សិស្សជនជាតិដើមភាគតិចជាងមួយម៉ឺននាក់ បានទទួលការអប់រំឌីជីថលជាភាសាជនជាតិដើមភាគតិច

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ គម្រោង «ធនធានអប់រំឌីជីថលជាភាសាជនជាតិដើមភាគតិចនៅកម្រិតបឋមសិក្សា» បានជួយដល់សិស្សជនជាតិដើមភាគតិចជាងមួយម៉ឺននាក់នៅក្នុងខេត្តចំនួនប្រាំមួយដើម្បីកាត់បន្ថយការបោះបង់ការសិក្សា និងដោះស្រាយឧបសគ្គខាងភាសាចំពោះសិស្សជនជាតិដើមភាគតិចនៅប្រទេសកម្ពុជា។

គម្រោងនេះ អនុវត្តដោយអង្គការទិន្នន័យពីការអភិវឌ្ឍ (ODC) សហការជាមួយនាយកដ្ឋានអប់រំពិសេស នៃក្រសួងអប់រំ យុវជន និងកីឡា ដែលបានជួយដោយផ្ទាល់ និងប្រយោលទៅដល់សិស្សជាជនជាតិដើមភាគតិច គ្រូបង្រៀន រាជរដ្ឋាភិបាល អង្គការក្រៅរាជរដ្ឋាភិបាល និងបានបង្កើតវេទិកាឌីជីថល ឬផលិតវីដេអូអប់រំឌីជីថលបានចំនួន ៩០ ដែលជាភាសាជនជាតិភាគតិចប្រាំភាសាផ្សេងៗគ្នារួមមាន ភាសាព្នង កាវ៉ែត គ្រឹង ទំពួន និងភាសាកួយ។

យោងតាមរបាយការណ៍របស់ ODC នៅថ្ងៃទី៦ ខែវិច្ឆិកា បានបង្ហាញថា គម្រោងនេះមានរយៈពេលកំណត់មួយឆ្នាំ ដែលអនុវត្តក្នុងខេត្តគោលដៅចំនួនប្រាំមួយ ដែលមាន ខេត្តមណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងខេត្តកំពង់ធំ។ក្នុងរយៈពេលមួយឆ្នាំនេះ គម្រោង «ធនធានអប់រំឌីជីថលជាភាសាជនជាតិដើមភាគតិចនៅកម្រិតបឋមសិក្សា» បានជួយដល់សិស្សជនជាតិដើមភាគតិចចំនួន ១២ ៥០០នាក់ គ្រូបង្រៀនចំនួន ៨៤នាក់ និងបង្កើតវេទិកាឌីជីថលនៅលើយូធូប (YouTube) ដែលមានអ្នកមើលចំនួន ៤៥ ០០០នាក់ និងនៅលើទំព័រហ្វេសប៊ុក និងវេបសាយអូឌីស៊ី មានអ្នកមើលចំនួន ៤៥ ០០០នាក់ផងដែរ។

ODC បញ្ជាក់ថា ៖ «គម្រោងនេះមានគោលដៅចូលរួមដោះស្រាយឧបសគ្គខាងភាសានៃការអប់រំថ្នាក់ដំបូងដែលកើតឡើងចំពោះសិស្សជនជាតិដើមភាគតិចនៅប្រទេសកម្ពុជា»។

បើតាមរបាយការណ៍របស់ ODC បានឱ្យដឹងទៀតថា នៅក្នុងសកម្មភាពគម្រោង «ធនធានអប់រំឌីជីថលជាភាសាជនជាតិដើមភាគតិចនៅកម្រិតបឋមសិក្សា» បានចែកចាយ និងផលិតវីដអូអប់រំឌីជីថលទៅកាន់កម្រិតសាលាបឋមសិក្សាក្នុងខេត្តគោលដៅទាំងប្រាំមួយ ជាពិសេសបានកសាងសមត្ថភាព និងធ្វើការបណ្ដុះបណ្ដាលគ្រូបង្រៀនបឋមសិក្សាក្នុងខេត្តគោលដៅទាំងនេះ ដើម្បីអាចប្រើប្រាស់ឧបករណ៍ និងសម្ភារសម្រាប់បង្រៀនសិស្ស។

សូមបញ្ជាក់ថា គម្រោង «ធនធានអប់រំឌីជីថលជាភាសាជនជាតិដើមភាគតិចនៅកម្រិតបឋមសិក្សា» ជាគម្រោងទទួលបានជំនួយហិរញ្ញវត្ថុពីកម្មវិធីរបស់ប្រទេសស៊ុយអែតសម្រាប់វិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៅក្នុងតំបន់កំពុងអភិវឌ្ឍន៍ (SPIDER) ដែលបានអនុវត្តចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ខែតុលា ឆ្នាំ២០២៣៕ ដោយ៖ ជា សុខនី

ads banner