«របាំព្រះរាជទ្រព្យ» ក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ ២០ឆ្នាំហើយ

ភ្នំពេញ៖ «របាំព្រះរាជទ្រព្យ» ត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី​នៃមនុស្សជាតិ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣ នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។ របាំក្បាច់ខ្មែរបុរាណ ឬ របាំព្រះរាជទ្រព្យនេះជាទម្រង់របាំសក្ការ:មានភាពល្បីល្បាញខាង​កាយវិការទន់ភ្លន់ គួរឱ្យចង់គយគន់ និង មានទ្រង់គ្រឿងចាំងភ្លឺផ្លេក​ៗ​។ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ គឺជាខួបទី២០ឆ្នាំ ដែល «របាំព្រះរាជទ្រព្យ» ត្រូវបានចុះក្នុងបញ្ជីជា​សម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ។ ពលរដ្ឋខ្មែរ បានចាត់ទុក «របាំព្រះរាជទ្រព្យ» ជាទ្រព្យសម្បត្តិ ដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់កម្ពុជា តែមួយគត់ ដែលបានថែរក្សា អស់រយៈពេលដ៏យូរលង់ណាស់មកហើយ ។ 

របាំព្រះរាជទ្រព្យ របាំក្បាច់បុរាណខ្មែរ ជាប្រភេទរបាំ ដែលនាដករ ប្រើចលនាកាយវិកា ក្បាច់ និងមនោសញ្ចោតនា យ៉ាងប៉ិនប្រសប់ទៅតាមការវិវត្តនៃសាច់រឿង ដែលរៀបរាប់​បញ្ជាក់ដោយ​ទំនុកច្រៀងនៃក្រុមចម្រៀងជាពួក នឹងត្រូវបានប្រគំដោយវង់ភ្លេងពិណពាទ្យ ដែលមានតួនាទី​ប្រគំជូនរបាំនេះផងដែរ។

របាំព្រះរាជទ្រព្យមានការដើរតួបួនប្រភេទ ដូចជា៖ តួនាង (ស្ត្រី) តួនាយរោង (បុរស) តួយក្ស និងតួស្វា ព្រមទាំងតួបន្ទាប់បន្សំ មានតួសត្វសុទ្ធតែស្រីៗ ជាអ្នកសម្តែងតួអង្គទាំងនោះ លើកលែងតែតួតាឥសី និងតួត្លុកប៉ុណ្ណោះដែល សម្តែងដោយប្រុសៗ។ ក្រោយមកដោយមានការវិវត្តន៍របស់ទម្រង់សិល្បៈនេះ តួអង្គស្វាត្រូវបានសម្តែង ដោយប្រុសៗរហូតមកដល់សព្វថ្ងៃ។ កាយវិការ និងក្បាច់រាំ​ទាំងនេះ​ នាដករ​ត្រូវ​ហាត់រៀន​យ៉ាងសកម្ម និង ស្ទាត់ជំនាញ អស់រយៈ ពេលជាច្រើនឆ្នាំ ទើបចេះចាំ មានអត្ថន័យដូច​ជាការរំជួលចិត្តនានា ការភ័យភិត ស្នេហា ការសប្បាយរីករាយ ឬ ការខឹងសម្បាជាដើម ។

 របាំ​ព្រះ​រាជ​ទ្រព្យ​ គឺជារបាំក្បាច់បុរាណរបស់កម្ពុជា ដែលមានដើមកំណើត ក្នុងអំឡុងស.វទី៣ នៃគ.សករាជ ដែលប្រហែលជាកើតមានវត្តមានដំណាលគ្នានៃក្រុម ភ្លេងពិណពាទ្យ ក្នុងសម័យកាល អាណាចក្រនគរភ្នំ ។ ឈ្មោះរបាំព្រះរាជទ្រព្យ ដែលមានន័យថា របាំដែលជាទ្រព្យប្រទានរបស់ព្រះរាជា ដែលរាជវង្សខ្មែរ បង្កើតជាទ្រព្យដវិសេស ដើម្បីបង្ហាញពីភាពថ្លៃថ្នូរខ្ពង់ខ្ពស់របស់អ្នករបាំខ្មែរ ដែលជាស្នាព្រះហស្ថ ព្រះមហាក្សត្រីយានី “ស៊ីសុវត្ថិ កុសមៈ នារីរ័ត្នសេរីវឌ្ឍនា” ដែលច្នៃចេញពី របាំក្បាច់បុរាណខ្មែរ ក្នុងរជ្ជកាលស្ដេច នរោត្តម។ របាំព្រះរាជទ្រព្យ ដែលជារបាំ ប្រចាំ ព្រះរាជាណាចក្រកម្ពុជា ដែលមានភាពល្បីល្បាញខាង ប្រណិតភាពនៃសំលៀកបំពាក់ នៃការតុបតែងកាយ បំពាក់គ្រឿង មាសប្រាក់ អមទៅដោយក្បាច់រាំ ដែលមានភាពទន់ភ្លន់ ស្រស់ស្អាតគួរជាទីគយគន់ ដែលមើលទៅហាក់ដូចជារបាំរបស់ពពួកទេវៈ ឬ ទេវតា  ដែលឈានទៅរកលំដាប់ខ្ពស់របស់របាំ ដែលយើងអាចសន្មត់បានថាជា “ស្ដេចរបាំ” ដែលត្រូវបានទទួលស្គាល់ ដោយអន្តរជាតិ ក្នុងការចុះបញ្ជីស្នាដៃរបស់កម្ពុជា ទៅក្នុងបញ្ជីរបេតិភណ្ឌពិភពលោក នៃមរតក វប្បធម៌អរូបីយ តំណាងឲ្យមនុស្សជាតិ របស់អង្គការ (UNESCO) នាថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០០៣ ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner