សម័យប្រឡងបាក់ឌុប៖បេក្ខជនអវត្តមាន ២.៣២៨នាក់, មានបញ្ហាសុខភាព៨៥ករណី
ភ្នំពេញ៖ការប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុប សម័យ ប្រឡង ៖ ០៦ វិច្ឆិកា ២០២៣ បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ពីថ្ងៃទី៦ និងទី៧ ខែវិច្ឆិកា ដោយមានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧.៤១២នាក់( ស្រី៧៣.២៧៨នាក់) ចែកជា ២២៧មណ្ឌល ប្រឡង ត្រូវជា ៥.៥៤៣បន្ទប់។

ក្រសួងអប់រំបានឱ្យដឹងថា ចំនួនគណៈមេប្រយោគទូទាំងប្រទេស និង គណៈកម្មការនានានៅក្នុងដំណើរការសំណេរសរុប ២៩.៥២៥នាក់ ក្នុងនោះទីស្តីការក្រសួង ៤.១២៦នាក់ និងរាជធានី ខេត្ត ២៥.៣៥៥ នាក់ ។ ថ្នាក់ដឹកនាំ មន្រ្តី និងអ្នកសង្កេតការណ៍របស់អង្គភាពប្រឆាំងអំពើ ពុករលួយបានចូលរួមសរុប ៣.០៤០នាក់ ។

ដោយឡែកចំពោះបេក្ខជនអវត្តមានសរុប ២.៣២៨នាក់ (ស្រី៩៣៤នាក់ ) ស្មើនឹង១,៦៩ភាគរយ នៃបេក្ខជនចុះឈ្មោះសរុប (ក្នុងនោះបេក្ខជនស្វៃរិនអវត្តមានចំនួន ១.៨១៤នាក់( ស្រី៧៤៩នាក់)។
បេក្ខជនមានបញ្ហាសុខភាព ៨៥ករណី។ ក្នុងនោះបេក្ខជនមាន បញ្ហា សុខភាពនិងមិនអាចបន្តការប្រឡងបានចំនួន៥ករណី។
ក្រៅ ពីនេះបេក្ខជនដែលមានបញ្ហាសុខភាពទាំងអស់បានបន្ត ការ ប្រឡងជាធម្មតាបន្ទាប់ពីអាការៈបានធូរស្រាល និងក្រោមការយកចិត្ត ទុក ដាក់មើលថែពីក្រុមគ្រូពេទ្យ ។

ក្រសួងអប់រំបានវាយតម្លៃថានៅតាមមណ្ឌលប្រឡងនីមួយៗមានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ព្រមទាំងបាន អនុវត្តតាមសេចក្ដីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ទោះបី ជានៅតាមបណ្ដាខេត្តមួយចំនួនមានភ្លៀងធ្លាក់ក៏ដោយ ប៉ុន្តែមិនបាន ប៉ះពាល់ ដល់ដំណើរការសំណេររបស់បេក្ខជនឡើយ។

គណៈមេប្រយោគទូទាំងប្រទេស គណៈកម្មការអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទ ប្រធាន អនុប្រធានមណ្ឌល គណៈកម្មការកណ្ដាល គណៈកម្មការត្រួតពិនិត្យអគារ និងគណៈកម្មការអនុរក្សបានបំពេញ ការងារ ប្រកបដោយការយកចិត្តទុកដាក់ និងទំនួលខុសត្រូវ និងដោយ មានកិច្ចសហការល្អពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយ សហភាព សហព័ន្ធយុវជនកម្ពុជា ភ្នាក់ងារសុខាភិបាល កងកម្លាំងនិងអាជ្ញាធរមាន សមត្ថកិច្ចពាក់ព័ន្ធ។
បេក្ខជនបានគោរពបទបញ្ញត្តិនៃការប្រឡងបានយ៉ាងល្អ ស្ទើរតែពុំមាន នាំមកជាប់ខ្លួននូវសំណៅឯកសារ និងឧបករណ៍ហាមឃាត់។ បេក្ខជន ប្រព្រឹត្តកំហុសឆ្គងមាន១ករណីគត់ ។
ក្រសួងអប់រំបានបញ្ជាក់ថា ដំណើរការសំណេរនៃការប្រឡង សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ បានបញ្ចប់ ទៅនៅម៉ោង ១៦:៣០ រសៀល ថ្ងៃទី៧ ខែវិច្ឆិកា។ ហឹបសំណៅកិច្ចការបេក្ខជននិងសំណុំឯកសារពាក់ព័ន្ធការប្រឡងនឹងត្រូវត្រួតពិនិត្យដោយហ្មត់ចត់បំផុត ហើយត្រូវបញ្ជូនមកកាន់ រាជធានី ភ្នំពេញដើម្បីបន្តដំណើរការកំណែ។

ជាមួយគ្នានេះក្រសួងអប់រំបានធ្វើការសរុបលទ្ធផលនៃដំណើរការប្រឡងនេះថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ បានប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន និងស្របតាម គោលការណ៍ “អ្នកចេះគឺជាប់”។ដ
តាមការគ្រោងទុកលទ្ធផលប្រឡងនឹងត្រូវប្រកាស នៅតាមមណ្ឌល ប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា និងនៅតាមមណ្ឌលប្រឡងក្នុងខេត្តផ្សេងទៀត នាថ្ងៃទី២៨ ខែវិច្ឆិកានិងផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា MoEYS Cambodia ៕ដោយ៖ម៉ាដេប៉ូ