃឧស្សាហកម្មទេសចរណ៍ក្រុងឆាងសារ តាមរយៈការផ្សព្វផ្សាយ និងផ្លាស់ប្តូរនេះ វានឹងជំរុញទំនាក់ទំនងឧស្សាហកម្ម ទស្សនកិច្ចទៅវិញទៅមក។

លោកស្រីថ្លែងថា ៖ «កិច្ចសហប្រតិបត្តិការរវាងទីក្រុងឆាងសារ និងប្រទេសកម្ពុជា គឺនឹងជំរុញ និងលើកទឹកចិត្តដល់ភ្ញៀវទេសចរនៅក្រុងឆាងសារ កាន់តែច្រើនមកកម្សាន្តប្រទេសកម្ពុជា ដើម្បីស្វែងយល់ពីភាពទាក់ទាញនៃវប្បធម៌ល្អឯករបស់ប្រទេសមួយនេះ»។

ទាក់ទងរឿងនេះ លោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពវិស័យទេសចរណ៍ និងសេវាកម្មកម្ពុជា បានឱ្យដឹងនៅថ្ងៃទី៦ ខែវិច្ឆិកាថា គ្រប់យុទ្ធសាស្ត្រដែលភាគីពាក់ព័ន្ធជួយលើកស្ទួយវិស័យទេសចរណ៍ គឺលោកគាំទ្រជានិច្ច ព្រោះវាជាការធ្វើដើម្បីប្រយោជន៍ និងការផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ និងប្រពៃណីរបស់ប្រទេសកម្ពុជាឱ្យប្រទេសផ្សេងបានស្គាល់៕ ដោយ៖ ជា សុខនី

ads banner