ក្រសួងការងារ បង្កើតមជ្ឈមណ្ឌលការងារចល័ត ដើម្បីផ្សព្វផ្សាយពីឱកាសការងារដល់មូលដ្ឋាន
(ភ្នំពេញ)៖ ក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយឱកាសការងារដ៏សម្បូរបែបដល់មូលដ្ឋាន ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបង្កើតមជ្ឈមណ្ឌលការងារចល័តមួយ ក្នុងនោះសិស្សនិស្សិត និងសាធារណជនបានអបអរសារទរនិងបានលើកឡើងថាការផ្សព្វផ្សាយឱកាសការងារដល់មូលដ្ឋាននេះគឺមានភាពងាយស្រួល ឆាប់រហ័ស និងទទួលបានការប្រឹក្សាយោបល់ពីការស្វែងរកការងារធ្វើដោយផ្ទាល់ ។
ក្រៅពីការរៀបចំវេទិកាការងារ និង ពិព័រណ៍ការងារ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA)នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបាមប្រមូលនិងផ្សព្វផ្សាយព័ត៌មានជ្រើសរើសកម្លាំងពលកម្មតាមរយៈមធ្យោបាយជាច្រើន ដូចជាតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក និងបណ្តាញសង្គមផ្សេងៗ ក្នុងនោះក៏មានការផ្សព្វផ្សាយទៅដល់មូលដ្ឋានផ្ទាល់តាមរយៈរថយន្តចល័តផងដែរ ។
រថយន្តចល័តរបស់ NEA បានចេញដំណើរជារៀងរាល់ថ្ងៃទៅតាមទីតាំងមូលដ្ឋាននានាដោយសហការជាមួយសហភាពសហព័ន្ឋយុវជនកម្ពុជា( ស.ស.យ.ក.) ដើម្បីចុះទៅផ្សព្វផ្សាយព័ត៌មានពីឱកាសការងារក្នុងស្រុកយ៉ាងសម្បូរបែបនិងចុះឈ្មោះប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ ។
និស្សិតមួយរូប ឈ្មោះ អ៊ុត ជីណា ជានិស្សិតឆ្នាំទី ១ នៃវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត យល់ឃើញថាការចុះផ្សព្វផ្សាយផ្ទាល់ពីNEA មានភាពងាយស្រួលក្នុងការទទួលបានព័ត៌មានទីផ្សារការងារព្រោះ NEA បាននាំមកនូវដំណឹងឱកាសការងារក្រុមហ៊ុនផ្សេងៗ ដែលនិស្សិតរូបមិនដឹងព្រមទាំងទទួលបានបទពិសោធន៍ក្នុងការរៀបចំប្រវត្តិរូបសង្ខេបCV និងការត្រៀមខ្លួនចាប់យកឱកាសការងារនាពលេអនាគត។
និស្សិតរូបនេះនិយាយថា៖ « ខ្ញុំសប្បាយរីករាយ និងអរគុណដល់ក្រុមការងារ NEA ដែលបានចុះផ្សព្វផ្សាយដោយផ្ទាល់នៅសាលា ធ្វើឲ្យពួកខ្ញុំជានិស្សិតទទួលព័ត៌មានទីផ្សារការងារ និងរបៀបត្រៀមខ្លួនដើម្បីទទួលបានការងារ»។
ចំណែកឯនិស្សិតម្នាក់ទៀតឈ្មោះ ផាន់ សុខសីរ៉ានុត ជានិស្សិតឆ្នាំទី១ ជំនាញផ្នែកធនាគារ និងហិរញ្ញវត្ថុនៃវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តក៏បានលើកឡើងផងដែរ កន្លងមកនិស្សិតរូបនេះស្រាវជ្រាវព័ត៌មានទីផ្សារការងារតាមរយៈផេក បណ្តាញសង្គមផ្សេងៗ តែនៅពេល NEA មកដល់ផ្ទាល់ គឺជាឱកាសមួយបានជួបផ្ទាល់ពីការប្រឹក្សាយោបល់ស្វែងរកការងារធ្វើផងដែរ ។
សម្រាប់ប្រជាពលរដ្ឋម្នាក់ឈ្មោះ ហ៊េល រចនា រស់នៅក្នុងភូមិត្រពាំងថ្លឹង២សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ បាននិយាយថា ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារពីNEA ដោយផ្ទាល់ គឺបានដឹងភ្លាមៗពីទីផ្សារការងារដែលក្រុមហ៊ុនកំពុងជ្រើសរើសបុគ្គលិក ហើយអ្នកស្រីនឹងបន្តផ្សព្វផ្សាយដល់បងប្អូន និងក្រុមគ្រួសារបន្តដែលកំពុងស្វែងរកការងារធ្វើ ។
យោងតាម NEA បានឲ្យដឹងថា មជ្ឈមណ្ឌលការងារចល័ត បង្កើតឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ និង ផ្សព្វផ្សាយសេវាការងារបស់ទីភ្នាក់ងារជាតិមុខរបរនិងការងារ ( NEA) ដល់ជនគោលដៅរួមមាន យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ ។
មជ្ឈមណ្ឌលការងារចល័តមានផ្តល់សេវាចុះឈ្មោះអ្នកស្វែងរកការងារដល់មូលដ្ឋាន ផ្តល់សេវាប្រឹក្សាយោបល់ការងារ និង អាជីព និងបណ្ណាល័យការងារ ផ្តល់ព័ត៌មានអប់រំ បណ្តុះបណ្តាលជំនាញ និងវិជ្ជាជីវៈដែលទីផ្សារការងារកំពុងមានតម្រូវការ និងទទួលបានការស្វែងរកការងារកាន់តែងាយស្រួល និងឆាប់រហ័សជាមួយមជ្ឈមណ្ឌលការងារចល័តរបស់NEAផងដែរ ។
ទន្ទឹមនឹងនេះក្រសួងបានបន្តយកចិត្តទុកដាក់ក្នុងការងារពង្រឹងយន្តការផ្តល់សេវាមុខរបរ និងការងារឲ្យកាន់តែមានវិសាលភាពគ្រប់ដណ្តប់ទូលំទូលាយ និង ខិតជិតអ្នកប្រើប្រាស់សេវាប្រកបដោយមានប្រសិទ្ឋភាព តាមរយៈមជ្ឈមណ្ឌលការងាររាជធានី ខេត្ត មជ្ឈមណ្ឌលការងារចល័ត គេហទំព័រ កម្មវិធីលើទូរស័ព្ទ និងបណ្តាញទំនាក់ទំនងសង្គម ព្រមទាំងវេទិកាការងារ ។
យោងតាមរបាយការណ៍របស់ក្រសួងការងារបានឲ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៣ ក្រសួងសម្រេចបាន ចុះឈ្មោះអ្នកស្វែងរកការងារចំនួន ១១,១៧២នាក់ ហើយមានអ្នកទទួលបានការងារធ្វើចំនួន ១,៤៧២ នាក់ និងមានអ្នកស្វែងរកការងារធ្វើទទួលបានសេវាប្រឹក្សាយោបល់អាជីពការងារ និងវិជ្ជាជីវៈ ១៣,៣២០ នាក់។ បន្ថែមលើសនេះ NEA ក៏មានការរៀបចំពិព័រណ៍ការងារចល័ត បានចំនួន ៥៦ដង មានអ្នកចូលរួមសរុបចំនួន ១៦,៧០០នាក់ និងបានរៀបចំវេទិកាការងារបានចំនួន ២៨ដងដែលមានចូលរួមសរុបចំនួន ៨,០៤៩នាក់ ៕
ដោយ ៖ វណ្ណលុក