សម្ដេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា កោតសរសើរកីឡាករខ្មែរ និងបរទេស ក្នុងការប្រកួតកាលពីរាត្រីថ្ងៃទី ៦ ខែវិច្ឆិកា

ភ្នំពេញ៖សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានបង្ហាញការសូមអបអរសាទរ និងកោតសរសើរចំពោះកីឡាករខ្មែរ និងកីឡាករបរទេសទាំងអស់ ដែលបានខិតខំប្រកួតប្រជែងយ៉ាងស្វិតស្វាញ ។

ដោយភ្ជាប់ជាមួយនូវរូបថតជាច្រើនសន្លឹកលើបណ្ដាញសង្គមតេឡេក្រាមផ្លូវការរបស់សម្ដេចធិបតីនារាត្រីថ្ងៃទី ៧ ខែវិច្ឆិកា នេះសម្ដេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជាបានសរសេរថា “កាលពីយប់មិញ ខ្ញុំ ក៏ដូចជាប្រជាពលរដ្ឋខ្មែរជាច្រើនបានតាមដាន​ការប្រកួតប្រដាល់គុនខ្មែរដែលរៀបចំដោយទូរទស្សន៍ TOWN។

សូមអបអរសាទរ និង​កោតសរសើរចំពោះកីឡាករខ្មែរ និងកីឡាករបរទេសទាំងអស់ ដែលបានខិតខំប្រកួតប្រជែងយ៉ាងស្វិតស្វាញ ក្នុងស្មារតីកីឡានិងមិត្តភាព ក្នុងការប្រកួតប្រដាល់គុនខ្មែរកាលពីយប់ម្សិល ដែលរៀបចំដោយស្ថានីយ៍ទូរទស្សន៍ Town។”

សម្ដេចធិបតីបន្តថា “លទ្ធផលឈ្នះចាញ់ គឺជារឿងធម្មតាសម្រាប់កីឡាករ។ អ្វីដែលសំខាន់ គឺកីឡាករ ទាំងអស់ ពិតជាបានប្រឹងប្រែង​ប្រកួត​អស់ពីកម្លាំងកាយចិត្ត និងបញ្ចេញនូវបច្ចេកទេស និងទេពកោសល្យរៀងៗខ្លួន ក្នុងការប្រកួតនោះ ប្រកបដោយស្មារតីមិត្តភាព ការគោរព​គ្នាទៅវិញទៅមក និងប្រកបដោយវិជ្ជាជីវៈ។ជាពិសេស ខ្ញុំមានមោទនភាពចំពោះកីឡាប្រដាល់គុនខ្មែរ និងកីឡាករគុនខ្មែររបស់យើងគ្រប់រូប ក្នុងនោះរួមមាន៖ កីឡាករ រុំ សំណាង (ព្រំ សំណាង), ធឿន ធារ៉ា, រឿង សោភ័ណ្ឌ, ផល សោភ័ណ្ឌ, បឺត សង្ឃឹម និង កីឡាករ ឈុត សេរីវណ្ណថង”៕ដោយ៖ពលជ័យ

ads banner